ខណ្ឌដូនពេញ​ប្រមូល​ជនអនាថា​និង​ស្ត្រី​រក​ស៊ីផ្លូវភេទ​៦១​នាក់

​រាជ​ធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​ ​អកអំបុក សំពះ​ព្រះ​ខែ ​នា​ពេល​ខាង​មុខ​នេះ​ និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ គ​ណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​ កម្លាំង​ប្រជា​ការពារ​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ កងរាជអាវុធហត្ថ ​និង​នគរបាល​ បាន​បើក​យុទ្ធនាការ​ប្រមូល​ជនអនាថា​ និង​ស្ត្រី​រក​ស៊ីផ្លូវភេទ​ដែល​ស្នាក់​នៅ​តាម​រមណីយដ្ឋាន សួនច្បារ ​និង​វត្ត​អារាម ​កាលពី​វេលាម៉ោង​៣ទៀប​​ភ្លឺ​ថ្ងៃ​ទី​១៨ ​​វិ​ច្ឆិ​កា ​​២០១៥ ​ហើយ​យុទ្ធនាការ​នេះ​ក៏​មិនមែន​ជា​លើក​ទី​១​ដែរ ។

មន្ត្រី​សាលា​ខណ្ឌដូនពេញ​ បាន​ឲ្យ​ដឹង​ថា ​យោង​តាម​បទបញ្ជា​​របស់​លោក ​គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ ​នៅ​វេលា​ទៀប​​ភ្លឺ​ថ្ងៃ​ទី​១៨​​ ​វិ​ច្ឆិ​កា​ ​គ​ណៈកម្ម​ការ​ចម្រុះ​​ដឹក​នាំ​ដោយ​លោក ​សុខ ពេញ​វុ​ធ អភិបាលរង​ខណ្ឌ​ បាន​​​​បើក​​យុទ្ធនាការ​ចុះ​ប្រមូល​ជនអនាថា​ និង​ស្ត្រី​រក​ស៊ី​ផ្លូវភេទ​ ដើម្បី​​រៀប​ចំ​​សន្តិសុខ​សណ្តាប់ធ្នាប់​សា​ធារ​ណៈក៏​ដូច​ជា​ការ​ចូលរួម​អបអរសាទរ​ព្រះ​រាជ​ពិធី​​បុណ្យ​​ អកអំបុក ​និង​សំពះ​ព្រះ​ខែ​ ​។ ជា​លទ្ធផល​ ជនអនាថា អ្នក​សុំទាន​ និង​ស្ត្រី​រក​ស៊ី​​ផ្លូវភេទ​ចំនួន​៦១​នាក់​ ក្នុង​នោះ​ស្ត្រី​២២​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន ​​។

​ក្រោយ​ការ​ឃាត់​ខ្លួន ​អ្នក​ទាំង​៦១នាក់​នោះ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌដូនពេញ​ប្រគល់​ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញនា​ព្រឹក​ថ្ងៃទី​១៨ វិច្ឆិកា ដើម្បីធ្វើការ​អប់រំ ណែនាំ ក៏​ដូច​ជា​ជួយ​ស្វែងរក​មុខរបរ​ថ្មីជូន​ពួក​គេ​ផង​ដែរ ។ ​​ដើម្បី​​​សោ​ភ័​ណភាព​​​ទីក្រុង​​ រក្សា​សុវត្ថិភាព សណ្ដាប់ធ្នាប់​នៅ​ក្នុង​រាជធានីភ្នំពេញ​ ជា​ពិសេស​ខណ្ឌដូនពេញ ដែល​មាន​អភិបាល​ខណ្ឌ​ លោក គួ​ច ចំរើន ក្នុង​នាម​ជា​ប្រធាន​គណៈ​បញ្ជាការឯកភាពបាន​បញ្ជា​ឱ្យ​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ អាជ្ញាធរ​មូលដ្ឋាន​ និង​មន្ដ្រី​ពាក់ព័ន្ធ​ចុះ​យុទ្ធនា​ការ​ប្រមូល​ជនអនាថា និង​ស្ដ្រី​រកស៊ីផ្លូវភេទ អ្នក​ញៀន​ថ្នាំ ​​ស្នាក់​នៅ​តាម​ទី​សា​ធារ​ណៈ ដែល​តែងតែ​កើត​មាន​ឡើង ​​ពិសេសនៅជុំវិញ​បរិវេណ​រមណីយដ្ឋាន​វត្តភ្នំ​​តែ​ម្ដង ។

មន្ត្រី​សាលា​ខណ្ឌដូនពេញ​ក៏​បាន​សំណូមពរ​ដល់​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ និង​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​ និង​មិន​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​ទាំងនោះ​វិល​ត្រឡប់​មក​វិញ​ម្តង​ទៀត​​ឡើយ​ ។​ ​ព្រោះ​​កន្លង​មក ​ក្រុម​ទាំងនេះ​តែងតែ​បង្ក​ភាព​អសន្តិសុខ សណ្តាប់ធ្នាប់​ដល់​សង្គម ​ពិសេស​​ប៉ះ​ពាល់​​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​​យ៉ាង​​ធ្ងន់ធ្ងរ ​៕​