ប្រើ​ល្បិច​ចូល​កាត់​វ៉ែនតា​លួច​យក​កាបូប​លុយ ​និង​គ្រឿងអលង្ការអស់​រាប់​ពាន់​ដុល្លារ​​គេចខ្លួនបាត់​

ខេត្តពោធិ៍សាត់ ​៖​ ក្រុម​ចោរ​មួយ​ក្រុម​បាន​ប្រើ​ល្បិច​ចូល​កាត់​វ៉ែនតា​ ឆ្លៀត​ឱកាស​ដែល​ម្ចាស់ហាងកំពុង​ជាប់រវល់​បាន​លួច​យក​កាបូប​លុយ​ដែល​ដាក់​នៅ​លើ​កៅ​អីសា​ឡុ​ងរួច​​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​ ​។​

ហេតុការណ៍​នេះ​បានប​ង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើលកាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ វិច្ឆិកា ​២០១៥ ​​នៅ​ហាង​កាត់​កញ្ចក់​វ៉ែនតា​មួយ​កន្លែង​ជាប់​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុងភូមិ​ពោរ​អណ្ដោត​ សង្កាត់​រលាប ​ក្រុង​ពោធិ៍សាត់​។

​ម្ចាស់​កាបូប​ដែល​ត្រូវ​ចោរលួច​យក​នោះ​ឈ្មោះ​រិ​ន ឌី​ ភេទ​ស្រី​ អាយុ​៦៥​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ចំការ​ចេក​ខាងជើង ​សង្កាត់​ផ្ទះ​ព្រៃ ​ក្រុង​ពោធិ៍សាត់ ប៉ុន្តែ​គាត់​បាន​ទៅ​ចាំផ្ទះ​ឲ្យ​កូន​ឈ្មោះ​ទី ចាន់​ធី​ ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ ​នៅ​ភូមិ​ពោរ​អណ្ដោត​ សង្កាត់​រលាប​ដែល​បើកហាង​កាត់​កញ្ចក់​វ៉ែនតា​។

​នៅ​ថ្ងៃ​នោះ​មាន​មនុស្ស​ប្រុស​០៣​នាក់​ជិះ​ម៉ូតូ​០២​គ្រឿង​មក​ឈប់​ពីមុខ​ ហើយ​ដើរ​ចូល​មក​ក្នុងផ្ទះ​សួរ​រក​ទិញ​ និង​កាត់​កញ្ចក់​វ៉ែនតា​ ខ​ណៈ​ពេល​ដែល​គាត់​កំពុង​សួរនាំ​រឿង​លេខ​វ៉ែនតា​នោះ​ស្រាប់តែ​គ្នា​វា​ពីរ​នាក់​ទៀត​លួច​យក​កាបូប​លុយ​របស់​គាត់​ដែល​ដាក់​លើ​សា​ឡុ​ង​ក្បែរ​នោះ​រួច​ហើយ​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​អស់​។

​ភ្លាម​ៗ​នោះ​គាត់​មិន​បាន​ចាប់អារម្មណ៍​ទេ​ លុះ​ពេល​ពួក​វា​ចេញ​ផុត​បាន​មួយសន្ទុះ​ទើប​ដឹង​ថា​ បាត់​កាបូប​លុយ ពេល​នោះ​ក៏​ស្រែក​ផ្អើល​ដល់​អ្នក​ជិតខាង​តែ​ម្ដង​។​ យើង​មិន​បានដឹង​ថា​ ក្នុង​កាបូប​នោះ​មាន​អ្វី​​ខ្លះ​ទេ ប៉ុន្តែ​បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​ស្ត្រី​ឈ្មោះ​រិ​ន ឌី ​ដែល​ជា​ម្ចាស់​កាបូប​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​កាបូប​មាន​លុយ​ដុល្លា​រចំនួន​១.០០០​ដុល្លារ លុយ​ខ្មែរ​៧៦​ម៉ឺន​រៀល ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង ចិញ្ចៀនមាស​មួយ​វង់​ទម្ងន់​០៣​ជី  ខ្សែ​ដៃ​ដាំ​ពេជ្រ​ទម្ងន់​០២​តម្លឹង​កន្លះ និង​ខ្សែ​ដៃ​ប្លា​ទី​ន​មួយ​ខ្សែទម្ងន់​០២​តម្លឹង​។

ករណី​នេះ​សមត្ថកិច្ច​​បាន​និង​កំពុង​តែ​សហការ​តាម​ប្រមាញ់​ក្រុម​ចោរ​ទាំង​០៣​នាក់​ដើម្បី​ឈាន​ទៅ​ឃាត់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​។ ​នេះ​គឺជា​រូបភាព​ចោរលួច​ថ្មី​មួយទៀត​ដែល​យើង​ទាំងអស់​គ្នា​គួរតែ​ដឹង​ និង​មានការ​ប្រុង​ប្រ​យ៍​ត្ន​ទាំងអស់​គ្នា​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​រៀង​ៗ​ខ្លួន​ឲ្យ​បាន​គង់វង្ស​៕ ​