ទប់​បាល់​ប៉េ​ណា​ល់​ទី​របស់ Shinji Okazaki ជា​ប្រវត្តិ​ដ៏​ត្រូវ​ចងចាំ​របស់ អ៊ុំ សេរី​រ័ត្ន​

វ័យ​ត្រឹម​១៨​ឆ្នាំ អ្នកចាំទី​ជម្រើសជាតិ​កម្ពុជា អ៊ុំ សេរី​រ័ត្ន មាន​កំណត់ត្រា​ផ្ទាល់ខ្លួន​មួយ​ដ៏​អស្ចារ្យ ជាពិសេស​ការរារាំង​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​របស់​ប្រធាន​ក្រុម​ជម្រើសជាតិ​ជប៉ុន Shinji Okazaki នា​ជំនួប​ជុំ​ទី​២ ជើង​ទី​២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែវិច្ឆិកា​។​

​ជប៉ុន​ដែល​ប្រមូលផ្តុំ​ទៅដោយ​កីឡាករ​ឆ្នើមៗ​លេង​នៅ​តំបន់​អឺរ៉ុប​នោះ បាន​យកឈ្នះ​កម្ពុជា ២-០ នៅ​ចំពោះមុខ​អ្នកទស្សនា​ប្រមាណ​៣​ម៉ឺន​នាក់ [​តាម​កំណត់ត្រា​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​] នៅ​ពហុ​កីឡដ្ឋាន​ជាតិ តាមរយៈគ្រាប់បាល់ Own Goal របស់ ឃួន ឡាបូរ៉ាវី និងការស៊ុត​របស់ Keisuke Honda នៅតង់ទីពីរ​​។ ថ្វីត្បិតតែ​នេះ ជា​ការរង​បរាជ័យ​៧​លើក​ជាប់​គ្នា​ក្នុង​ពូ​ល E នៃ​វគ្គ​ជម្រុះ World Cup ប្រចាំ​តំបន់​អាស៊ី​ក៏ដោយ ក៏​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​នៅតែ​ទទួលបាន​ការលើកទឹកចិត្ត​ពី​សំណាក់​អ្នកគាំទ្រ ជាពិសេស​អ្នកចាំទី អ៊ុំ សេរី​រ័ត្ន​។​

​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា អ្នកចាំទី​ក្លិប​ក្រសួងការពារជាតិ អ៊ុំ សេរី​រ័ត្ន បានបង្ហាញ​ខ្លួន​លើក​៥​លើក​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២ និង​២​លើក​នា​វគ្គ​ជម្រុះ​បឋម​ជាមួយ​ម៉ា​កាវ​។ នា​ជំនួប​ជាមួយ​ជប៉ុន​កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែវិច្ឆិកា សេរី​រ័ត្ន បានបង្ហាញ​សមត្ថភាព​ដ៏​គួរ​ឲ្យ​រំភើប​មួយ តាមរយៈ​ការសង្គ្រោះ​បាល់​គ្រោះថ្នាក់​ជាច្រើនលើក ជាពិសេស​ការរារាំង​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី របស់​ប្រធាន​ក្រុម​ជម្រើសជាតិ​ជប៉ុន Shinji Okazaki​។​

​នៅ​ដើមតង់​ទី​ពីរ ខ្សែការពារ នេន សុធា​រ័ត្ន បានធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ Shinji Kagawa ដួល​នៅក្នុង​ប្រអប់​គ្រោះថ្នាក់​។ ទោះបីជា​យ៉ាងណាក៏ដោយ Shinji Okazaki បានទទួល​រង​នូវ​ការខកចិត្ត​ជាមួយនឹង​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់ខ្លួន ដោយសារ​ការ​លោត​ជួយសង្គ្រោះ​បានល្អ​ពី​សំណាក់​អ្នកចាំទី​កម្ពុជា អ៊ុំ សេរី​រ័ត្ន​។​

ហេតុអ្វី​បានជា​ការរារាំង​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​របស់ Shinji Okazaki ជា​កំណត់ត្រា​ដ៏​គួរ​ឲ្យ​ចងចាំ​ក្នុង​អាជីព​របស់​អ្នកចាំទី អ៊ុំ សេរី​រ័ត្ន​? ចម្លើយ​៖ ព្រោះ Okazaki ជា​កីឡាករ​ឆ្នើម​លំដាប់​ពិភពលោក​។​

Shinji Okazaki ត្រូវបាន​ចាត់ទុកជា​កីឡាករ​ដ៏​ជោគជ័យ​បំផុត​របស់​ជប៉ុន​ដែល​ប្រកប​អាជីព​នៅក្នុង​ក្របខណ្ឌ Bundesliga អាល្លឺម៉ង់ ជាមួយនឹង​ក្លិប VfB Stuttgart (២០១១-២០១៣) និង Mainz 05 (២០១៣-២០១៥) មុននឹង​ផ្ទេរ​ទៅកាន់ Leicester City នៃ​ក្របខណ្ឌ Premier League របស់​អង់គ្លេស​។​
​ចាប់ពី​ឆ្នាំ​២០០៨​មក Shinji Okazaki វ័យ​២៩​ឆ្នាំ បាន​ស៊ុត​បាល់ប​ញ្ជូ​ល​ចំនួន​៤៧​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​៩៨​លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​ជប៉ុន ហើយ​បាន​ក្លាយជា​កីឡាករ​ទី​បី​ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ បន្ទាប់ពី Kunishige Kamamoto (៨០​គ្រាប់ ឆ្នាំ​១៩៦៤ ដល់​ឆ្នាំ​១៩៧៧ ) និង Kazuyoshi Miura (៥៥​គ្រាប់ ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០០០ )​។​

​កាលពី​ឆ្នាំ​២០០៩ Shinji Okazaki បាន​ជាប់​ក្នុង​កំណត់ត្រា​ពិភពលោក (IFFHS) ដោយ​រកបាន​គ្រាប់​បាល់ប​ញ្ចួ​ល​ទី​រហូតដល់​១៥​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​១៦​លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​។ Okazaki បាន​ផ្ទេរ​ពី​ក្លិប Mainz ទៅកាន់ Leicester នា​រដូវ​កាល​នេះ ក្នុងតម្លៃ​ខ្លួន​៧​លាន​ផោន ហើយ​គេ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដំបូង​ក្នុង​ជ័យជម្នះ ២-១ លើ West Ham​។​

​ក្រៅពី​កីឡាករ​ម្នាក់​ដ៏​ជោគជ័យ​នៅ Bundesliga កីឡាករ Shinji Okazaki ក៏បាន​ក្លាយជា​កីឡាករ​ជប៉ុន​ទី​៥​ផងដែរ ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុង​ក្របខណ្ឌ Premier League បន្ទាប់ពី Shinji Kagawa (៦​គ្រាប់​នៅ Manchester United) Junichi Inamoto (៤​គ្រាប់​នៅ Fulham) Maya Yoshida (២​គ្រាប់​នៅ Southampton) និង Hidetoshi Nakata (១​គ្រាប់​នៅ Bolton) ៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​