ជន​២​នាក់​លួងលោម​បង្អកស្រា​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ស្រវឹង រួច​ចាប់រំលោភ ជាប់​ខ្នោះ​ម្នាក់

ខេត្តកណ្តាល ៖ ជនសង្ស័យ​​ម្នាក់ ​ត្រូវ​នគរបាល​ស្រុក​ពញាឮ​ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៥ បន្ទាប់​ពី​ជន​​នោះ និង​គូ​កន​​ម្នាក់​ទៀត​ បាន​លួងលោម​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​បង្អកស្រា រួច​​ចាប់​នាង​រំលោភ​បូក​បាន​សម្រេច​នៅ​លើ​គ្រែ​ក្នុង​ផ្ទះបាយ​​ កាល​ពី​​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​១៦ វិច្ឆិកា ស្ថិត​នៅ​ភូមិ​ដំណាក់​ព្រីង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ​សៀន សម្បត្តិ អាយុ​២៣​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​អំពិល​ដូង ឃុំ​ព្រះ​ស្រែ ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ និង​បក្សពួក​ម្នាក់​ទៀត ​បាន​រត់គេច​ខ្លួន​ឈ្មោះ​ពៅ គង់ អាយុ​ប្រហែល​២០​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ជាមួយ​ជនសង្ស័យ​ដែរ ។

ប្រភព​បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ និង​ក្រុម​ជនសង្ស័យ​ធ្វើការ​ជាមួយ​គ្នា និង​ស្គាល់​រាប់អាន​គ្នា​ដែរ ។ លុះ​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៦ វិច្ឆិកា ពេល​ចេញពី​ធ្វើការ ជនសង្ស័យ​បាន​បបួល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ផឹកស្រា​នៅ​ម្តុំ​ផ្សារ​ឧត្តុង្គ ។ ក្រោយមក​ទៀត ឈ្មោះ​ពៅ គង់ ក៏​បាន​បបួល​លួងលោម​ជន​រង​គ្រោះ​ទៅ​ផឹកស្រា​នៅផ្ទះ​របស់​ខ្លួន​បន្ត​ទៀត ដោយ​ឈ្មោះ​ពៅ គង់ ជា​អ្នក​ឌុ​ប​ដោយ​ម៉ូតូ ។ ពេល​ទៅ​ដល់​ផ្ទះ​ជន​សង្ស័យ​នៅ​​ឃុំ​កើតហេតុ ក៏​បាន​ទិញ​ស្រា​បៀរ​មក​ផឹក​បន្ត​​ទៀត ដោយ​ជនសង្ស័យ​បាន​​បង្អកស្រា​​អស់​ជា​ច្រើន​កំប៉ុង បណ្តាល​ឱ្យ​នាង​ស្រវឹង​។

លុះដល់​យប់​ម៉ោង​០៩យប់​ថ្ងៃដដែល ជន​រង​គ្រោះ​បាន​ដើរ​ចេញពី​វង់​ផឹក​ទៅ​បត់ជើង​តូច​នៅ​ខាងក្រោយ​ផ្ទះ​កន្លែង​ងងឹត ។ ពេល​នោះ​ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​សៀន សម្បត្តិ បាន​ដើរទៅ​តាម​ក្រោយ ​ចាប់​ខ្ទប់មាត់​បី​យក​ទៅ​រំលោភ​លើ​គ្រែ​ក្នុង​រោង​បាយ​និង​បក្សពួក​ម្នាក់​ទៀត ក៏​បាន​រំលោភ​បាន​សម្រេច​ផង​ដែរ ។