រន្ធត់ចិត្ត! ទារកកំសត់ម្នាក់ ស្លាប់យ៉ាងវេទនា ព្រោះតែម្តាយបង្កើត ដាក់ក្នុងម៉ាស៊ីនកំដៅអាហារ

អាមេរិក៖ វាជារឿងដ៏រន្ធត់ ដែលបានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានស្ត្រីជាម្តាយម្នាក់ ដាច់ចិត្តយកកូនបង្កើតរបស់ខ្លួន ដែលជាទារកដ៏តូច ទៅដាក់ក្នុងម៉ាស៊ីនកំដៅអាហារ និងបានធ្វើឲ្យទារក នោះស្លាប់យ៉ាងអាណោចអាធ័ម ជាពន់ពេក។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ដ៏អកុសលនេះ បានកើតឡើងនៅក្នុងរដ្ឋ California របស់សហរដ្ឋអាមេរិក ដោយមានស្ត្រីជាម្តាយម្នាក់ ឈ្មោះថា Ka Yang អាយុ៣៤ឆ្នាំ បានយកកូនស្រីរបស់ខ្លួន ឈ្មោះថា Mirabelle Thao-Lo អាយុត្រឹម២ខែ ទៅដាក់ក្នុងម៉ាស៊ីនកំដៅ ម្ហូបអាហារ ដល់ទៅជាង២ម៉ោងកន្លះ និងបានធ្វើឲ្យទារកដ៏កំសត់ម្នាក់នោះ ត្រូវរងការរលាកពេញរាងកាយដល់ទៅ៦០% ហើយគ្រឿងក្នុងរបស់នាងភាគច្រើន សុទ្ធតែមានស្លាកស្នាមនៃការទទួលរងពីចំហាយក្តៅ ដែលទាំងនេះគឺជាមូលហេតុធ្វើឲ្យ ទារកនោះដាច់ខ្យល់ស្លាប់។

ផ្អែកលើចម្លើយសារភាពរបស់ Ka Yang ដែលនិយាយប្រាប់ក្រុមប៉ូលីសក្រោយពីត្រូវបានចាប់ខ្លួននោះ បានឲ្យដឹងថា នាងបានសន្លប់បាត់ស្មារតីអំឡុងពេលដែលខ្លួនកំពុងបី Mirabelle ហើយពេលដឹងខ្លួនឡើងវិញ ក៏បានឃើញទារក Mirabelle នៅក្បែរម៉ាស៊ីនកំដៅអាហារបាត់ទៅហើយ។ តែយ៉ាងណាមិញ ក្រោយមកទៀតនាងក៏បានបង្កើតនូវរឿងថ្មីមួយទៀត ដើម្បីប្រាប់ទៅដល់ក្រុមអ្នកស៊ើបអង្កេត ដោយក្នុងនោះនាងបាននិយាយថា នៅពេលដែលនាងយក Mirabelle ទៅដាក់ក្នុងម៉ាស៊ីនកំដៅអាហារ គឺពេលនោះនាងកំពុងស្ថិតនៅក្នុងស្ថានភាពជំងឺឆ្កួតជ្រូក។

រន្ធត់ចិត្ត! ទារកកំសត់ម្នាក់ ស្លាប់យ៉ាងវេទនា ព្រោះតែម្តាយបង្កើត ដាក់ក្នុងម៉ាស៊ីនកំដៅអាហារ
រូបថតរបស់ ទារកដ៏កំសត់ និងស្ត្រីជាម្តាយ ដែលដាច់ចិត្តយកកូនខ្លួន ទៅដាក់ក្នុងម៉ាស៊ីនកំដៅ រហូតទាល់តែស្លាប់

ជាមួយគ្នានេះដែរ មេធាវីការពារក្តីឲ្យ Yang ឈ្មោះ Linda Parisi ក៏បានលើកឡើងថា “កូនក្តីរបស់ខ្ញុំ មិនធ្លាប់មានប្រវត្តិ បំពាន ឬក៏រំលោភសិទ្ធិកុមារនោះទេ ហើយនាងក៏មិនធ្លាប់ជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋផងដែរ នាងអាចធ្វើរឿងបែបនេះឡើង ក៏ព្រោះតែកើតមានជំងឺរវើរវាយ និងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានប៉ុណ្ណោះ”។

ទោះយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាតុលាការ មិនបានទទួលយកនូវការអះអាងទាំងនេះទេ ហើយជាលទ្ធផល តុលាការបានសម្រេចចោទប្រកាន់ទោស Ka Yang ពីបទឧក្រិដ្ឋកម្មកម្រិតធ្ងន់ និងការបំពានទៅលើកុមារ ដោយត្រូវជាប់ពន្ធនាគាររយៈពេល២៦ឆ្នាំ ហើយនឹងត្រូវចាប់ផ្តើមអនុវត្តទោសនៅខែធ្នូខាងមុខនេះ។ រីឯកូន៣នាក់ផ្សេងទៀត របស់នាងត្រូវទទួលការមើលថែពីសមាជិកនៃគ្រួសាររបស់គេ៕

រន្ធត់ចិត្ត! ទារកកំសត់ម្នាក់ ស្លាប់យ៉ាងវេទនា ព្រោះតែម្តាយបង្កើត ដាក់ក្នុងម៉ាស៊ីនកំដៅអាហារ
ស្ថានភាពពេល ប៉ូលីសធ្វើការចាប់ខ្លួន ស្ត្រីជាម្តាយរូបនោះ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត