ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​នៅ​ប៉ារីស អាជ្ញាធរ​កម្ពុជា​ពង្រឹង​សន្តិសុខ

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​បង្ហោះ​តាម​វិបសាយ​របស់​នគរបាល​ជាតិ​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ពង្រឹង​សន្តិសុខ​ទូទាំង​ប្រទេស​កម្ពុជា ជា​ការ​ឆ្លើយ​ទៅ​នឹង​ការ​វាយ​ប្រហារ​ភេរវកម្ម​កាលពី​សប្ដាហ៍​មុន​នៅ​ក្រុង​ប៉ារីស ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​១២៩​នាក់​ស្លាប់។

លោក ឆាយ គឹមខឿន នាយ​សេនាធិការ​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា សកម្មភាព​ពង្រឹង​សន្តិសុខ​សំដៅ​ការពារ​មិន​ត្រឹម​តែ​ពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ទេសចរ​បរទេស​និង​អ្នក​ស្នាក់នៅ​ផង​ដែរ ដោយ​លើក​ឡើង​ថា យក​ចិត្ត​ទុកដាក់​ជាពិសេស​ទៅ​លើ​ការ​ប្រកួត​បាល់​ទាត់​ជម្រុះ​វើល​ខាប់​ហ្វីហ្វា​កាលពី​យប់​មិញ រវាង​ក្រុម​កម្ពុជា​និង​ក្រុម​ជប៉ុន​នៅ​ពហុកីឡាដ្ឋាន​អូឡាំពិក​ក្នុង​ក្រុង​ភ្នំពេញ។

ឧត្តមសេនីយ៍​ឯក គឹមខឿន បាន​មាន​ប្រសាសន៍​ថា “កម្លាំង​ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​ក្រុង​ភ្នំពេញ​និង​តាម​ខេត្ត​នានា ក្រោយពី​មាន​សេចក្តី​រាយការណ៍​អំពី​ភេរវកម្ម​នៅ​លើ​ពិភព​លោក ជា​ពិសេស​នៅ​ក្រុង​ប៉ារីស និង​ដោយសារ​ប្រទេស​កម្ពុជា​ក៏​ទទួល​រៀបចំ​ការ​ប្រកួត​ជម្រុះ​វើលខាប់​ផង​ដែរ”។

លោក ប៉ែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា លោក​បាន​ទទួល​បញ្ជា​ពី​លោក នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ ឲ្យ​ដាក់​ពង្រាយ​កម្លាំង​នៅ​ជិត​តំបន់​នានា​ដែល​ជន​បរទេស​ទៅ​ញឹកញាប់។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ខ្វល់ខ្វាយ​ណាស់​អំពី​ការ​ពង្រឹង​សន្តិសុខ ពីព្រោះ​ពួក​ភេរវជន​មិន​ដែល​ឲ្យ​យើង​ដឹង​ថា​ពួកគេ​ចង់​វាយ​ប្រហារ ដែល​អាច​កើត​ឡើង​ប្រសិនបើ​យើង​ធ្វេសប្រហែស”។

សំដៅ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​ដែល​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​នៅ​ទីសក្ការៈ​អេរ៉ាវ៉ាន​ក្នុង​ក្រុង​បាងកក​កាលពី​ខែ​សីហា ឧត្តមសេនីយ៍​ត្រី ប៉ែន រ័ត្ន បាន​មាន​ប្រសាសន៍​ថា ពលរដ្ឋ​កម្ពុជា​និង​ប្រទេស​ជិតខាង​ក្នុង​តំបន់​ទំនង​ជា​មិន​មែន​ការ​ចាប់​អារម្មណ៍​ពី​ពួក​សកម្ម​ប្រយុទ្ធ​នោះ​ទេ ប៉ុន្តែ​ជន​បស្ចិម​ប្រទេស​អាច​ជា​គោលដៅ។

លោក​បាន​មាន​ប្រសាសន៍​៍ថា “ពួក​ភេរវករ​មិន​មែន​ជា​សត្រូវ​របស់​ប្រជាជន​ថៃ​ទេ។ មូលហេតុ​ដែល​ពួកគេ​វាយ​ប្រហារ​ប្រទេស​ថៃ គឺ​ពីព្រោះ​មាន​ជន​បស្ចិម​ប្រទេស​ច្រើន​រស់​នៅ​ក្នុង​ប្រទេស​នោះ”។

ទន្ទឹម​នឹង​ទទួល​ស្គាល់​ថា​អាជ្ញាធរ​គ្មាន​ភ័ស្តុតាង​បញ្ជាក់​ថា​ការ​វាយ​ប្រហារ​នឹង​កើត​មាន​ឡើង​នោះ ឧត្តមសេនីយ៍​ត្រី ប៉ែន រ័ត្ន បាន​មាន​ប្រសាសន៍​ថា ប៉ូលិស​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន​ជានិច្ច។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា ពួក​ភេរវករ​មុខ​ជា​មាន​ផែនការ​រួច​ស្រេច​វាយ​ប្រហារ​ប្រទេស​ទាំងអស់ ប៉ុន្តែ ពួកវា​ឥឡូវ​នេះ​កំពុង​រង់ចាំ​បញ្ជា​ឲ្យ​វាយ​ប្រហារ​ប៉ុណ្ណោះ”។

លោក​បាន​បដិសេធ​មិន​និយាយ​ថា​លោក​បាន​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​ប៉ុន្មាន​នាក់​នោះ​ទេ។

លោក​បាន​និយាយ​ថា “ខ្ញុំ​មិន​អាច​ប្រាប់​អស់​លោក​អំពី​ចំនួន​កម្លាំង​របស់​យើង​ទេ ពីព្រោះ​សត្រូវ​អាច​វាយ​ប្រហារ​យើង ប្រសិនបើ​ពួកគេ​ដឹង​ផែនការ​របស់​យើង​ជាមុន​នោះ”៕ និត

 

The post ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​នៅ​ប៉ារីស អាជ្ញាធរ​កម្ពុជា​ពង្រឹង​សន្តិសុខ appeared first on ខេមបូឌា ដេលី.