មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឈរជើង​នៅ​ខេត្តតាកែវ ឈ្មោះ តុង ប៊ុន​ឈាន កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឈរជើង​ក្នុង​ខេត្តតាកែវ ហើយ​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក តុង ប៊ុន​ឈាន កំពុង​ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក តុង ប៊ុន​ឈាន ដែល​ទទួលបាន​លិខិត​បេសកកម្ម​ពី​ថ្នាក់លើ​កំពុង​ប្រើប្រាស់​លិខិត​បេសកកម្ម​នោះ ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ បញ្ហា​នេះ​ប្រសិនបើ​លោក ជា សុ​មេធី ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ទេនោះ គួរ​ចាត់វិធានការ​ទប់ស្កាត់​អំពើអាក្រក់​របស់លោក តុង ប៊ុន​ឈាន និង​បក្ខពួក​នៅក្នុង​ខេត្តតាកែវ​ជាបន្ទាន់​។

ប្រភពពី​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកទំនិញ​ឆ្លងកាត់​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា នៅ​ចំណុច​ភូមិ​ប្រ​ហូត សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ មាន​ទីតាំង​កុងត្រូលជជុះ​មួយកន្លែង​របស់​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក តុង ប៊ុន​ឈាន និង​មាន​បក្ខពួក​៤​ទៅ​៥​នាក់​។ កុងត្រូលជជុះ​នេះ​តម្រូវ​ឲ្យ​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ត្រូវ​បង់លុយ​ជាប្រចាំ បើទោះបី​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​ឬ​ទំនិញគេចពន្ធ​ក៏ដោយ​។ សូម្បីតែ​ប្រជាកសិករ​ដឹកជញ្ជូន​ក​សិ​ផល​ឆ្លង​កាត់មុខ​កុងត្រូលជជុះ​នោះ ក៏ត្រូវ​បង់លុយ​ឲ្យ​ក្រុមនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ដែល​គ្រង់​គ្រង​ដោយ​លោក តុង ប៊ុន​ឈាន ចៀស​មិន​ផុត​ដែរ​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ការដែល​លោក តុង ប៊ុន​ឈាន ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​សំអាង​ទៅលើ​លិខិត​បេសកកម្ម​មួយច្បាប់​នៅក្នុង​ដៃ​របស់ខ្លួន​។ សព្វថ្ងៃនេះ​លោក តុង ប៊ុន​ឈាន បាន​បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ខំប្រឹង​រកលុយ​ទាំងយប់​ទាំង​ថ្ងៃ​តាមរយៈ​រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​របស់​ឈ្មួញ​និង​ក្រុមអាជីវករ ទោះបី​គេ​ដឹកទំនិញ​ស្របច្បាប់​ក៏ដោយ​។ បញ្ហា​នេះ​អគ្គស្នងការ​នគរបាល​ជាតិ​លោក នេ​ត សាវឿន និង​លោក ជា សុ​មេធី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​លោក តុង ប៊ុន​ឈាន កំពុង​ប្រើប្រាស់​លិខិត​បេសកកម្ម​ដែល​ចេញ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ ទៅ​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​៕

12141594_789551107823584_6608851343343249646_n