ភាគហ៊ុន​ទេសចរណ៍​រាប់​ប៊ី​លាន​ត្រូវ​លុប​ចោល បន្ទាប់​ពី​ផ្ទុះ​ភេរវកម្ម​នៅ​ប៉ា​រី​ស

ប្រទេស​អង់គ្លេស ៖ កាលពី​ថ្ងៃ​ចន្ទ​នេះ ផ្សារ​ហ៊ុន​អឺរ៉ុប​បាន​ស្ថិត​ក្នុង​អត្រា​ថេរ​មួយ​ដែល​គាំទ្រ​ដោយ​កំណើន​វិស័យ​ថាមពល និង​ទូទាត់​ជាមួយ​ការ​ធ្លាក់​ចុះ​ក្នុង​ផ្សារ​ហ៊ុន​ទេសចរណ៍ ដោយសារ​តែ​ការ​វាយប្រហារ​របស់​ពួក​ភេរវ​ករ​នៅ​ទី​ក្រុងប៉ារីស កាលពី​ថ្ងៃ​សុក្រ​កន្លង​មក ។

ហ៊ុន​ថាមពល​បាន​កើនឡើង​លឿន​ជាង​ហ៊ុន​របស់​អ្នក​ពង្រីក​ទីផ្សារ​ទៅ​ទៀត ។ វា​ត្រូវ​បាន​បំប៉ោង​ដោយ​ទស្សនវិស័យ​នៃ​តម្លៃ​ប្រេង​ខ្ពស់​ជាង​មុន ផ្អែក​តាម​ការ​បង្កើន​ការ​សម្រេច​កិច្ចព្រមព្រៀង​ដែនអាកាស​របស់​បារាំង​លើ​ទិស​ដៅ​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ប្រទេស​ស៊ី​រី ។

ភាគហ៊ុន​បារាំង​បាន​ចុះ​ខ្សោយ​បន្តិច​ក្នុងអំឡុងពេល​ទីផ្សារ​បាន​បើក​ឡើង​វិញ​ជា​លើក​ដំបូង ចាប់​តាំង​មានការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត និង​ការ​បាញ់ប្រហារ​ដោយ​យោធា​អ៊ិ​ស្លា​ម ដោយ​បាន​ផ្តាច់ជីវិត​មនុស្ស​អស់​ចំនួន​១២៩​នាក់ ។

ហ៊ុន​ក្នុង​រង្វង់​ទឹកប្រាក់​២,៣​ប៊ី​លាន​អឺ​រ៉ូ ត្រូវ​បាន​លុប​ចោល​ក្នុង​ស​ន្ទ​ស្សន៍ STOXX 60 Travel & Leisure ដោយសារ​ការ​ភ័យ​ខ្លាច​ថា​វិស័យ​នេះ​អាច​នឹង​អន្តរាយ​ដោយសារ​ការ​បាត់បង់​ការ​ជឿជាក់​ពី​សំណាក់​អតិថិជន ។

ភាគហ៊ុន​ក្នុង​សណ្ឋាគារ Accor បារាំង​បាន​ធ្លាក់​ចុះ​៤,៧%, Air France ធ្លាក់​ចុះ​៥,៧%​ខណៈ​ហ៊ុន Eurotunnel និង Aeroports de Paris ដែល​ជា​ប្រតិបត្តិ​ករ​អាកាសយានដ្ឋាន Orly និង Charles De Gaulle ប្រចាំ​ក្រុងប៉ារីស ក៏​ធ្លាក់​ចុះ​ជាង​៣,៨% ដែរ ។

ចំណែក​ហ៊ុន​ជួញដូរ​វត្ថុ​ប្រណីត (Luxury) ក៏​ស្ថិត​ក្រោម​សម្ពាធ​ដែរ ។ Hermes, LVMH និង Kering ដែល​ជា​ផ្នែក​មួយ​ដ៏​ធំ​សម្រាប់​ការ​លក់​ហ៊ុន​របស់​ពួក​គេ​ពី​សំណាក់​អ្នកទេសចរ​បរទេស​ក្នុង​ក្រុងប៉ារីស ក៏​ធ្លាក់​ចុះ​០,៧% ទៅ​១,៤% ដែរ ។

អ្នកគ្រប់គ្រង​មូល​ធិ​និ​របស់ Roche Brune Asset Management លោក Gregoire Laverne មាន​ប្រសាសន៍​ថា ៖ «​ក្រុងប៉ារីស​ស្ថិត​ក្នុង​ចំណោម​ក្រុង​ដ៏​សំខាន់​ជាងគេ​បំផុត​ក្នុង​ការ​ចំណាយ​លើ​មុខទំនិញ​ប្រណីត ហើយ​ក៏​ជាទី​តាំង​មិន​អំណោយផល​ល្អ​ដែរ បន្ទាប់​ពី​មានការ​វាយប្រហារ​នា​ប៉ុន្មាន​ស​ប្តា​ហ៍​មុន មុន​ឈាន​ចូល​រដូវ​កាល​បុណ្យ​គ្រិស្ត​ស្មាស់ ដែល​ជា​ពេល​មាន​អំណោយផល​ល្អ​សម្រាប់​អ្នក​លក់រាយ ។ ការ​វាយប្រហារ​នេះ​ច្បាស់​ជា​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ក្នុង​រយៈពេល​វែង​លើ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​បារាំង​ជា​មិន​ខាន ។ គ្រប់​វិស័យ​ទាំងអស់​បាន​ពឹងផ្អែក​ទៅ​លើ​អ្នកទេសចរ ប៉ុន្តែ​វា​មិន​ទាន់​បាន​វាស់​ស្ទង់​នៅឡើយ​ទេ បើទុកជា​ទីផ្សារ​មាន​ទំនោរ​ទៅ​រក​ការ​ព្យាករ​នូវ​សេណា​រី​យ៉ូ​ដ៏​អាក្រក់​បំផុត​ក៏​ដោយ​» ។

ទោះជា​យ៉ាងណា វិស័យ​ហ៊ុន​ថាមពល​នៅ​តែ​មាន​ភាព​វិជ្ជមាន​ដដែល ទោះបីជា​តម្លៃ​ប្រេង​បាន​វិល​ទៅ​រក​ភាព​អវិជ្ជមាន​ក៏​ដោយ​ចុះ​។ ពាណិជ្ជករ​មួយ​ចំនួន​លើក​ឡើង​ថា ហ៊ុន​ប្រេង​បាន​ធ្លាក់​ចុះ​ក្នុង​រង្វង់​២០% ចាប់តាំងពី​ខែមេសា​មក ៕​