វៀតណាម ថៃ និង​ម៉ា​ឡេ​ស៊ី នឹង​សម្រួល​ទិដ្ឋាការ​ចំពោះ​ភ្ញៀវ​ទេសចរ​ចិន

ប្រទេស​ចិន ៖ ប្រទេស​ជិតខាង​របស់​ចិន​ចំនួន​៣ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ កំពុង​តែ​សម្រួល​របប​ទិដ្ឋាការ​របស់​ពួក​គេ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ឲ្យ​ចូល​ទស្សនា​ប្រទេស​របស់​ខ្លួន​កាន់តែ​ច្រើន​ឡើង ។

ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​បាន​ប្រកាស​ផ្លាស់​ប្តូរ​តម្លៃ​ពាក្យ​ស្នើ​សុំ​ទិដ្ឋាការ​របស់​ភ្ញៀវ​ទេសចរ​ចិន​ក្នុង​កម្រិត​ទាប​ជាង​មុន ដើម្បី​បោះ​ជំហាន​ថ្មី​លើ​ការ​ជំរុញ​វិស័យ​ទេសចរណ៍​របស់​ខ្លួន ។ គិត​ចាប់ពី​ថ្ងៃ​ទី​២៣ វិច្ឆិកា តទៅ តម្លៃ​ទិដ្ឋាការ​របស់​ភ្ញៀវ​ទេសចរ​ចិន នឹង​ត្រូវ​កែសម្រួល​ពី​៤៥​ដុល្លារ​ក្នុង​ម្នាក់​មក​នៅ​ត្រឹម​២៥​ដុល្លារ និង​ពី​៩៥​ដុល្លារ​មក​ត្រឹម​៥០​ដុល្លារ​វិញ​សម្រាប់​អ្នក​ចូល​ទស្សនា​ច្រើន​នាក់​ក្នុង​រយៈពេល​៣​ខែ ។

លើស​ពី​នេះ​ទៀត ជើងហោះហើរ​ដោយ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ ក៏​ត្រូវ​ពង្រីក​បន្ថែម​ផង​ដែរ ក្នុង​នោះ​ជើងហោះហើរ​ត្រង់​ពី​ក្រុង​សៀង​ហៃ​មក NhaTrang ដែល​ជា​ទិស​ដៅ​ទេសចរណ៍​មាន​ប្រជាប្រិយភាព​នោះ ក៏​គ្រោង​ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​នៅ​ដើមឆ្នាំ​២០១៦ ផង​ដែរ​។ ចំណែក​រយៈពេល​ការ​ហោះហើរ​ត្រឹមតែ​ជាង​៤​ម៉ោង​ប៉ុណ្ណោះ​ពី​ក្រុង​សៀង​ហៃ មក NhaTrang ។

ចំណែក​ជើងហោះហើរ​មក​កាន់​ក្រុង​ដា​ណា​ង​របស់​វៀតណាម ដែល​ចេញដំណើរ​ពី​ក្រុង​ប៉េ​កាំ​ង សៀង​ហៃ និង​ក្វា​ង​ចូ​វ ក៏​បាន​ប្រតិបត្តិការ​រួចរាល់​ហើយ​ដែរ ។ បច្ចុប្បន្ន ចិន​គឺជា​ប្រទេស​ដែល​មាន​អ្នកទេសចរ​ចំនួន​ច្រើន​ជាងគេ​បំផុត​របស់​វៀតណាម ក្នុង​ចំណោម​អ្នកទេសចរ​៥​នាក់​ដែល​មក​ទស្សនា​វៀតណាម ក្នុង​នោះ​មាន​ម្នាក់​ជា​ជនជាតិ​ចិន ។
យោង​តាម​ទិន្នន័យ​ផ្លូវការ​របស់​វៀតណាម​បង្ហាញ​ថា អ្នកទេសចរ​ជនជាតិ​ចិន​ប្រមាណ​ជាង​៨០​ម៉ឺន​នាក់​បាន​មក​ទស្សនា​វៀតណាម​ក្នុងអំឡុងពេល​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៥​នេះ ស្មើនឹង​២០% នៃ​បរិមាណ​អ្នកទេសចរ​សរុប​ដែល​មក​កម្សាន្ត​នៅ​វៀតណាម ។

គិត​ចាប់ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា តទៅ ប្រទេស​ថៃ​នឹង​ចេញ​នូវ​ទិដ្ឋាការ​ចូល​ប្រទេស​របស់​ខ្លួន​បាន​ច្រើន​លើក​ដល់​អ្នកទេសចរ​ចិន ដែល​មាន​សុពលភាព​រយៈពេល​៦​ខែ ។
ចាប់តាំងពី​ថ្ងៃ​ទី​១៣ វិច្ឆិកា​មក នឹង​បែងចែក​ទិដ្ឋាការ​ជា​២​ប្រភេទ​គឺ ៖ ១-​ទិដ្ឋាការ​ចូល​តែ​ម្នាក់ឯង មាន​សុពលភាព​៣​ខែ ត្រូវ​ចំណាយ​៣៦​ដុល្លារ ២-​ទិដ្ឋាការ​ចូល​បាន​ច្រើន​ដង និង​ត្រូវ​ចំណាយ​១៩០​ដុល្លារ ។

ចំណែក​ប្រទេស​ម៉ា​ឡេ​ស៊ី​វិញ ក៏​បាន​ប្រកាស​ពី​គម្រោង​សម្រួល​គោលនយោបាយ​ក្នុង​ការ​ផ្តល់​ទិដ្ឋាការ​ឥត​គិតថ្លៃ​បន្ថែម​ទៀត​ដល់​ភ្ញៀវ​ទេសចរ​ផង​ដែរ ។ ចាប់ពី​រង្វង់​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​២០១៦​ទៅ ភ្ញៀវ​ទេសចរ​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទទួល​បានការ​លើកលែង​ទិដ្ឋាការ ប្រសិនបើ​ពួក​គេ​មក​ទស្សនា​ជា​ក្រុម ឬ​ចាប់ពី​២​នាក់​ឡើង​ទៅ ។

ប៉ុន្តែ​លក្ខខណ្ឌ​បន្ថែម​នេះ ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​សម្រាប់​អ្នកទេសចរ​ដែល​ទិញ​កញ្ចប់​ទេសចរណ៍​អនុម័ត​ដោយរ​ដ្ឋា​- ភិ​បាល​ចិន និង​ម៉ា​ឡេ​ស៊ី​តែ​បុ​៉​ណ្ណោះ ។ ចំណែក​ព័ត៌មាន​លម្អិត គឺ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ។

ការ​កែប្រែ​ថ្មី​នេះ​បាន​ធ្វើ​ឡើង​៥​ខែ បន្ទាប់​ពី​សិង្ហ​បុរី​បាន​អនុគ្រោះ​ដល់​គោលដៅ​អាស៊ី​អាគ្នេយ៍​ដល់​អ្នកទេសចរ ដែល​បាន​ចេញ​គោលការណ៍​ដើម្បី​ផ្តល់​ទិដ្ឋាការ​ដល់​អ្នក​ចូល​ប្រទេស​ច្រើន​លើក ហើយ​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​ច្រើន​ដង​ក្នុងអំឡុងពេល​សុពលភាព​១០​ឆ្នាំ ។

ក្រៅពី​នេះ ប្រសិនជា​ជនជាតិ​ចិន​ត្រូវ​បាន​កំណត់​ទិដ្ឋាការ​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​បាន​ច្រើន​លើក​នោះ ភរិយា ស្វាមី និង​កូន​របស់​ពួក​គេ ដែល​មាន​វ័យ​២១​ឆ្នាំ ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ដែរ ។

តាម​ទិន្នន័យ​ពី​ការិយាល័យ​ទេសចរណ៍​សិង្ហ​បុរី​បង្ហាញ​ថា អ្នកទេសចរ​ចិន គឺជា​ទីផ្សារ​ដ៏​ធំ​ជាងគេ​បំផុត​ទី​២​របស់​សិង្ហ​បុរី ក្នុង​ចំណោម​អ្នក​ចូល​មក​ទស្សនា​ប្រទេស​នេះ​ចំនួន​១,៤៦​លាន​នាក់​នា​រយៈពេល​៨​ខែ​ដំបូង​ក្នុងឆ្នាំនេះ ៕