យក​ម៉ូទ័រ​កាត់​ការ៉ូ​ទៅ​កាត់​ដើម​ប្ញស្សី​ភ្លាត់​ស្នៀត​កាត់​ចំ​ភ្លៅ​ខ្លួន​ឯង​ហូរ​ឈាម​រហូត​ស្លាប់

ខេត្ត​កំពត​ ៖ បុរស​ចំណាស់​ម្នាក់​បាន​យក​ម៉ូទ័រ​កាត់​ការ៉ូ​តបណ្តាញ​អគ្គិ​សនី​អូស​ខ្សែ​ទៅ​កាត់​ដើម​ប្ញស្សី​ស្រុក​ខាង​ក្រោយ​ផ្ទះ​ភ្លាត់​ស្នៀត​កាត់​ចំ​ភ្លៅ​ខ្លួន​ឯង​បណ្តាល​ឱ្យហូរ​ឈាម​ខ្សោះ​ខ្លួន​​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខ​ភាព​អង្គ​សុភី​ ឃុំ​អង្គ​សុភី ស្រុក​កំពង់​ត្រាច​។​

ហេតុ​ការណ៍​រន្ធត់​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៥ នៅ​ក្នុង​ភូមិ​-ឃុំ​ខាង​លើ​។

ជន​រង​គ្រោះ​ឈ្មោះ​អន ជន អាយុ​៦៧​ឆ្នាំ​ នៅ​ភូមិ​កោះ​ទ្រមួង ឃុំ​បឹង​សាលា​ខាង​ជើង​ ស្រុក​កំពង់​ត្រាច​។

លោក​ចាន់ សាម៉ន ប្រធាន​ឃុំ​បឹង​សាលា​ខាង​ជើង​បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ចំណាស់​ដែល​យក​ម៉ូទ័រ​កាត់​ការ៉ូ​ត​បណ្តាញ​ភ្លើ់ង​អគ្គិសនី​ទៅ​កាត់​ដើម​ប្ញស្សី​ក្រោយ​ផ្ទះ​នេះ គឺ​មិន​ដឹង​ភ្លាត់​ស្នៀត​យ៉ាង​ម៉េច​ទេ ព្រោះ​គ្មាន​អ្នក​ណា​បាន​ឃើញ​ហេតុ​ការណ៍​នោះ ប៉ុន្តែ​មុន​ពេល​គ្រោះ​ថ្នាក់​បុរស​រង​គ្រោះ​បាន​បញ្ជា​ម៉ាស៊ីន​កាត់​ដើម​ប្ញស្សី​ ស្រាប់​តែ​ប្រពន្ធ​នៅ​ឯ​ផ្ទះ​បាន​ដក​ខ្សែ​ភ្លើង​​ចេញ​ពី​រន្ធព្រី​ តែ​បុរស​រង​គ្រោះ​បាន​ស្រែក​ជេរ​ប្រពន្ធ​ពី​កន្លែង​គុម្ព​ប្ញស្សី​ឱ្យ​ប្រពន្ធ​ដោត​ព្រី​វិញ​ តែ​មិន​ដឹង​របូត​ដៃ​យ៉ាង​ម៉េច​បាន​ជា​ម៉ូទ័រចាប់​ផ្តើម​កាត់​ភ្លៅ​ខ្លួន​ឯង​បណ្តាល​ឱ្យ​ដួល​ស្រែក​ឱ្យ​គេ​ជួយ​បាន​តែ​មួយ​ម៉ាត់​​ក៏​បាត់​មាត់​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​ម៉ូតូ​ទៅ​កាន់​មណ្ឌល​សុខ​ភាព​តែ​ម្តង​។

បើ​តាម​គ្រូ​ពេទ្យនិយាយ​ថា បុរស​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ដោយសារ​តែ​ឈាម​ហូរ​ច្រើន​ពេក​៕