ជប៉ុន​នៅ​អ៊ុត​មើល​ការ​ប្រកួត​ចុង​ក្រោយ​ជាមួយ​ស៊ី​រី​ក្រោយ​ឈ្នះ​កម្ពុជា​2-0

រាជធានី​ភ្នំពេញ ៖ ទោះជា​ក្រុម​កម្ពុជា​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ជប៉ុន​នៅ​លើ​ទឹកដី​ខ្លួនឯង សម្រាប់​ការ​ប្រកួត​ជម្រុះ​ព្រឹត្តិការណ៍​World Cup ក្នុង​ទ្វីបអាស៊ី​កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលម្ង៉ៃ ក៏​អ្នកគាំទ្រ​ភាគច្រើន​បាន​ផ្ដោត​ការ​សរសើរ​ជា​ជាង​បន្ដុះបង្អាប់ ចំពោះ​ទម្រង់​លេង​របស់​ក្រុម​កម្ពុជា​លើក​នេះ​ដែរ ។ អ្វី​ដែល​គេ​ចាប់អារម្មណ៍ គឺ​ក្រុម​កម្ពុជា​បើក​ឱ្យ​ជប៉ុន​ស៊ី​បាន​តែ​២​គ្រាប់ ដែល​មាន​ន័យ​ថា​ក្រុម​ជប៉ុន​ត្រូវ​ចាំ​អ៊ុត​មើល​មួយ​ប្រកួត​ទៀត​ជាមួយ​ក្រុម​ប្រទេស​ស៊ី​រី ទើប​អាច​ដឹង​ថា​មានឱកាស​បាន​ឡើង​ឬ​ក៏​អត់?

កាលពី​ប្រកួត​នៅ​ជើង​ទី​១​ក្រៅ​ទឹកដី​ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ជប៉ុន ក្រុម​ជម្រើសជាតិ​ជប៉ុន​ធ្លាប់​យកឈ្នះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​៣-០ រួច​ម្ដង​មក​ហើយ ។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​នៅ​ជើង​ទី​២​នេះ ក្រុម​កម្ពុជា​ធ្វើ​បាន​ល្អ​ជាង​មុន ជា​ពិសេស​នៅ​តង់​ទី​១ ក្រុម​កម្ពុជា​មានឱកាស​លេង​វាយបក​ទៅ​វិញ​ទៅ​មក​ជាមួយ​ក្រុម​ជប៉ុន​បាន​យ៉ាង​ល្អ​បំផុត ។ ក្រុម​កម្ពុជា​មិន​ត្រឹមតែ​អាច​ការពារ​មិន​ឱ្យ​ក្រុម​ជប៉ុន​ទាត់​បាល់​បញ្ចូល​ទី​ខ្លួន​បាន​សម្រេច​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ថែម​ទាំង​មានឱកាស​ស៊ុត​បាល់​សំដៅ​ទី​ក្រុម​ជប៉ុន​បាន​ម្ដងម្កាល​ទៀត​ផង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពង ។ នៅ​ក្នុង​តង់​ទី​១​នេះ ក្រុម​ទាំង​២​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា ០-០​។ ចូល​ដល់​តង់​ទី​២ គេ​សង្កេត​ឃើញ​ក្រុម​ជប៉ុន​ចាប់ផ្ដើម​លេង​ដាក់​សម្ពាធ​មក​លើ​ក្រុម​កម្ពុជា​យ៉ាង​ខ្លាំង​តែ​មានឱកាស​រកបាន​តែ​២​គ្រាប់​ប៉ុណ្ណោះ ។ គ្រាប់​បាល់​ទី​១ កីឡាករ​ឃួ​ន ឡា​បូ​រ៉ា​វី របស់​ក្រុម​កម្ពុជា​ភ្លាត់ស្នៀត​តែ​តបាល់​បញ្ចូល​ទី​ខ្លួនឯង​នៅ​នាទី​ទី​៥១ និង​គ្រាប់​បាល់​ទី​២ រកបាន​ដោយ​កីឡាករ​ហុង ដា ដែល​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ជប៉ុន​នៅ​នាទី​ទី​៨៩ ។

ថ្វី​ដ្បិតតែ​ត្រូវ​ហាលអាវ ប៉ុន្តែ​ក្រុម​កម្ពុជា​បាន​ទទួល​ការ​សរសើរ​មិន​ដាច់​ពី​មាត់​ពី​អ្នកគាំទ្រ​រួមទាំង​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​បើ​ធៀប​នឹង​ការ​ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ​ផ្សេង​នា​ពេល​កន្លង​មក ។ នោះ​គឺ​ដោយសារ​តែ​គូប្រកួត​ដែល​ក្រុម​ម្ចាស់ផ្ទះ​ប៉ះ​ជាមួយ គឺជា​ក្រុម​យក្ស​ក្នុង​ទ្វីបអាស៊ី ដែល​អ្នក​ណា​ក៏​ប៉ាន់​ស្មានថា នឹង​ស៊ី​កម្ពុជា​មិន​ក្រោម​៣​គ្រាប់ ។ ក្នុង​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​នោះ ក្រុម​ជប៉ុន​បាន​ដាក់​សុទ្ធតែ​កីឡាករ​ល្អ​ៗ​លំដាប់​ពិភពលោក​របស់​ខ្លួន​ឱ្យ​ចូល​ប្រកួត​ហើយ​មាន​ទម្រង់​លេង​រស់​រវើក​តាំងពី​ដើម​ដល់​ចប់ ប៉ុន្តែ​កីឡាករ​ជប៉ុន​មានឱកាស​ទាត់បាល់​បញ្ចូល​ទី​ក្រុម​ម្ចាស់ផ្ទះ​បាន​មិន​លើស​ពី​២​គ្រាប់​ឡើយ ។ ជាក់ស្ដែង​គ្រាប់​បាល់​ជា​ច្រើន​គ្រាប់​ត្រូវ​បាន​សង្គ្រោះ​ដោយ​កីឡាករ​អ៊ុំ សេរី​រ័​ត្ន​ដែល​ជា​អ្នកចាំទី​ដ៏​ល្អ​របស់​ក្រុម​កម្ពុជា ដែល​សឹងតែ​ធ្វើ​ឱ្យ​ក្រុម​ក្រុម​ជប៉ុន​ខកចិត្ត​ទៀត​ផង​។  អ្នកគាំទ្រ​របស់​ក្រុម​ភ្ញៀវ​ត្រូវ​គេ​ឃើញ​ប្រមូលផ្ដុំ​គ្នា​កកកុញ​លើក​ទង់ជាតិ និង​ស្រែក​ហ៊ោ​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​របស់​ពួក​គេ​មិន​ចាញ់​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​ប៉ុន្មាន​ឡើយ ។ អ្នក​ទស្សនា​ត្រូវ​បាន​ប៉ាន់​ស្មានថា​មាន​ចំនួន​ច្រើន​ជាង​៥​ម៉ឺន​នាក់ សម្រាប់​ការ​ប្រកួត​មួយ​នេះ​។ យ៉ាងណា​ក៏​ដោយ ក្រុម​ជប៉ុន​នៅ​តែ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកបំណង​ដោយសារ​តែ​ការ​ព្យាករ​ថា ស៊ី​ក្រុម​កម្ពុជា​លើស​ពី​៣​គ្រាប់​តែ​បាន​ត្រឹម​២​គ្រាប់​ហើយ​បាន​ទាំង​លំបាក​ទៀត​ផង ។

យោង​តាម​ការ​ប្រកួត​ដែល​បាន​បញ្ចប់​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​១៧ ខែវិច្ឆិកា​នោះ បាន​បង្ហាញ​ថា ក្រុម​ជប៉ុន​ប្រកួត​៦​លើក​ក្នុង​ចំណោម​៨​លើក ទទួល​បាន​តែ​១៦​ពិន្ទុ ដោយសារ​ក្រុម​នេះ​មើល​ស្រាល​ទម្រង់​លេង​របស់​ក្រុម​សិង្ហ​បុរីពេល​ជួប​គ្នា​កន្លង​មក​បាន​ត្រឹម​លទ្ធផល​ស្មើគ្នា​ធ្វើ​ឱ្យ​ខាត​អស់​២​ពិន្ទុ​។ មក​ទល់​ពេល​នេះ ក្រុម​ជប៉ុន​ស្ថិត​នៅ​កំពូល​តារាង ប៉ុន្តែ​មិន​ទាន់​ច្បាស់​នឹង​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​សម្រាប់​ព្រឹត្តិការណ៍​World Cup នៅឡើយ​ទេ ដោយសារ​តែ​ក្រុម​ស៊ី​រី ក៏​ជា​ក្រុម​ដែល​មានឱកាស​ដូច​គ្នា បើ​ការ​ប៉ះ​គ្នា​លើក​ចុង​ក្រោយ​របស់​ពួក​គេ​ស្រាប់តែ​ក្រុម​ស៊ី​រី អាច​កែប្រែ​វាសនា​ហើយ​យកឈ្នះ​លើ​ក្រុម​ជប៉ុន​បាន ។ ក្នុង​ចំណោម​៦​ប្រកួត​ដូច​គ្នា ក្រុម​ស៊ី​រី​ឈ្នះ​៥ ចាញ់​១ មាន​១៥​ពិន្ទុ ដោយ​ចាញ់​ក្រុម​ជប៉ុន​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា​ឱកាស​ឈាន​ឡើង និង​ការ​ប៉ែង​ជើង​ទៅ​លើ​ក្រុម​ជប៉ុន ក៏​មាន​ភាគរយ​ច្រើន​ដែរ បើ​ជប៉ុន​មិន​រៀប​ជើង​ព្រួល​ឱ្យ​បាន​ម៉ត់ចត់​នៅ​ទឹក​ចុង​ក្រោយ​ទេ​នោះ ។ ក្រុម​ជប៉ុន​នៅ​ប៉ះ​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ក្រុម​ស៊ី​រី​ដើម្បី​បិទ​បញ្ចប់​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​E​។ ចំណែក​ស៊ី​រី​វិញ​នៅ​ប៉ះ​ជាមួយ​ក្រុម​កម្ពុជា និង​ក្រុម​ជប៉ុន​នោះ​ឯង ។ តាម​ការ​ស្ទាបស្ទង់ ក្រុម​ជប៉ុន និង​ស៊ី​រី នឹង​ឈ្នះ​គូប្រកួត​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​លើក​ទី​៧​រៀងខ្លួន​១០០​ភាគរយ​ដូច​គ្នា ប៉ុន្តែ​ជោគវាសនា​របស់​ពួក​គេ​នឹង​ត្រូវ​កាត់ក្ដី​ដោយ​ការ​ប្រកួត​ប៉ះ​គ្នា​នៅ​លើក​ចុង​ក្រោយ ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែមីនា ឆ្នាំ​២០១៦​ខាង​មុខ ។ គូ​នេះ អ្នក​ឈ្នះ​បាន​ឡើង ហើយ​អ្នក​ចាញ់​ហាលអាវ ។ ទោះបី​យ៉ាងណា គេ​មើលឃើញ​ថា ក្រុម​ជប៉ុន​នឹង​មានឱកាស​បោះ​ជំហាន​ទៅ​មុខ​ច្រើន​ជាង ដោយសារ​ជប៉ុន​បើ​បាន​ត្រឹម​ស្មើ​ជាមួយ​ស៊ី​រី ក៏​បាន​ឡើង ហើយ​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​មួយ​នោះ ក្រុម​ជប៉ុន​គឺ​ពិតជា​នឹង​ទម្លាក់​កីឡាករ​ដែល​លេង​ឱ្យ​ក្រុម​បរទេស​ល្អ​ៗ​របស់​ខ្លួន​មក​ទាំងអស់​ដោយ​មិន​អាច​មើល​ស្រាល​ក្រុម​ស៊ី​រី​បាន​ឡើយ​។ ម្យ៉ាង​ក្រុម​ស៊ី​រី មិនមែន​ជា​ក្រុម​អន់​នៅ​ទ្វីបអាស៊ី​នោះ​ទេ​ជា​ពិសេស​ទម្រង់​លេង​របស់​ក្រុម​នេះ បើ​ទោះជា​ក្នុង​ប្រទេស​ស៊ី​រី​ត្រូវ​ប្រឈម​ដោយ​ការ​វាយប្រហារ​គ្នា​ក្ដី ។

សម្រាប់​ពូ​ល​E ក្រុម​ជប៉ុន និង​ស៊ី​រី នឹង​មាន​សង្ឃឹម​បន្ត​សម្រាប់​អ្នក​ណា​បាន​ឈ្នះ​នៅ​ពេល​ប៉ះ​គ្នា ហើយ​ធៀប​នឹង​គ្រាប់​បាល់​វិញ គឺ​ក្រុម​ស៊ី​រី ស៊ី​គូប្រកួត​បាន​ដល់​ជាង​២០​គ្រាប់​ឯណោះ ខណៈ​ជប៉ុន​បាន​តែ​១៧​គ្រាប់ ។ ក្នុង​ជុំ​ទី​១ ក្រុម​ស៊ី​រី ចាញ់​ជប៉ុន​៣-០ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ប៉ះ​គ្នា​ជា​លើក​ទី​២​នោះ កីឡាករ​ស៊ី​រី​ក៏​នឹង​មាន​ទម្រង់​ប្រកួត​ដែល​អាច​ធ្វើ​ឱ្យ​ក្រុម​ជប៉ុន​បះសក់ ដោយសារ​តែ​ក្រុម​នេះ​ក៏​ជា​ក្រុម​ល្អ ដែល​មាន​កីឡាករ​លំដាប់​ពិភពលោក ហើយ​ក៏​មាន​បំណង​ចង់​ឈាន​បន្ត​ក្នុង​ព្រឹត្តិការណ៍​World Cup​ដែរ​។ ដោយឡែក​សម្រាប់​ក្រុម​៣​ទៀត បើ​ទោះជា​ឈ្នះ​ឬ​ចាញ់​សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់ ក៏​ត្រូវ​ហាលអាវ​ដែរ ដោយ​ក្នុង​ចំណោម​នោះ​គឺ​ក្រុម កម្ពុជា​ទទួល​បាន​លទ្ធផល​អាក្រក់​ជាងគេ​។ ការ​ប្រកួត​៧​លើក​កន្លង​មក ក្រុម​កម្ពុជា​មាន​សូន្យ​ពិន្ទុ ដែល​មាន​ន័យ​ថា​មិន​ធ្លាប់​សូ​ម្បី​តែ​ស្មើ​ក្រុម​ភ្ញៀវ ហើយ​ស្ថិត​នៅ​បាត​តារាង​ក្នុង​ពូ​ល ។ ទាំង​ការ​ប្រកួត​ក្នុង និង​ក្រៅ​ទឹកដី កម្ពុជា​រកបាន​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​គេ​ស៊ុត​ចូល​វិញ​គឺ​មាន​ដល់​ទៅ​២១​គ្រាប់​។ ផ្អែក​តាម​លទ្ធផល​នេះ គឺ​ក្រុម​កម្ពុជា​ត្រូវ​គេ​មើលឃើញ​ថា បាន​ក្លាយ​ជាទី​ស៊ុត​យក​គ្រាប់​បាល់​របស់​ក្រុម​៤​ទៀត ដែល​ពួក​គេ​ត្រូវការ​ពិន្ទុ និង​គ្រាប់​បាល់​ដើម្បី​ប្រជែង​គ្នា ។ យ៉ាងណា​ក៏​ដោយ ទម្រង់​លេង​របស់​ក្រុម​កម្ពុជា ពេល​នេះ​ប្រសើរ​ជាង​មុន​ហើយ បើ​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន​ដែល​ធ្លាប់​បណ្ដោយ​ឱ្យ​គូប្រកួត​ស៊ុត​ចូល​ទី​ខ្លួន​ដូច​គេ​រាប់​នោះ ៕