គយខេត្តព្រះសីហនុកម្ទេច​ក្បាលរ​ថយ​នុ្ត​ប្រើប្រាស់​រួច​ចំនួន​៥២ ​​ជាការព្រមាន​ដល់​ម្ចាស់​ក្រុមហ៊ុន​​ដែល​លួចបន្លំ​នាំ​ចូល​

ខេត្ត​ព្រះ​សីហ​នុ ៖ ក្បាលរ​ថយ​នុ្ត​ប្រើប្រាស់​រួច​(​កា​ប៊ិ​ន​)​ចំនួន​៥២​ ដែល​បាន​ឃាត់​​តាំងពី​​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៥​ កន្លង​មក​​ តាម​លិខិត​ណែនាំ​របស់​​លោក​​អគ្គនាយក លេខ​១៣៣ អ គ រ ចុះ​ថ្ងៃ​ទី​៦ ​កុម្ភៈ ​ឆ្នាំ​២០១៥ ស្តី​ពី​ការ​ផ្អាក​ការ​នាំ​ចូលជា​បណ្តោះអាសន្ន​ក្បាល​រថយន្ត​ប្រើប្រាស់​រួច​គ្រប់​ប្រភេទ ត្រូវ​បាន​កម្ទេច​ចោល​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ វិច្ឆិកា​ ២០១៥ ​នេះ ​។

លោក លាង ​អួ​ក ប្រធាន​ការិយាល័យ​គយ និង​រដ្ឋា​ករ ស្ទឹង​ហាវ ​បាន​ថ្លែង​បញ្ជាក់ថា ​ដោយ​មានការ​អនុញ្ញាត​ពី​លោក​ គុណ ញឹ​ម​ អគ្គនាយក​នៃ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ការិយាល័យ​គយ និង​រដ្ឋាករស្រុក​ស្ទឹង​ហាវ នៃ​សាខា​គយ និងរដ្ឋាករ​គយ​ខេត្ត​ ​​បាន​ធ្វើ​ពិ​ធី​កម្ទេច​ក្បាលរ​ថយ​នុ្ត​ប្រើប្រាស់​រួច​ ដែល​បានទប់ស្កាត់ និង​ឃាត់​ទុក​ក្នុង​ការ​នាំ​ចូល​តាំងពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ រហូត​មក​ដល់​បច្ចុប្បន្ន​ ​។ ក្នុង​ពិធី​នេះ​​​​ដែរក៏​មានការ​ចូលរួម​ពី​លោកអនុប្រធាន និងមន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ ដឹកនាំ​កម្ទេច​ដោយរូប​លោក​ផ្ទាល់​ រួម​ជាមួយមន្ត្រី​ក្រោម​ឱវាទ និងសមត្ថកិច្ច​ពាក់​ព័​ន្ឋ នគរបាល​អន្តោ​ប្រវេសន៍​ មន្ត្រីកាំកុងត្រូល​តំណាង​ម្ចាស់​កំពង់​ផែ​អន្តរជាតិ​ស្ទឹង​ហាវ និងតំណាង​ក្រុមហ៊ុន ដែល​មានការ​ពាក់​ព័​ន្ឋ​ក្នុង​ការ​នាំ​ចូល​ក្បាល​រថយន្ត ប្រភេទប្រើប្រាស់​រួច​ មាន ក្រុមហ៊ុន  F.G.I (CAMBODIA) Import Export Co.ltd, GLOBAL Organic Plantation Co.ltd, Ly Treasure Import Export Co.ltd, Cheav Pheng Development Co.ltd សរុប​មាន​៤ក្រុមហ៊ុន​នាំ​ចូល និងមាន​ក្បាល​រថយន្ត​ប្រើប្រាស់​រួច​ចំនួន​៥២ ។

​សាខា​គយ​ និង​រដ្ឋា​ករខេត្ត​​ ក៏​ដូច​ជា​ប​ណ្តា​អង្គភាព​គយទាំងអស់ បាន​ខិតខំ​ទប់ស្កាត់ មិនឱ្យ​​នាំ​ចូល​ទំនិញ​ប្រភេទ​នេះ ដែល​​ជា​កម្មវត្ថុនៃ​​ការយ​កមក​​ដំឡើងក្នុងស្រុក​របស់​ឈ្មួញ​ខិលខូចមួយ​ចំនួន ដើម្បី​ប្រាក់​ចំណេញ គេច​ពី​​ការ​បង់​ព័​ន្ឋ​អាករលើ​យានយន្ត​តែ​ប៉ុណ្ណោះ រួច​ហើយថែម​ទាំង​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​សុខមាលភាព និងសុវត្ថិភាព​របស់​អ្នក​ធ្វើ​ចរាចរ​ណ៏តាម​ដងផ្លូវ ក៏​ដូច​ជា​ធ្វើ​ឱ្យ​​ខូចខាតដល់​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​សា​ធារ​ណៈផង​ដែរ ជា​ពិសេស​ប៉ះពាល់​ដល់យុ​ទ្ឋ​សាស្ត្រ​កៀងគរ​ចំណូល​របស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ ។

សូម​បញ្ជាក់​​ដែរ​ថា ការ​កម្ទេច​ចោល​​​ក្បាល​រថយន្ត​(​កា​ប៊ិ​ន​)​ចំនួន​៥២​នេះ គឺជា​លើក​ទី​១ហើយ​ សម្រាប់​សាខា​គយ និង​រដ្ឋា​ករខេត្ត​ព្រះ​សីហ​នុ ​​​ដើម្បី​ព្រមាន​ដល់​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់​ ដែល​តែងតែ​លួចបន្លំ​នាំ​ចូល​​ក្បាល​រថយន្ត​ប្រើប្រាស់​រួច ផ្ទុយ​ពី​លិខិត​ណែនាំ​លេខ​១៣៣ អ គ រ ចុះ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ​ឆ្នាំ​២០១៥ ៕​​