ដីកាចាប់ខ្លួន​លោក សម រង្ស៊ី កំពុង​ធ្វើ​ឲ្យ​មានប្រតិកម្ម​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ​

ការដែល​តុលា​ការចេញ​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​សំឡេង​ភាគតិច​នៅ​កម្ពុជា កំពុង​ធ្វើ​ឲ្យ​មានប្រតិកម្ម​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ​។ ជាក់ស្តែង​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ទទូច​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្សប្រឆាំង ចាប់ផ្តើម​សន្ទនា​គ្នា​ដើម្បី​បញ្ចប់​អំពើហិង្សា​ខាង​នយោបាយ​។ លោក បាន គី​មូ​ន បានលើកឡើង​ទៀតថា ករណី​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី នាំ​ឲ្យ​មាន​សេចក្តី​ព្រួយបារម្ភ​ចំពោះ​អំពើហិង្សា​នយោបាយ​និង​ការគំរាមកំហែង ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ផងដែរ​។

ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ថ្ងៃ​ពុធ​នេះ​ថា​«​បន្ទាប់ពី​ទង្វើ​យ៉ាង​យង់ខ្នង​មួយចំនួន​ថ្មីៗ​នេះ ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា​មកលើ​គណ​បក្ស​សង្គ្រោះ​ជាតិ ក្នុងនោះ​មានការ​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខ​ហួរ ដាក់ពន្ធនាគារ​មកទល់​នឹង​ថ្ងៃនេះ ការវាយដំ​យ៉ាង​សាហាវ​មកលើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ការដក​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា មាន​ទង្វើ​បន្ថែមទៀត ជា​ចុងក្រោយ​គឺ​ចេញ​ដីកា​ឲ្យ​ចាប់​រូបខ្ញុំ​ក្នុងឋានៈ​ខ្ញុំ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទោះជា​ខ្ញុំ​មាន​អភ័យឯកសិទ្ធិ​យ៉ាងណាក៏ដោយ​។ ហើយ​នៅ​ទីបញ្ចប់​ការបណ្តេញ​ខ្ញុំ​ចេញពី​រដ្ឋសភា បន្ទាប់ពី​ការបោះឆ្នោត​សម្រេច​បែបនេះ ធ្វើ​ឡើយ​ដោយ​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ​»​។

លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា​«​ទង្វើ​ទាំងអស់នេះ​ឈានទៅដល់​ការបញ្ចប់​តួនាទី​គណបក្សប្រឆាំង​តែមួយគត់​ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា ហើយ​បង្ហាញថា​ប្រទេស​កម្ពុជា​បាន​វិលត្រឡប់​ទៅរក​ប្រព័ន្ធ​បក្ស​តែមួយ​ដូច​មុន​ថ្ងៃ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១​។ ទង្វើ​ទាំងអស់នេះ​ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​ដែល​នាំមក​នូវ​ផលប៉ះពាល់​ផ្លូវច្បាប់​និង​ផ្លូវ​នយោបាយ​ដូច​រដ្ឋប្រហារ​យោធា ដែល​ពួកគេ​បានធ្វើ​នៅ​ថ្ងៃ​០៥-០៦ ខែកក្កដា ឆ្នាំ​១៩៩៧ ដែរ​។ ផលប៉ះពាល់​ចម្បង​គឺ​បំផ្លាញ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចុះហត្ថលេខា​ដោយ​១៨​ប្រទេស​ជា​មិត្ត ដោយមាន​ការគាំទ្រ​ពី​អង្គការសហប្រជាជាតិ​ផងដែរ​។

​សូមបញ្ជាក់ថា វិធានការ​របស់​តុលាការ​កម្ពុជា​ដែល​ចេញ​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំ​ឲ្យ​មានប្រតិកម្ម​ភា្ល​មៗ​ពី​ក្រសួងការបរទេស​អាមេរិក ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ពី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ផងដែរ​។ ជាងនេះទៅទៀត​ក្រុម​សង្គម​ស៊ីវិល​ក្នុងប្រទេស​កម្ពុជា បាន​រិះគន់​ខ្លាំងៗ​ទៅលើ​វិធានការ​ចាប់ខ្លួន​លោក សម រង្ស៊ី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ស្ថិរភាព​នយោបាយ និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ ជាមួយគ្នានេះ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​បាន​រិះគន់​ចំៗ​ថា ប្រព័ន្ធតុលាការ​កម្ពុជា​ស្ថិតក្រោម​ឥទ្ធិពល​អ្នកកាន់អំណាច​យ៉ាងច្បាស់​ក្រឡែត​៕

_86675551_2e2b0d78-2eee-455e-8ba0-a7635b7a581a