កីឡាករ ចាន់ រក្សា ប៉ះ ឆាយ មាស លើសង្វៀន TV5 ARENA

ភ្នំពេញ៖ អ្នកប្រដាល់ ចាន់ រក្សា ហៅ អេ អូត ក្លឹបអេភូថងកីឡា នឹងឡើងតស៊ូជាមួយអ្នកប្រដាល់ ឆាយ មាស ក្លឹបសំរោងកោង ខេត្តបាត់ដំបង ក្នុងកម្មវិធីប្រដាល់ TIFFY SUPER FIGHT លើសង្វៀន TV5 ARENA នាយប់ថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ ។

ចាន់ រក្សា មានស្នៀតប្រដាល់ល្អ និងមានផ្លែ តែក្នុងការប្រកួតគេមិនសូវជួបសំណាងល្អនោះទេ ពោលគឺចាញ់ច្រើនជាង ឈ្នះដោយសារតែកម្លាំងស៊ុហ្វមិនសូវរឹងមាំ ។ ការប្រកួតចុងក្រោយនេះ រក្សា ប្រកួតចាញ់អ្នកប្រដាល់ ម៉ន សាម៉េត ក្លឹបការិយាល័យទី៥ កងទ័ពជើងគោកក្នុងទឹកទី១ ។ សម្រាប់ ឆាយ មាស យ៉ាប់តែមួយមុខ គឺកម្លាំងសម្រុកឆាប់ ធ្លាក់ដែរ ដែលធ្វើឲ្យការប្រកួតរបស់គេ ធ្លាក់ចុះនៅចុងទឹកនោះ ។

ប៉ុន្តែយ៉ាងណាគេឡើងប្រកួតចុងក្រោយនេះគឺវាយស្មើជាមួយជើងចាស់អ្នកប្រដាល់ ឃឹម ពេជ្រចិន្តា ក្លឹបនិរោធមានជ័យ ។ តាមពិតរវាងអ្នកប្រដាល់ទាំងពីរនេះ បើគិតពីប្រវត្តិប្រកួតនោះ ឆាយ មាស មិនដល់ ចាន់ រក្សា ទេដោយ រក្សា គេ ឡើងប្រកួតក្បែរមួយរយដងឯណោះ ខណៈដែល ឆាយ មាស គេឡើងប្រកួតបានប្រមាណជាង៧០ដងប៉ុណ្ណោះ ។

អ្នកប្រដាល់ គង់ វិចិត្រ ក្លឹបកងពលតូចលេខ៧០នឹងជួបសាកកណ្ដាប់ដៃជាមួយអ្នកប្រដាល់ ស៊ូ ពី ក្លឹបពោធិ៍ជ័យ កីឡា ។ គង់ វិចិត្រ ជាអ្នកប្រដាល់ថ្មីទើបប្រកួតបានប៉ុន្មានដងតែប៉ុណ្ណោះ ហើយចង់សាកកណ្ដាប់ដៃជាមួយ ស៊ូ ពី ដែលជាអ្នកប្រដាល់ស្រករ ក្រោយដែរនោះ ។

ប៉ុន្តែយ៉ាងណា គង់ វិចិត្រ គេមានក្បាច់គុនល្អ និងវាយខ្លាំងផងដែរ ។ ស៊ូ ពី គេក៏វាយល្អ និងខ្លាំងដែរ ដូច្នេះសម្រាប់ ការ ជួបគ្នារវាង ស៊ូ ពី និង គង់ វិចិត្រ នេះគេពុំអាចទស្សន៍ទាយមុនបានថា អ្នកណាឈ្នះ អ្នកណាចាញ់នោះទេ ។ ការប្រកួតចុងក្រោយរបស់ស៊ូ ពីគឺវាយឈ្នះ ម៉ឺន ដា ក្លឹបខ្លារខិនមានរិទ្ធ ក្នុងទឹកទី១ ។ ចំពោះ គង់ វិចិត្រ វិញប្រកួត ចុងក្រោយនេះ វាយឈ្នះ ធន់ វណ្ណៈ អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិដោយពិន្ទុ ។

អ្នកប្រដាល់ រស់ វិបុល ក្លឹបសាលវ័ន្តកីឡា ប្រកួតជាមួយអ្នកប្រដាល់ ថាន រ៉ាឌី ក្លឹបតាព្រហ្មមានជ័យប្រកួតក្នុង ទម្ងន់   ៥៤គីឡូក្រាម និងអ្នកប្រដាល់ ហែម ហៀង ក្លឹបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ជួបជាមួយ អ្នកប្រដាល់ ឡុង ប៊ុនរ៉ាត់ ក្លឹបសាលវ័ន្តកីឡា ក្នុងទម្ងន់ ៦៧គីឡូក្រាម ៕

កីឡាករ ចាន់ រក្សា ប៉ះ ឆាយ មាស លើសង្វៀន TV5 ARENA