នាយករដ្ឋមន្ត្រី​រុស្ស៊ី នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​២២​វិច្ឆិកា​

ភ្នំពេញ: តាម​ការអញ្ជើញ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ (Dmitry MEDVEDEV) នាយករដ្ឋមន្ត្រី​នៃ​សហព័ន្ធរុស្ស៊ី នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​ពង្រឹងពង្រីក​បន្ថែមទៀត នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី ដែលមាន​ស្រាប់ និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​។​

​សេចក្តី​​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស ចុះ​ថ្ងៃទី​១៨ ខែវិច្ឆិកា​នេះ បាន​ឲ្យ​ដឹងថា នៅ​អំឡុងពេល​បំពេញ​ទស្សនកិច្ច​នេះដែរ លោក Dmitry MEDVEDEV នឹង​ជួបពិភាក្សា​ការងារ​ផ្លូវការ​ជា​មូ​យស​ម្តេច​អគ្គ​មហា​សេ​នាប​តី​តេ​ជោ ហ៊ុន សែន និង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន ដែល​​រួមមាន​៖
​ទី​១, កិច្ចព្រមព្រៀង​ស្តីពី​ការផ្លាស់ប្តូរ​ព័ត៌មាន​សំអាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​រវាង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា និង​អង្គភាព​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​រុស្ស៊ី
​ទី​២, កិច្ចព្រមព្រៀង​សហប្រតិបត្តិការ និង​កិច្ចព្រមព្រៀង​បំពេញបន្ថែម​រវាង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា និង​ទីភ្នាក់ងារសារព័ត៌មាន SPUTNIK
​ទី​៣, អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​វិទ្យុជាតិ​កម្ពុជា និង​ទីភ្នាក់ងារសារព័ត៌មាន SPUTNIK​។​
​ទី​៤, កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហការ និង​សហប្រតិបត្តិការ​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​គណបក្ស "​រួបរួម​រុស្ស៊ី​"
​ទី​៥, អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយ​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហព័ន្ធរុស្ស៊ី ស្តីពី ការប្រមូល​វិនិយោគទុន
​ទី​៦, លក្ខខណ្ឌ​ប្រតិបត្តិ​របស់​ក្រុមការងារ​ជាន់ខ្ពស់​កម្ពុជា​-​រុស្ស៊ី ស្តីពី​គំរោង​វិនិយោគ​អាទិភាព​រួម​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល លើកឡើងថា ក្រៅពី​ចូលរួម​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ខាងលើនេះ លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ (Dmitry MEDVEDEV) នឹង​អញ្ជើញ​ទស្សនា​ប្រាសាទអង្គរវត្ត នា​ខេត្តសៀមរាប ផងដែរ​។

តើ​លោក ឌី​មិ​ទ្រី មិ​ដ​វិ​ដិ​វ ( Dmitry Medvedev ) ជា​នរណា​?
​កើត​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​១៩៦៥ លោក Dmitry Medvedev បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​រុស្ស៊ី ចាប់តាំងពី​ឆ្នាំ​២០១២ រហូតដល់​បច្ចុប្បន្ន​។ គឺ​បន្ទាប់ពី​លោក កាន់តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី ចាប់ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១២​។ កាលណោះ លោក Dmitry Medvedev ជា​ប្រធានាធិបតី​រុស្ស៊ី ដែលមាន​វ័យក្មេង​ជាងគេ គឺមាន​អាយុ​ត្រឹមតែ ៤២ ឆ្នាំ​ប៉ុណ្ណោះ​។​

​កើត​ក្នុង​ត្រកូល​ជា​អ្នកសិក្សា​រៀនសូត្រ លោក Dmitry Medvedev បានបញ្ចប់​ការសិក្សា​ផ្នែក​ច្បាប់ នៅ​សាកលវិទ្យាល័យ Leningrad State នៅ​ឆ្នាំ​១៩៨៧​។ បន្ទាប់ពី​ធ្វើជា​គ្រូបង្រៀន​ច្បាប់ រហូតដល់​ឆ្នាំ​១៩៩៩ លោក Dmitry Medvedev បាន​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ ហើយ​បាន​ជួប​រាប់អាន​ជាមួយនឹង​លោក វ្លា​ដិ​មៀ ពូ​ទីន ( Vladimir Putin ) ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​១៩៩៩​។ លោក មិ​ដ​វិ​ដិ​វ ក៏បាន​ចូលធ្វើ​ការងារ​នៅ​ផ្នែក​រដ្ឋបាល​របស់​ប្រធានាធិបតី​រុស្ស៊ី ហើយ​នៅ​ឆ្នាំ​២០០០ នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី លោក Dmitry Medvedev បានក្លាយ​ប្រធាន​គ្រប់គ្រង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឲ្យ​លោក ពូ​ទីន​។​
​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០០៥ លោក Medvedev ត្រូវបានតែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​ទី​១ ទទួលបន្ទុក​លើ​គម្រោង​អាទិភាព​របស់​ជាតិ​។​

​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០០៧ លោក Medvedev បាន​ឈរឈ្មោះ​ជា​បេក្ខជន​បម្រុង សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី ដែលមាន ៤ គណបក្ស​ចូលរួម គឺ​គណបក្ស United Russia គណបក្ស Fair Russia គណបក្ស Agrarian Party of Russia និង​គណបក្ស Civilian Power​។

​នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០០៧ លោក Medvedev បាន​ក្លាយជា​បេក្ខជន​ប្រធានាធិបតី ពេញសិទ្ធិ​ផ្លូវការ​របស់​គណបក្ស United Russia​។​

​បេក្ខភាព​របស់លោក Medvedev ឈរឈ្មោះ​ជា​ប្រធានាធិបតី​រុស្ស៊ី កាលពី​ឆ្នាំ​២០០៧ គឺមាន​ការគាំទ្រ​ពី​លោក​ប្រធានាធិបតី​រុស្ស៊ី ដែល​បាន​ចុះ​ចេញពី​តំណែង Vladimir Putin​។ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​រុស្ស៊ី កាលពី​ឆ្នាំ​២០០៨ នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០០៨ លោក Medvedev បានឈ្នះ​ការបោះឆ្នោត ដោយ​សំឡេងគាំទ្រ ៧០,២៨% ហើយ​បាន​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០០៨​។ ក្រោយមក លោក Medvedev ក៏បាន​តែងតាំង​លោក ពូ​ទីន ជា​នាយករដ្ឋមន្ត្រី​រុស្ស៊ី​។

​រហូតដល់​ឆ្នាំ​២០១២ នៅ​រុស្ស៊ី មានការ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​ជាថ្មីទៀត ហើយ​លទ្ធផល លោកពូ​ទីន បាន​ជាប់ឆ្នោត ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី​។ រីឯ​លោក មី​វ​វិ​ដិ​វ ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី រហូតមកដល់​បច្ចុប្បន្ន​។ លោកពូ​ទីន និង​លោក​មី​វ​វិ​ដិ​វ នៅក្នុង​គណបក្ស United Russia៕

នាយករដ្ឋមន្ត្រី​រុស្ស៊ី នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​២២​វិច្ឆិកា​
លោក Dmitry Medvedev នាយករដ្ឋមន្ត្រីរុស្ស៊ី នឹងមកទស្សនកិច្ចកម្ពុជា រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤វិច្ឆិកា