អ៊ាម វន្នី៖ ខ្ញុំ​មិន​វិល​ទៅ​ធ្វើ​ការ​​នៅ​ស្រុក​​ថៃ​វិញ​ទេ

អ៊ាម វន្នី៖ ខ្ញុំ​មិន​វិល​ទៅ​ធ្វើ​ការ​​នៅ​ស្រុក​​ថៃ​វិញ​ទេ

ដំបូង​ឡើយ អ៊ាម វន្នី ជា​អ្នក​បក​ប្រែ​ភាសា​ម្នាក់​នៅ​ប្រទេស​ថៃ មុន​ពេល​សម្រេច​ចិត្ត​មក​ចូលរួម​ការ​ប្រកួតប្រជែង​ក្នុង​កម្មវិធី Cambodian Idol នៅ​ប្រទេស​កម្ពុជា។ ​អតីត​បេក្ខភាព​​រូប​នេះ​ប្រាប់​ថា ​គ្មាន​គម្រោង​ត្រឡប់​ទៅ​ធ្វើ​ការងារ​នោះ​វិញ​ឡើយ ដោយ​ងាក​មក​ពង្រឹង​សមត្ថភាព​សិល្បៈ​វិញ​ម្ដង។

 

“ព្រោះ​ការងារ​ស្រុក​យើង ឬ​ស្រុក​គេ ក៏​ដើម្បី​លុយ​ដូច​តែ​គ្នា ដូច្នេះ​ធ្វើ​អ្វី​ដែល​យើង​ស្រលាញ់​ក៏​ល្អ​ដែរ”។ អ៊ាម វន្នី បញ្ជាក់​មក​កាន់ Sabay។ បុរស​មាន​ប្រភព​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​បន្ថែម​ថា ការងារ​នៅ​ក្រៅ​ប្រទេស អាច​រក​បាន​ចំណូល​ពិត​មែន ប៉ុន្តែ​នៅ​ឆ្ងាយ​ពី​គ្រួសារ​របស់​លោក ដែល​ចាំ​បាច់​មាន​​ការ​​ទទួល​ខុសត្រូវ​ និង​ទាមទារ​ឱ្យ​មាន​ការ​សម្រេច​ចិត្ត​ច្បាស់លាស់​ក្នុង​នាម​ជា​មេ​គ្រួសារ។

 

អ៊ាម វន្នី៖ ខ្ញុំ​មិន​វិល​ទៅ​ធ្វើ​ការ​​នៅ​ស្រុក​​ថៃ​វិញ​ទេរូប​ថត៖ Facebook អ៊ាម វន្នី

 

អតីត​បេក្ខភាព​រូប​នេះ​បាន​រំលឹក​ទៀត​ថា សូម្បី​បទ​ចម្រៀង​ទាំង​អស់​ដែលរៀបរាប់​ពី​ស្រុក​កំណើត​របស់​ខ្លួន ឬ​កន្លែង​នានា​ក្នុង​ប្រទេស​កម្ពុជា​នោះ ក៏​មិន​បាន​​និពន្ធ​ឡើង​នៅ​ទី​នេះ​ដែរ។ ពោល​គឺ​បទ​ច្រៀង​ទាំង​នោះ​ ​ឆ្លៀត​ពេល​ទំនេរ​ការងារ​​និពន្ធ​ពី​ប្រទេស​ថៃ​មក​​​វិញទេ។ ប៉ុន្តែ​ជារឿយៗ រូប​គេ​បាន​សុំ​ច្បាប់​ថៅកែ​ថៃ​ក្នុង​ហេតុផល​ផ្សេងៗ​ ដើម្បី​ធ្វើ​ដំណើរ​មក​ស្រុក​កំណើត និង​ថត​បទ​ចម្រៀង​ដែល​បាន​និពន្ធ​​ទាំង​នោះ ​រួច​ទើប​ទៅ​វិញ​ធ្វើ​ការ​ធម្មតា។

 

អ៊ាម វន្នី បញ្ជាក់​ថា៖“អ្វី​ដែល​យើង​ស្រឡាញ់​ទៅ​ហើយ ខ្ញុំ​ចេះ​តែ​តស៊ូ​ធ្វើ​ទៅ យ៉ាង​ហោច​ណាស់​បាន​ឱ្យ​បង​ប្អូន​យើង​ស្ដាប់​កម្សាន្ត​ដែរ បោះបង់​ទៅ​ស្ដាយវា”។

 

អ៊ាម វន្នី បាន​អះអាង​ថា ពេល​នេះ​រូប​គេ​មាន​សមត្ថភាព​​កាន់​តែ​ប្រសើរ​ជាង​មុន ក្រោយ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី Cambodian Idol ទោះ​មិន​បាន​ទទួល​ជោគជ័យ​យ៉ាង​ណា​ក្ដី។ ដោយ​ឡែក​ទីផ្សារ​សិល្បៈ​ក៏​ចាប់​ផ្ដើម​មាន​ជា​បន្តបន្ទាប់ ដោយ​មាន​ការ​អញ្ជើញ​ទៅ​ចូលរួម​ការ​ប្រគំ​តន្ត្រី​នានា​រួម​ទាំង​ស្ថានីយ​ទូរទស្សន៍​ផង​ដែរ។ ហេតុផល​ទាំង​នេះ​ហើយ ធ្វើ​ឱ្យ​អតីត​និស្សិត​គ្រប់គ្រង​ទេសចរណ៍​ខាង​លើ នឹង​មិន​វិល​ទៅ​ធ្វើ​ការងារ​ជា​អ្នក​បក​ប្រែ​ភាសា​ឱ្យ​ជនជាតិ​ថៃ​ទៀត​ទេ៕

 

អាន​អត្ថបទ៖  និរត្តន៍ សង្ឃឹម​លើ Town

អាន​អត្ថបទ៖  ដល់​ពេល​ត្រូវ​តប​ស្នង ហ្សូណូ-អាចារ្យ​ធំ​ ចាប់​ដៃ​គ្នា​លក់​កន្សែង​ជួយ​សិល្បករចាស់ៗ

 

អត្ថបទ៖ សំ ជំនាញ