កំណើន​ភ្ញៀវ​ទេសចរ​ចិន​ជំរុញ​ឱ្យ​មានការ​វិនិយោគ​ពី​ចិន​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ កំណើន​ភ្ញៀវ​ទេសចរ​ចិន​ដែល​មក​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា បាន​និង​កំពុង​ជំរុញ​ដល់​វិនិយោគិន​ចិន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ឡើង ព្រមទាំង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ផង​ដែរ ។ បច្ចុប្បន្ន ការ​វិនិយោគ​របស់​ចិន រួម​មាន ភោជនីយដ្ឋាន សណ្ឋាគារ ទីភ្នាក់ងារ​ទេសចរណ៍ ផ្សារ​ទំនើប ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ និង​វិស័យ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

ទីប្រឹក្សា​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​អតីត​ប្រធាន​ក្រុមការងារ​ឯកជន​ផ្នែក​ទេសចរណ៍ លោក ហូ វ​ណ្ឌី បាន​មាន​ប្រសាសន៍​ថា ៖ «​សព្វ​ថ្ងៃនេះ ចំនួន​ភ្ញៀវ​ទេសចរ​ចិន​កំពុង​តែ​មាន​សន្ទុះ​ខ្លាំង​ជាងគេ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ទាំង​១០​ប្រទេស​ដែល​បាន​មក​ទស្សនា​នៅ​កម្ពុជា​» ។

យោង​តាម​ស្ថិតិ​របស់​ការិយាល័យ​ទេសចរណ៍​ក្រុង​សៀមរាប​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៩​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៥ ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ប្រាសាទអង្គរវត្ត មានការ​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​១០​ឆ្នាំ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ចិន​បាន​កើនឡើង​រហូត​ដល់​ប្រមាណ​៣០​ម៉ឺន​នាក់ ។ ក្នុង​រយៈពេល​៨​ខែ​កន្លង​មកនេះ ភ្ញៀវ​ទេសចរ​ចិន​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា បាន​កើនឡើង​ចំនួន​២៦​ភាគរយ ។

ចំណែក​ក្រុងព្រះសីហនុ ភ្ញៀវ​ទេសចរ​ចិន​បាន​ជាប់​ចំណាត់​លេខ​១ ដែល​មាន​ចំនួន​៣​ម៉ឺន​នាក់​ក្នុង​ចំណោម​ភ្ញៀវ​សរុប​២៧​ម៉ឺន​នាក់ ។

លោក វ​ណ្ឌី បន្ត​ថា ៖ «​បច្ចុប្បន្ន វិនិយោគិន​ចិន​បាន​មក​វិនិយោគ​ដើម្បី​ទទួលភ្ញៀវ​ចិន​ដូច​គ្នា ហើយ​វិនិយោគិន​កូរ៉េ ក៏​បាន​មក​វិនិយោគ​ជាមួយ​ភ្ញៀវ​កូរ៉េ​ដូច​គ្នា​ដែរ​» ។

យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឱ្យ​ដឹង​ថា ចាប់តាំងពី​១៩៩៤ ដល់​ឆ្នាំ​២០១៥ គម្រោង​វិនិយោគ​ចិន​នៅ​កម្ពុជា មាន​តម្លៃ​ប្រមាណ​ជា​១០​ប៊ី​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ចិន​ក្លាយជា​ប្រទេស​ឈានមុខ​គេ​ទី​១​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា បន្ទាប់​មក​គឺ​កូរ៉េ ។ កំណើន​នៃ​ការ​វិនិយោគ​របស់​ចិន បាន​ដើរ​ទន្ទឹម​គ្នា​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ចិន​នៅ​កម្ពុជា​ដែរ ។

លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី (PATA) មាន​ប្រសាសន៍​ថា នៅ​ពេល​ណា​មាន​ភ្ញៀវ​ទេសចរ​ចិន​ឆ្លងកាត់​ច្រើន ក្រៅពី​កំណើន​ចំណេញ​សេដ្ឋកិច្ច វា​បង្កើន​នូវ​វិនិយោគ និង​ទំនាក់ទំនង​។ ពួក​គាត់​នឹង​មើលឃើញ​ឱកាស​វិនិយោគ ឱកាស​រកស៊ី ឱកាស​នាំ​ទំនិញ និង​ឱកាស​នាំ​ទំនិញ​កម្ពុជា​ទៅ​ស្រុក​គាត់​។

លោក អាង គឹ​ម​អៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ក៏​បាន​បញ្ជាក់​ឡើង​ថា ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​មាន​គ្រប់​ប្រភេទ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ចិន​ក៏​បាន​ចូលរួម​ទាក់ទាញ​វិនិយោគិន​ពី​ប្រទេស​ចិន​បាន​ច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​ដែរ ។

ជាក់ស្តែង ក្នុង​ការ​ចូលរួម​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន ក្រុមហ៊ុន China Duty Free Group បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន Hua Chao និង​ក្រុមហ៊ុន Te ShiHuii Group ទៅ​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​បង្កើន​ការ​លក់ និង​ទទួលភ្ញៀវ​ទេសចរ​ចិន ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​-​ចិន និង​ជា​អនុប្រធាន​ក្រុមហ៊ុន China Duty Group ប្រចាំ​កម្ពុជា លោក Zhang Shao Wen បាន​មាន​ប្រសាសន៍​ថា ៖ «​ការ​បង្កើត​ហាង​លក់ទំនិញ​រួច​ពន្ធ​អង្គរ (Angkor Duty Free Store) គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​របស់​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ដែល​បាន​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា ក្នុង​មួយ​ឆ្នាំ​ចំនួន​១,៣​លាន​នាក់​» ។

លោក​បន្ត​ថា ៖ «​តាំងពី​ហាង​លក់ទំនិញ​រួច​ពន្ធ​អង្គរ​បាន​បើក​ដំណើរការ​មក​ឃើញ​ថា មាន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា និង​ទិញ​ទំនិញ​ជិត​២០​ម៉ឺន​នាក់ ។ ក្រុមហ៊ុន​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ជិត​៣០០​មុខ​តំណែង និង​ផ្តល់​ចំណូល​ពន្ធ​ជូន​រាជរដ្ឋាភិបាល​ជាង​៣​លាន​ដុល្លារ​ផង​ដែរ​» ។

យោង​តាម​របាយការណ៍​របស់​សហព័ន្ធ​ទេសចរណ៍​ទីក្រុង​ពិភពលោក​បង្ហាញ​ថា កាលពី​ឆ្នាំ​មុន ភ្ញៀវ​ទេសចរ​ចិន​បាន​ធ្វើ​ដំណើរ​ទៅ​បរទេស​ចំនួន​១០៩​លាន​នាក់ ដោយ​ចំណាយ​អស់ប្រាក់​១៦៥​ប៊ី​លាន​ដុល្លារ ស្មើនឹង​១១​ភាគរយ​នៃ​ការ​ចំណាយ​លើ​ទេសចរណ៍​ពិភពលោក​ទាំងមូល ។

ក្រៅពី​ការ​កើនឡើង​នូវ​ភ្ញៀវ​ទេសចរ​ចិន លោក ធួន ស៊ី​ណា​ន ក៏​បាន​លើក​ឡើង​ផង​ដែរ ទាក់ទង​នឹង​ឥទ្ធិពល​អវិជ្ជមាន​ពី​លំហូរ​ភ្ញៀវ​ទេសចរ​មក​កម្ពុជា ពិសេស​បញ្ហា​វប្បធម៌​។ ក្នុង​នោះ​លោក​បាន​សំណូមពរ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា គួរ​យកចិត្តទុកដាក់​ពី​ឥទ្ធិពល​វប្បធម៌​ចិន និង​ធ្វើ​យ៉ាងណាពង្រឹង​វប្បធម៌​របស់​យើង​ឲ្យ​កាន់តែ​រឹង​មាំ ។

លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «​យើង​មើលឃើញ​ថា​វា​ជា​រឿង​ធម្មតា ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ធម្មតា​ទេ​ដែល​ឥទ្ធិពល​នេះ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​យើង​មើល​រំលង​។ អ្នកខ្លះ​មិន​ជាប់សែស្រឡាយ​ចិន​សោះ ក៏​ទៅ​ជា​ចិន​ដែរ​» ៕