ការពិត​ដ៏​គួរឲ្យភ្ញាក់ផ្អើល ចំពោះ​រោគសញ្ញា នៃ​ការ​មាន​ផ្ទៃពោះ​ដំបូង​

ការពិត​ដ៏​គួរឲ្យភ្ញាក់ផ្អើល ចំពោះ​រោគសញ្ញា នៃ​ការ​មាន​ផ្ទៃពោះ​ដំបូង​

​ស្ត្រី​មួយ​ចំនួន តែងដឹងថា​ខ្លួនឯង​មាន​ផ្ទៃពោះ ទោះបីជា​មិន​ទាន់​ធ្វើតេស្ត​ទឹកនោម ឃើញ​វិជ្ជមាន​ក៏ដោយ ហើយ​រោគសញ្ញា​ដំបូងបង្អស់ នៃ​ការ​មាន​ផ្ទៃពោះ មានដូចជា ៖
•​    ​តឹង ឈឺ​សុដន់ ៖ ស្ត្រី​ជា​ច្រើន​និយាយថា ភាព​តឹង​និង ឈឺ​សុដន់​ដែល​ពួកគេ​មាន​នោះ មាន​លក្ខណៈ​ខ្លាំងក្លា ជាង​ពេលដែល​ពួកគេ​មក​រដូវ​។
•​    ​អស់កម្លាំង ៖ អា​ការៈនៃការ​អស់កម្លាំង​កើតឡើង​ភ្លាមៗ​។ ការកើនឡើង​នៃ​អ័រម៉ូន​ប្រូ​ហ្សេ​សស្តេ​រ៉ូន (Progesterone) និង​ទាមទារ​ឲ្យមាន​កិច្ចខិតខំ​បន្ថែម ដើម្បី​ចាប់ផ្តើម​បង្កើត​ជា​រូបរាង​កូន អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍ ដូច​ត្រូវឲ្យ​ទៅរត់​ម៉ារ៉ាតុង​ទៀត ពេល​ទើបតែ​បញ្ចប់​ការងារ ពេញ​មួយ​ថ្ងៃ​ហើយ​អញ្ជឹង​។​
•​    ​នោម​ញឹក ៖ រយៈពេល​យ៉ាង​ខ្លី ក្រោយពី​មាន​ផ្ទៃពោះ អ្នក​ប្រហែលជា​ដឹងខ្លួន​ថា ចេះ​តែរ​ហន់​ទៅ​បន្ទប់ទឹក ដើម្បី​នោម​ជាមិនខាន​។
•​    ​ច្រមុះ​ធំក្លិន​មិន​ធម្មតា ៖ ស្ត្រី​ទើប​តែ​មាន​ផ្ទៃពោះ​ថ្មីៗ​ជាច្រើន ដឹង​ថា​ខ្លួនឯង​មាន​បញ្ហា ទាក់ទង​នឹង​ក្លិន​ខ្លាំង ពេល​មាន​ផ្ទៃពោះ​ដំបូង​។ រឿង​នេះ​ប្រហែលជា​ផល​រំខាន នៃ​ការកើនឡើង​យ៉ាង​លឿន របស់​អ័រម៉ូន​អឹ​សស្ត្រូ​ហ្សែ​ន (Estrogen) ក្នុង​ខ្លួន​។
•​    ​ស្អប់​អាហារ ៖ ការ​ស្អប់​អាហារ គឺជា​រោគសញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ ដែល​កើតមាន​ជា​ញឹកញាប់ និង​ច្រើន​ជាង​ការ​ឃ្លាន​អាហារ​។ ភ្លាមៗ​នោះ អ្នក​ប្រហែលជា​ដឹងថា អាហារ​ដែល​អ្នក​ធ្លាប់តែ​ចូលចិត្ត​ញ៉ាំ ឥឡូវនេះ វា​គួរ​ឲ្យ​ខ្ពើម​បំផុតហើយ​។
•​    ​ចង្អោ​រ ឬ​ក្អួត ៖ ការ​ចាញ់កូន ច្រើន​តែ​មិន​ចាប់ផ្តើម ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ឡើយ ប៉ុន្តែ​ស្ត្រី​មួយចំនួន ច្រើន​តែ​មាន​អារម្មណ៍​ចង់​ក្អួត​ទៅវិញ​។
•​    ​សីតុណ្ហភាព ពេល​សម្រាក​ឡើង​ខ្ពស់ ៖ បើសិន​ជា​អ្នក​វាស់​កម្តៅ​ទៅ​ឃើញ​ថា ឡើង​ខ្ពស់​រយៈពេល ១៨ ថ្ងៃ​ហើយ (​គ្មាន​ជំងឺ​) អ្នក​ប្រហែលជា​មាន​ផ្ទៃពោះ​ហើយ​។
•​    ​ការ​ហូរឈាម ឬ​មាន​ស្នាម​អុចៗ ៖ ស្ត្រី​មួយ​ចំនួន​សម្គាល់​ឃើញ មាន​ស្នាម​អុច​ក្រហម ផ្កាឈូក ឬ​ត្នោត​តូចៗ ដូច​ពេល​ដែល​ពួកគេ​មក​រដូវ​ដែរ​។ (​បើសិន​ជា​អ្នក មាន​ការឈឺចាប់​កើតឡើង ជាមួយនឹង​ស្នាម​អុចៗ ឬ​ហូរឈាម ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម ព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​កូនក្រៅស្បូន​)​។​

​អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា ចូរ​ផ្អាក​ការ​ធ្វើ​តេស្ត រកមើល​ការ​មាន​ផ្ទៃពោះ នៅផ្ទះ​សិន​ទៅ ព្រោះ​វា​មិន​អាច​មាន​ប្រសិទ្ធភាព​ល្អ​នោះទេ រហូត​ដល់​រយៈពេល​មួយ​សប្តាហ៍ ក្រោយ​ពី​បាត់​រដូវ ហើយ​ការ​ធ្វើ​តេស្ត​នៅតាម​ផ្ទះ​នៅពេលនេះ គ្រាន់តែ​ចំណាយលុយ និង​ខាត​ពេលវេលា ចោល​ឥតប្រយោជន៍​ប៉ុណ្ណោះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។