ផ្ទុះ​រឿងអាស្រូវ ចៅអធិការ​វត្ត​សសរ​១០០ លួច​សេពមេថុន​ជាមួយ​នារី​ម្នាក់​រហូត​មានកូន​១

ខេត្តក្រចេះ ​៖ គណៈ​កម្ម​ការ តា​អាចារ្យវត្ត និង​ពុ​ទ្ឋ​បរិ​ស័​ទ​​នៅ​វត្ត​វិហារ​ធំ​សសរ​១០០ ក្នុងស្រុក​សំបូរ បាន​ចាត់​ទុក​ការ​និមន្ត​ចាក​ចេញពី​វត្ត​របស់​ព្រះ​គ្រូ​ចៅអធិការថា​ ជា​ការ​គេចវេស​ពី​ការ​ចាប់​ផ្សឹក​របស់​មន្ទីរ​ធម្មការ​ខេត្ត ក្រោយ​ពី​ព្រះ​គ្រូ​ចៅអធិការ​វត្ត​អង្គ​នេះ​បាន​ប្រ​ពឹត្តខុស​ពី​ព្រះ​វិន័យ​ធម៌ លួច​សេពមេថុនជាមួយ​នារី​ម្នាក់​រហូត​មានកូន​១ ឈាន​ឲ្យ​មានការ​ប្តឹងផ្ត​​ល់​ទើប​បែកធ្លាយ​នូវ​រឿងអាស្រូវ​។

ព្រះ​គ្រូ​ចៅអធិការ​វត្ត​សសរ​១០០​នៅ​ស្រុក​សំបូរ ព្រះ​នាម ម៉ៅ ច​ន្ថា ហៅ​ផល សុ​ផា ព្រះ​ជន្ម​ជាង​៣០​ព្រះ​វស្សា ជា​ព្រះ​គ្រូ​ចៅ​ធិ​ការ​វត្ត​ និង​ក៏​ជា​ព្រះ​អនុ​គណ​ស្រុក​ផង​ដែរ​នោះ ត្រូវ​បាន​ពុ​ទ្ធបរិ​ស័​ទ និង​គណៈកម្មការ​អាចារ្យវត្ត និយាយ​ថា បាន​មក​គង់​ធ្វើ​ជា​ចៅអធិការ​វត្ត​សសរ​១០០​បាន​រយៈ​ពេល​ជាង​ពីរ​ព្រះ​វស្សា និង​បាន​និមន្ត​ចាក​ចេញពី​វត្ត​ ដោយមិនដឹង​ថា គេច​ទៅ​ណា​ក្រោយ​ថ្ងៃ​ចេញ​ព្រះ​វស្សា​បាន​មួយ​ថ្ងៃ​។

គិត​មក​ទល់​នឹង​ថ្ងៃនេះ គឺ​មាន​រយៈ​ពេល​ជិត​២០​ថ្ងៃ​មក​ហើយ ដែល​ព្រះ​គ្រូ​ចៅអធិការបាន​និមន្ត​ចាក​ចេញពី​វត្ត​ដោយ​មិនដឹង​ទៅ​ណា ហើយ​វត្ត​នេះ​ក៏​នៅ​មិន​ទាន់​ចាត់តាំង​ចៅអធិការ​វត្ត​ថ្មី​នៅឡើយ​ដែរ​។ ​​ការ​និមន្ត​ចេញ​របស់​ព្រះ​គ្រូ​ចៅអធិការ​នេះ​ក៏​ត្រូវ​បាន​អ្នកស្រុក​អះអាង​ថា ជា​ការ​គេចវេស​ពី​ការ​ចាប់​ផ្សឹក​របស់​មន្ទីរ​ធម្មការរយៈពេល​មុន​៤​ថ្ងៃក្រោយពី​ព្រះ​គ្រូ​ចៅអធិការ​អង្គ​នេះបាន​ផ្ទុះ​នូវ​រឿងអាស្រូវ​រង​ការ​ចោទ​ពី​នារី​ម្នាក់​ថា សង្ឃ​អង្គនេះ​លួច​សេពមេថុន​​ជាមួយ​នាង​រហូត​មានកូន​មួយ តែ​សង្ឃ​អង្គ​នេះ​មិន​ទទួលខុសត្រូវ​ដូចតាម​ការ​ធ្លាប់​សន្យា​ជាមួយ​នាង​ថា មួយ​ខែ​នឹង​ជួយ​ផ្តល់​លុយ​១០០​ដុល្លារ និង​អង្ករ​១​បេ​ឲ្យទៅ​នាង​។

រៀបរាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ​វិច្ឆិកា គណៈ​កម្ម​ការ​អាចា​រ្យ​វត្ត​វិហារ​ធំ​សសរ​១០០ បាន​ឲ្យ​ដឹង​ថា ​ព្រះ​គ្រូ​ចៅអធិការ​មាន​ព្រះ​នាម ម៉ៅ ច​ន្ថា ហៅ​ផល សុ​ផា អតីត​ជា​ចៅអធិការវត្ត​ស្រែ​ស្បូវ ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ និង​បាន​ប្រកាស​តែងតាំង​ព្រះ​អនុ​គណ​ស្រុក​សំបូរ និង​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​សសរ​១០០ មាន​រយៈពេល​ជាង​២​ព្រះ​វស្សា​​ បន្ទាប់​ពី​អតីត​ចៅអធិការ​មុន​ត្រូវ​បាន​សឹក​។

សង្ឃ​អង្គ​នេះ​មិន​ធ្លាប់​បានកសាង​សមិទ្ធ​​ផល​អ្វី​ក្នុង​វត្ត​ឲ្យ​បានជា​ដុំកំ​ផួ​ន​នៅឡើយ​ទេ​។ ដោយ​គ្រាន់តែ​ដំបូល​កុដិ​របស់ព្រះ​គ្រូ​ដែល​បាន​ជួល​ជុល​មាន​រយៈពេល​ជា​១​ឆ្នាំ​មក​ហើយ​នោះក៏​នៅ​មិន​ទាន់​រួចរាល់ដោយសារ​តែ​ព្រះ​គ្រូ​មិន​ឲ្យ​លុយ​ទៅ​ជាង​ជួសជុល ក៏​ត្រូវ​ទុក​ចោល​កណ្តាល​ការ​​ ហើយរាល់​ការ​ចាយវាយ​លុយកាក់​ក្នុង​វត្ត ក៏មិន​តប​តាម​តម្រូវការ​ច្បាស់លាស់​ដែរ​។

គណៈ​កម្មការ​អាចា​រ្យ​វត្ត​បាន​រៀបរាប់​ទៀត​ថា កន្លង​មក​ពួ​គគាត់​ក៏​បាន​ឃ្លាំមើល​បានឃើញ​មាន​នារី​ម្នាក់​ឧស្សាហ៍​ចេញ-ចូល​ក្នុង​កុដិ​របស់​ព្រះ​គ្រូ តែ​ត្រូវ​បាន​ព្រះ​គ្រូ​អះអាង​ថា ជា​ប្អូនស្រី​។ នារី​ដែល​បាន​ចោទប្រកាន់​ថា ព្រះ​គ្រូ​ចៅអធិការ​លួច​សេពមេ​ថុន​​ជាមួយ​នាង​រហូតមានកូន​១​នេះ​មាន​ទីលំនៅ​ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ក្បែរ​​វត្ត​ស្រែ​ស្បូវ អតីត​ជា​វត្ត ដែល​ព្រះ​គ្រូ​ធ្លាប់​ធ្វើ​ជា​ចៅអធិការ​មុន​ផ្លាស់​មក​វត្ត​សសរ​១០០​។​

​ការ​ទំនាក់ទំនង​រវាងព្រះ​គ្រូ​ជាមួយ​​នារី​រូប​នេះ គឺ​គេ​មិន​បានដឹង​ថា ​បាន​ចាប់ផ្តើម​ពី​ពេល​ណា​មក​នោះ​ទេ​  តែ​បាន​បែកធ្លាយ​មុន​នេះ បន្ទាប់​ពី​នារី​រូប​នេះ​បាន​បីកូន​ទៅ​មន្ទីរ​ធម្មការ​ខេត្ត និង​បាន​ធ្វើលិខិត​ប្តឹងព្រះ​គ្រូ​ចៅអធិការថា​ បាន​មានកូន​ជាមួយ​នាង តែ​ព្រះ​គ្រូ​មិន​ទទួលខុសត្រូវ​។

គណៈ​កម្ម​ធិ​ការ​អាចារ្យ​វត្ត​បាន​រៀបរាប់​ទៀត​ថា ក្រោយ​ពី​រឿងអាស្រូវ​នេះ​បាន​ផ្ទុះ​ឡើង ពុ​ទ្ធបរិ​ស័​ទចំណុះ​ជើងវត្ត​បាន​ធ្វើ​លិខិត​ផ្តិត​មេដៃ​ទាមទារ​ឲ្យ​មន្ទីរ​ធម្មការមាន​វិធានការ​លើព្រះ​គ្រូ​ចៅអធិការ​អង្គ​នេះដើម្បី​កុំ​ឲ្យ​ខូច​មុខមាត់ និង​កេរ្តិ៍ឈ្មោះ​វត្ត​។

ក្រោយ​ពី​មាន​ភាព​ច​ម្រូង​ចម្រាស់​បែប​នេះ មន្ទីរ​ធម្មការ​គ្រោង​និង​ធ្វើ​ពិធី​ផ្សឹក​ព្រះ​គ្រូ​ចៅធិ​ការ​វត្ត​អង្គ​នេះ​ តែ​ក្រោយ​ពី​គំរោង​បាន​រៀបចំ ព្រះ​គ្រូ​ចៅអធិការ​បាន​គេច​ចេញពី​វត្ត​មុន​ពិធីផ្សឹក​៤​ថ្ងៃ នៅ​សល់​តែ​កុដិ​ត្រូវ​ចាក់សោរ​ជាប់​ពី​ខាងក្រៅ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព