សូមប្រុងប្រយ័ត្ន! សំបកទូរស័ព្ទ iPhone បានបែក និងបញ្ចេញ សារធាតុគីមី ធ្វើឲ្យស្ត្រីម្នាក់ រលាក ដូចត្រូវភ្លើងដុត

នូវែលសេឡង់៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីវ័យក្មេងម្នាក់ មានឈ្មោះថា Erin Nelson រស់នៅក្នុងតំបន់ Otago នៃប្រទេសនូវែលសេឡង់ បានរងការរលាក ដ៏រន្ធត់មួយ ដែលមានទំហំ ធំជាងបាតដៃ របស់នាងទៅទៀត ដោយសារតែ សំបកទូរស័ព្ទ iPhone ពណ៌ផ្កាឈូក ចាំងផ្លេកៗ ដែលនាងបានទិញ ពីហាងមួយកន្លែង ឈ្មោះ Forever New ស្ថិតក្នុងទីក្រុង Dunedin កាលពីសប្តាហ៍មុន បានបែក និងបញ្ចេញ សារធាតុគីមី តាមហោប៉ៅខោ របស់នាង។

សូមប្រុងប្រយ័ត្ន! សំបកទូរស័ព្ទ iPhone បានបែក និងបញ្ចេញ សារធាតុគីមី ធ្វើឲ្យស្ត្រីម្នាក់ រលាក ដូចត្រូវភ្លើងដុត
ស្នាមរបួសរបស់នាង Nelson 

ជាមួយគ្នានេះដែរ នាង Nelson បានរៀបរាប់ការឈឺចាប់ ដោយបង្ហោះសារ ទៅលើទំព័រ របស់ហាង Forever New នៅលើបណ្តាញសង្គម ហ្វេសប៊ុក ថា «កាលពីសប្តាហ៍មុន ខ្ញុំបានទិញសំបកទូរស័ព្ទ iPhone 5 ដែលមានពន្លឺផ្លេកៗ ពីហាងរបស់អ្នក ប៉ុន្តែនៅយប់ ថ្ងៃសៅរ៍ វាក៏មានស្នាមប្រេះតូចមួយ ហើយខ្ញុំក៏មិនបាន ចាប់អារម្មណ៍ដែរ។ នៅថ្ងៃបន្ទាប់ ក្រោយពីភ្ញាក់ពីគេង សំបកទូរស័ព្ទនោះ ក៏បានបែក និងបញ្ចេញ សារធាតុគីមី ចេញមកក្រៅ ហើយខ្ញុំក៏ទទួលរង ការរលាកកម្រិតទី២ នៅត្រង់គូទ តែម្តង។ នៅលើសំបកវិចខ្ចប់ មិនបាននិយាយថា មានសារធាតុគីមី នៅក្នុងសំបកទូរស័ព្ទ នោះឡើយ ដូច្នេះហើយ ខ្ញុំចង់ឲ្យនរណាម្នាក់ ទាក់ទងជាមួយខ្ញុំ ដើម្បីបកស្រាយ ឲ្យខ្ញុំដឹងថា តើសារធាតុគីមីអ្វី ដែលបានធ្វើឲ្យខ្ញុំរលាក»។

សូមប្រុងប្រយ័ត្ន! សំបកទូរស័ព្ទ iPhone បានបែក និងបញ្ចេញ សារធាតុគីមី ធ្វើឲ្យស្ត្រីម្នាក់ រលាក ដូចត្រូវភ្លើងដុត
សារនៅលើហ្វេសប៊ុក របស់នាង Nelson ទៅកាន់ហាង Forever New

គួរបញ្ជាក់ផងដែរថា ការរលាក ដែលបណ្តាលមកពី សារធាតុគីមីនោះ បានធ្វើឲ្យនាង Nelson មានស្នាមជាំ ពណ៌ក្រហម ដ៏ធំ និងមានពងស្បែក នៅលើគូទ ទៀតផង។ ម្យ៉ាងវិញទៀត វាធ្វើឲ្យនាង ងាយនឹងឆ្លងមេរោគ ណាស់ ដូច្នេះនាងត្រូវ ផ្លាស់ប្តូរសម្លៀកបំពាក់ ជាច្រើនកំផ្លេរ ក្នុងមួយថ្ងៃៗ និងប្រុងប្រយ័ត្នបំផុត នៅពេលអង្គុយ ដើម្បីកុំឲ្យ មានការឈឺចាប់ ដល់មុខរបួស។

យ៉ាងណាមិញ ការរៀបរាប់ របស់នាង Nelson ទទួលបានការចាប់អារម្មណ៍ ពីអ្នកប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក យ៉ាងឆាប់រហ័ស និងមានមនុស្សជាច្រើន ចូលទៅបញ្ចេញមតិ ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ហាង Forever New ក៏បានឆ្លើយតប និងសុំទោស យ៉ាងឆាប់រហ័ស វិញផងដែរ នៅលើបណ្តាញសង្គម ហ្វេសប៊ុក ទៅកាន់នាង Nelson ហើយនិយាយថា ពួកគេកំពុង ធ្វើការស៊ើបអង្កេត ចំពោះបញ្ហានេះ និងដកសំបកទូរស័ព្ទ ប្រភេទនោះចេញ ពីក្នុងហាង និងនៅលើគេហទំព័រ ហើយសំណូមពរ ដល់អតិថិជន ដែលបានទិញសំបកទូរស័ព្ទ ប្រភេទនោះ ឲ្យយកមកប្តូរ យកលុយវិញ ដើម្បីជៀសវាង កុំឲ្យកើតមាន ហេតុការណ៍បែបនេះទៀត។

ជាងនេះទៅទៀត ហាង Forever New ក៏បានឲ្យដឹងដែរថា មានអតិថិជន របស់ពួកគេខ្លះ បានអះអាងថា សំបកទូរស័ព្ទ iPhone 5 របស់ពួកគេ ដែលបានទិញទៅ បានបែកដែរ ប៉ុន្តែមិនមាន សារធាតុគីមី អ្វីឡើយ ក្រៅពីមានក្លិន ដូចសាំង ភាយចេញមក៕

សូមប្រុងប្រយ័ត្ន! សំបកទូរស័ព្ទ iPhone បានបែក និងបញ្ចេញ សារធាតុគីមី ធ្វើឲ្យស្ត្រីម្នាក់ រលាក ដូចត្រូវភ្លើងដុត
សំបកទូរស័ព្ទ ដែលនាង Nelson បានទិញ ពីហាង Forever New 

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត