ការពន្យារពេល​វិលត្រឡប់​របស់លោក សម រង្ស៊ី គឺ​ស្របទៅតាម​ស្ថានភាព​ជាក់ស្តែង​

​ការដែល​លោក សម រង្ស៊ី សម្រេច​ពន្យារពេល​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​វាយតម្លៃថា ជាការ​សម្រេចចិត្ត​ត្រឹមត្រូវ​ស្របតាម​ស្ថានការណ៍​ជាក់ស្តែង ដើម្បី​បញ្ចៀស​បាន​នូវ​អំពើហិង្សា​ដែល​អាច​កើតឡើង​នៅពេល​សមត្ថកិច្ច​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់ខ្លួន​លោក​។ លោក ប្រេដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ចាត់ទុកថា ការសម្រេចចិត្ត​របស់​លោក សម រង្ស៊ី ដែល​ផ្អាក​ធ្វើដំណើរ​មក​កម្ពុជា​វិញ គឺជា​ការសម្រេចចិត្ត​ត្រឹមត្រូវ​ហើយ​អាច​បញ្ចៀស​បាន​នូវ​ឧបទ្ទវហេតុ​ណាមួយ ព្រោះ​រដ្ឋាភិបាល​បាន​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​ទ្រង់ទ្រាយ​ធំ​ក្នុងការ​ចាប់ខ្លួន​លោក សម រង្ស៊ី​។

លោក ប្រេដ អាដាម បាន​បញ្ជាក់ថា អ្នកសារព័ត៌មាន មន្ត្រី​សិទ្ធិ​មនុស្សជាតិ​និង​អន្តរជាតិ តំណាង​អង្គការសហប្រជាជាតិ​និង​មន្ត្រីការទូត​ត្រូវតែមាន​វត្តមាន​តាមដាន និង​យក​ព័ត៌មាន​នៅពេល​លោក សម រង្ស៊ី វិល​ត្រឡប់មក​កម្ពុជា​វិញ​ដើម្បី​ជា​សាក្សី ប្រសិនបើ​មាន​អំពើហិង្សា​កើតឡើង​លើ​លោក សម រង្ស៊ី​។ លោក ប្រេដ អាដាម បាន​ថ្លែងថា​«​ខ្ញុំ​គិតថា​ការមិន​វិល​ត្រឡប់មក​កម្ពុជា​ពេលយប់ ជាការ​ឆ្លាត​វៃ​មួយ​ពីព្រោះ​រដ្ឋាភិបាល​ពិតជា​កំពុង​ស្វែងរក​លោក វា​អាច​គ្រោះថ្នាក់​ដែល​ឈានទៅ​កើតមាន​អំពើហិង្សា​។ ខ្ញុំ​គិតថា​វា​ជាការ​ឆ្លាត​វៃ​ដែល​លោក​ធ្វើដំណើរ​មក​ពេល​ថ្ងៃ ដែល​យើង​អាច​មើលឃើញ​។ អ្នកសារព័ត៌មាន អ្នកការទូត អង្គការសហប្រជាជាតិ អាចមាន​វត្ត​មាននៅ​ទីនោះ​ដើម្បី​សង្កេតការណ៍ ប្រសិនបើ​មាន​អំពើហិង្សា​ណាមួយ​កើតឡើង​»​។

ការលើកឡើង​របស់លោក ប្រេដ អាដាម បែបនេះ​កើតមាន​ក្រោយពេល​លោក សម រង្ស៊ី ពន្យារ​ការវិលត្រឡប់​កាលពី​យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​ផ្អែកទៅលើ​យោបល់​របស់​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​។ សូម​បញ្ជាក់ដែរថា ស្ថានទូត​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​ជំរុញ​ឲ្យ​រដ្ឋសភា​កម្ពុជា ប្រគល់​សមាជិកភាព​ស​ភា​និង​អភ័យឯកសិទ្ធិសភា​ទៅ​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដកចេញ​នូវ​ដីកា​តាម​ចាប់ខ្លួន​លោក សម រង្ស៊ី ផងដែរ​។ ទាក់ទង​នឹង​បញ្ហា​នេះ​លោក ប្រេដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​លើកឡើងថា លោក ហ៊ុន សែន បាន​បង្កើត​កំហុស​មួយ​ដ៏​ធំ ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​លោក សម រង្ស៊ី នៅ​មុនពេល​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​២៧ នៅ​ប្រទេស​ម៉ាឡេស៊ី​។ នៅក្នុង​កិច្ចប្រជុំ​នោះ​ប្រទេស​ជា​សមាជិក​អាស៊ាន​អាច​លើកយក​បញ្ហា​កម្ពុជា​ទៅ​ជជែក ពីព្រោះ​គេ​ធុញថប់​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស ក៏ដូចជា​ការធ្វើ​បា​បគ​ណ​បក្សប្រឆាំង​នៅ​កម្ពុជា​៕

130613-brad-adamsលោក ប្រេដ អាដាម   12219513_1494411647526644_8720810008105302581_n 12243548_1494411627526646_1277745355917897478_n