ទោះឈ្នះក្រុមកម្ពុជា ២-០ តែគ្រូបង្វឹកជប៉ុន មិនសប្បាយចិត្ត

ការ​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រឹម​លទ្ធ​ផល ២-០ ក្នុង​ការ​​ជួប​គ្នា​ក្នុង​​វគ្គ​​ជម្រុះ​ជុំ​ទី​២​ពាន 2018 FIFA World Cup Russia ប្រចាំ​ទ្វីប​អាស៊ី នៅ​ពហហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិល​មិញ ធ្វើ​ឲ្យ​លោក Vahid Halihodzic គ្រូ​បង្វឹក​ជម្រើស​ជាតិ​ជប៉ុន មិនសប្បាយ​ចិត្ត​នោះ​ទេ។

​ លោក Vahid Halihodzic បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ក្រោយ​ការ​​​ប្រកួត​បាន​បញ្ចប់​​ថា៖​«​​ខ្ញុំ​មិន​សូវ​ពេញ​ចិត្ត​ចំពោះ​ការ​លេង​របស់​កូន​ក្រុម​ខ្ញុំ​ទេ សម្រាប់​ការ​ប្រកួត​នៅ​តង់​ទី​១ ប៉ុន្តែ​វា​ជា​កំហុស​របស់​ខ្ញុំ ដែល​បាន​​ដាក់​កីឡាករ ​លេង​មិនសូវ​ត្រូវ​គ្នា»។
1
2
គ្រូ​បង្វឹក​ជន​ជាតិ​បូស្នី​រូប​នេះ​បាន​បញ្ជាក់​ថា៖​«នៅ​តង់​ទី​២ ខ្ញុំ​បាន​ផ្តល់​គំនិត​ឲ្យ​ពួក​គេ​​ផ្លាស់​ប្តូរ​នូវ​​ទម្រង់​​លេង។ ​ខ្ញុំបាន​ប្រាប់​ពួក​គេឲ្យ​​រត់​តាម​ពី​ក្រោយ​ខ្សែ​ការពារ​របស់​កម្ពុជា ដើម្បី​បង្កើត​ឱកាស ហើយ​ពួក​គេ​ពិត​ជាបាន​បង្កើត​ឱកាស​ច្រើន​មែន ប៉ុន្តែ​យើង​រក​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ។ ​លទ្ធ​ផល​នេះ​មិន​ស្រប​តាម​ការ​ចង់​បាន​របស់​យើង​នោះ​ទេ គឺ​យើង​គួរ​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​ជាង​នេះ»។​

សម្រាប់​​ការ​ប្រកួត​ជើង​ទី​១ កាល​ពី​​ដើម​ខែ​កញ្ញាស ក្រុមម្ចាស់​ផ្ទះ​​ជប៉ុន បាន​យក​ឈ្នះ​លើ​ក្រុម​កម្ពុជា ៣-០ ​ប៉ុន្តែ​សម្រាប់​ការ​មក​លេង​នៅ​លើ​ទឹក​ដី​កម្ពុជា​វិញ កាល​ពី​យប់​ម្សិល​មិញ​នោះ ក្រុម​ជប៉ុន បាន​បង្កើត​ឱកាស​បាន​តិច​តួច សម្រាប់​ការ​ប្រកួត​នៅ​តង់​ទី​១ ខណៈ​​ខ្សែ​ការពារ​របស់​កម្ពុជា បាន​ព្យាយាម​បិទ និង​រំខាន​ពួក​គេ​ជា​បន្ត​បន្ទាប់ រហូត​ធ្វើ​ឲ្យ​ការ​ប្រកួត​នៅ​ក្នុង​តង់​នេះ​បាន​បញ្ចប់​ដោយ​លទ្ធ​ផល ០-០ នោះ។
3
4
5
​នៅ​នាទីទី​៤៧ក្នុង​តង់​ទី​២ ​ក្រុម​ជប៉ុន​បាន​ទទួល​​ឱកាស​ស៊ុត​ប៉េណាល់​ទី ខណៈ​អាជ្ញាកណ្តាល​បាន​ពិន័យ​ខ្សែ​ការពារ​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​​ខ្សែ​ប្រយុទ្ធ​របស់​ជប៉ុន​ដួល​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់ នោះ។ ប៉ុន្តែ​​អ្នក​ចាំ​ទី អ៊ុំ សេរីរ័ត្ន បានលោត​ចាប់​បាល់​ដែល​ស៊ុត​ដោយ​កីឡាករ​ឆ្នើម​ ​របស់​ជប៉ុន Shinji Okazaki បាន​យ៉ាង​ល្អ​បំផុត។

យ៉ាង​ណា​ក៏​ដោយ ខ្សែ​ប្រយុទ្ធ ឃួន ឡាបូរ៉ាវី ​បាន​​ភ្លាត់​តែត​បាល់​បញ្ចូល​ទីខ្លួន​ឯង​​ ​នាំ​ឲ្យ​ជប៉ុន​នាំ​មុខ​កម្ពុជា ១-០ នៅ​​នាទីទី​៥១ ហើយ​នៅ​នាទីទី​៨៩ ខ្សែ​ប្រយុទ្ធ​ដ៏​ល្បី​ឈ្មោះ របស់​ជប៉ុន Keisuke Honda  បាន​តែត​បាល់​បញ្ចូល​ទី​១​គ្រាប់​ទៀត បន្ទាប់​ពី​ឱកាស​មាស​ជា​ច្រើន​របស់​ក្រុម​នេះ ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​សង្រ្គោះ​ពី​​អ្នក​ចាំ​ទី អ៊ុំ សេរីរ័ត្ន បានជា​ហូរ​ហែ​នោះ។
6
7
8
ការ​ចាញ់​ត្រឹម​លទ្ធ​ផល ២-០ នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ទាល់​ជិត​៣ម៉ឺន​នាក់ ​មាន​​ការ​រីក​រាយក្នុង​ការ​ទទួល​យក រីឯ​លោក Lee Tae Hoon គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក៏​បាន​សម្តែង​ការ​រីក​រាយ​ចំពោះ​​ការ​ខិត​ខំ​លេង​យ៉ាងខ្លាំង​របស់​កូន​ក្រុម​លោក​បាន​ដែរ។

លោក Lee Tae Hoon បាន​៖​«​យើង​បាន​ជួបការ​លំបាក​ម្តង​ហើយ កាល​យើង​ទៅ​ជួប​ក្រុម​ជប៉ុន​នៅ​ក្រៅ​ទឹក​ទី ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​នៅ​ថ្ងៃ​នេះ កីឡាករ​ទាំង​អស់​បាន​ព្យាយាម​លេខ​ដោយ​ឆន្ទៈ​ និង​អស់​ពី​សមត្ថ​ភាព​១០០​ភាគ​រយ ហេតុ​នេះ​ការ​ចាញ់​ត្រឹម ២-០ ខ្ញុំ​អាច​ទទួល​យក​បាន ព្រោះ​វា​ល្អ​ប្រសើរ​ជាង​ការ​ប្រកួត​លើក​មុន»៕​