ប្រទេសបារាំងស្វែងរកមុខមនុស្សទី២ដែលជាប់ទាក់ទងនឹងការវាយប្រហារនៅប៉ារីស

ប្រទេសបារាំងស្វែងរកមុខមនុស្សទី២ដែលជាប់ទាក់ទងនឹងការវាយប្រហារនៅប៉ារីស

ប៉ូលីស​ឈរ​យាម​បន្ទាប់​ពី​ឡោមព័ទ្ធ​បិទ​តំបន់​មួយ​នៅ​កណ្តាល​ទីក្រុង​ប៉ារីស​ ក្រោយ​ការវាយប្រហារ​ជា​បន្តបន្ទាប់​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១២៩​នាក់។​

ក្រុម​មន្ត្រី​បារាំង​បាន​និយាយ​នៅ​យប់​ថ្ងៃ​អង្គារថា ពួក​គេ​កំពុង​ស្វែង​រក​មុខ​ជនរត់​គេ​ច​ខ្លួន​ទី២ ដែល​ជាប់​ទាក់​ទិន​ផ្ទាល់ក្នុង​ការ​វាយ​ប្រហារ​នៅ​ទីក្រុង​ប៉ារីស។

មន្ត្រី​៣​នាក់ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ពី​ព្រោះ​ពួក​គេ​មិន​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ផ្តល់​ព័ត៌មាន​ពិស្តារ​អំពី​ការ​ស៊ើប​អង្កេត​ដែល​កំពុង​ធ្វើ​ជា​បន្តនោះ បាន​ថ្លែង​ថា​ការ​វិភាគ​ការ​វាយ​ប្រហារជា​បន្ត​បន្ទាប់កាល​ពី​យប់ថ្ងៃ​ទី​១៣ វិច្ឆិកា បាន​បង្ហាញ​ថា នៅ​មាន​មនុស្ស​ម្នាក់​ដែល​ជាប់​ទាក់​ទិន​ផ្ទាល់ហើយ​មិន​ទាន់ត្រូវ​បាន​រក​ឃើញនៅ​ឡើយ។

អ្នក​ធ្វើការ​វាយប្រហារ​៧​នាក់បាន​ស្លាប់​នៅ​យប់​នោះ បី​នាក់​នៅ​ជុំវិញកីឡាដ្ឋាន​ជាតិ បី​នាក់​ក្នុង​កន្លែង​ប្រគុំ​តន្រី ហើយ​ម្នាក់​ទៀត​នៅ​ភោជនីយដ្ឋាន​មួយ​ក្បែរ​ទីនោះ ក្នុង​ការ​វាយ​ប្រហារ​ជាបន្ត​បន្ទាប់​មួយ​ ដែល​បាន​សម្លាប់​មនុស្ស​១២៩​នាក់និង​ធ្វើ​ឲ្យ​មនុស្ស​ជាង​៣០០នាក់​ទៀតរង​របួស។ បុរស​ប្រដាប់​អាវុធ​មួយ​ក្រុមក៏​បាន​បាញ់​កាំ​ភ្លើង​នៅ​កន្លែង​ដើរ​លេង​ពេលយប់នៅ​ទីក្រុង​ប៉ារីស​ផង​ដែរ នេះ​បើ​តាម​សម្តី​របស់​ក្រុម​មន្ត្រី។

អាជ្ញាធរ​បារាំង​និងបែលហ្ស៊ិកបាន​ចេញ​ដី​កា​រក​ចាប់​ខ្លួន​មនុស្ស​ម្នាក់​ឈ្មោះ Salah Abdeslam ​ដែល​បង​ប្អូ​នប្រុស​របស់​គាត់ ជា​ជន​ដៃ​ដល់​ម្នាក់។ ក្រុ​មមន្ត្រី​បាន​និយាយ​ថា​គេ​នៅ​មិន​ទាន់​បាន​សម្គាល់​អត្តសញ្ញាណ​នៃ​ជន​ទី​២ ដែល​គេ​កំពុង​រក​មុខ​នោះ​នៅ​ឡើយ។

នៅ​ពេល​ជា​មួយ​គ្នា​នេះ លោក​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា. John Kerry ​បាន​ថ្លែង​កាល​ពី​ថ្ងៃអង្គារ​ថា ក្រុមរដ្ឋឥស្លាម​នឹង​ទទួល​ការ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត នៅ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ គ្រា​ដែល​ស.រ.អា. ប្រទេស​បារាំង​ និងបក្ស​សម្ព័ន្ធ​របស់​ខ្លួនឯ​ទៀត បង្កើន​កិច្ច​ប្រឹង​ប្រែងរបស់​ពួកគេប្រឆាំង​លើពួក​កង​ជីវពល ដែល​បាន​ប្រកាស​ទទួល​ខុសត្រូវ ក្នុង​ការ​វាយ​ប្រហារ​យ៉ាង​បង្ហូរ​ឈាម​នៅក្រុង​ប៉ារីស៕​