ច្រករបៀង​គីឡូ​១២ ក្នុងស្រុក​សំពៅ​លូន​បើកដៃ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូល​ទឹកដី​សៀម​ដោយ​ខុសច្បាប់​

សេចក្ដីរាយការណ៍​ពី​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំង​សមត្ថកិច្ច​ការពារ​ព្រំដែន​នៅតែ​បន្ត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ដោយ​ខុសច្បាប់ ទៅធ្វើ​ការ​នៅ​ប្រទេស​សៀម​ជា​ថ្នូរ​នឹង​ការ​សូកប៉ាន់​លុយ​ដែល​បញ្ហា​នេះ​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត ។ ប្រភព​ដដែល​បានបញ្ជាក់​ថាបើ​ទោះជា​ពល​ករ​ឆ្លងដែន​ខុសច្បាប់​ទៅធ្វើ​ការ​នៅ​ប្រទេស​សៀម​ភាគច្រើន​មាន​វាសនា​មិនល្អ​ទាំង​ពេល​កំពុងធ្វើការ​នៅ​ប្រទេស​សៀម និង​ពេល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ក៏ដោយ ក៏​សមត្ថកិច្ច​ខ្មែរ​នៅតាម​ព្រំដែន​នៅតែ​បណ្តែតបណ្តោយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាច​ឆ្លងដែន​បាន​ដដែល ព្រោះ​ពួកគេ​ភាគច្រើន​ចង់​រកប្រាក់​បន្ថែម​ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ​។​

នៅ​ដើម​សប្តាហ៍​នេះ ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​បញ្ជាក់ថា ពួកគាត់​បាន​ប្រទះឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់សិប​នាក់​មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំងប្រទេស​កម្ពុជា​បាន​ឆ្លងដែន​ទៅ​ប្រទេស​សៀម តាម​ច្រករបៀង​គីឡូ​១២ ក្នុង​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន  ខេត្តបាត់ដំបង ចាប់តាំងពី​ព្រឹក​ព្រលឹម ដោយមាន​ការសម្រួល​ពី​មន្ត្រីនគរបាល​ការពារ​ព្រំដែន​ប្រចាំ​ប៉ុស្តិ៍​ទីនោះ​។ ប្រភព​ដដែល​បានបញ្ជាក់ ការដែល​ពលករ​ខ្មែរ​អាច​ឆ្លងដែន​ខុសច្បាប់​ក៏​អាចមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សមត្ថកិច្ច​សៀម​ដែល​ឈរជើង​នៅតាម​ព្រំដែន​ខ្មែរ​-​សៀម ផងដែរ​។​

​គួរ​បញ្ជាក់ថា ច្រករបៀង​គីឡូ​១២​នេះ តែងតែ​បើកទ្វារ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ទៅ​ប្រទេស​សៀម​ខុសច្បាប់​ស្ទើរ​រាល់ថ្ងៃ ដែល​ភាគច្រើន​ត្រូវ​មន្ត្រី​ការពារ​ព្រំដែន​ប្រចាំ​ច្រក​នេះ​បញ្ជូន​ចេញ​នៅវេលា​ទៀបភ្លឺ និង​ពេល​ព្រលប់ៗ ដើម្បី​បិទបាំង​ពី​ភ្នែក​មហាជន ។ ចំពោះ​វិធានការ​ទប់ស្កាត់​គ្មាន​ប្រសិទ្ធ​ទេ បើទោះជា​ក្រសួងមហាផ្ទៃ ធ្លាប់​ចេញ​សេចក្ដីប្រកាស​ឱ្យកម្លាំង​ការពារ តាម​បន្ទាត់​ព្រំដែន​ទប់ស្កាត់​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​យ៉ាងណាក៏ដោយ​។​

​ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​រិះគន់ថា កន្លង​មាន​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ដូចជា​លោក គន់ គីម ជាដើម​បាន​បញ្ជា​ឲ្យ​កម្លាំងប្រដាប់អាវុធ​តាម​ព្រំដែន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់​ពលរដ្ឋ​ខ្មែរ​ដែលមាន​បំណង​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​សៀម​ដោយ​ខុសច្បាប់​។ តែ​ផ្ទុយទៅវិញ​សមត្ថកិច្ច​តាម​ព្រំដែន​នេះហើយ​ដែលជា​អ្នកសម្របសម្រួល​បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាច​ឆ្លងដែន​ខុសច្បាប់​ទៅធ្វើ​ការ​នៅ​ប្រទេស​សៀម​បាន​យ៉ាង​រលូន​ទៅវិញ​៕

DSC08661-1024x768