អា​មេ​រិ​ក និង​បារាំង​គ្រោង​រៀបចំ​ការ​វាយលុក​ខាង​យោធា​សំខាន់​មួយ​ប្រឆាំង​ក្រុម​រដ្ឋ​អិុស្លា​ម​នៅ​ស៊ី​រី

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​ច​ន ឃ័​រ​រី ថ្លែង​កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា បន្ទាប់​ពី​ជួប​ពិភាក្សា​នៅ​វិមាន​អេ​លី​ហ្សេ​ជាមួយ​ប្រធានាធិបតី​បារាំង លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ថា សហរដ្ឋអាមេរិក និង​បារាំង​ត្រៀម​រៀបចំ​នា​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ នូវ​ការ​វាយលុក​ខាង​យោធា​សំខាន់​មួយ​ប្រឆាំង​ពួក​រដ្ឋ​អិុ​ស្លា​ម​នៅ​ស៊ី​រី បន្ទាប់​ពី​ពួក​រដ្ឋ​អិុ​ស្លា​ម​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​បង្ហូរឈាម​នៅ​ទី​ក្រុងប៉ារីស​កាលពី​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា ។

លោក​ឃ័​រ​រី អះអាង​ថា ខ្ញុំ​ជឿជាក់​ថា ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ ក្រុម​រដ្ឋ​អិុ​ស្លា​ម​នឹង​រង​ការ​គាបសង្កត់​យ៉ាង​ខ្លាំង​បំផុត​មួយ ព្រោះ​យើង​នឹង​យកឈ្នះ​លើ​ក្រុម​នេះ ។ ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ដឹង​ហើយ​នា​ពេល​នេះ ។ យើង​នឹង​ដណ្តើម​យក​ដែនដី​កាន់តែ​ធំ ។

លោក​ច​ន ឃ័​រ​រី បាន​ទៅ​ដល់ទី​ក្រុងប៉ារីស​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ដើម្បី​សម្តែង​ពី​ការ​ជួយ​ទ្រទ្រង់​របស់​សហរដ្ឋអាមេរិក ចំពោះ​បារាំង​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១៣ វិច្ឆិកា ។

លោក​ឃ័​រ​រី បន្ត​ថា យើង​បាន​ព្រមព្រៀង​ផ្លាស់​ប្តូរ​ព័ត៌មាន​គ្នា ។ យើង​នឹង​ចាត់​រាល់​វិធានការ​ក្នុង​គ្រប់​វិស័យ​សំដៅ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង ព្រមទាំង​សកម្មភាព​ប្រឆាំង​ពួក​រដ្ឋ​អិុ​ស្លា​ម ។ យើង​នឹង​ឈ្នះ​លើ​ក្រុម​រដ្ឋ​អិុ​ស្លា​ម និង​លើ​ពួក​អ្នក​ដែល​ដើរ​តាម​មនោគមន៍វិជ្ជា​គួរ​ឱ្យ​ស្អប់ខ្ពើម​របស់​គេ ។ យើង​នឹង​ប្រយុទ្ធ​រួម​គ្នា ហើយ​យើង​នឹង​ទទួល​បាន​ជ័យជម្នះ ។

កង​យន្តហោះ​បារាំង​កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា បាន​ចេញ​វាយប្រហារ​សម្រាប់​ថ្ងៃ​ទី​៣​ជាប់​ៗ​គ្នា​លើ​ទីតាំង​ក្រុម​រដ្ឋ​អិុ​ស្លា​ម​នៅ​ទីក្រុង​រ៉ា​កា ភាគ​ខាងជើង​ស៊ី​រី ។

៤​ថ្ងៃក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ ក្រុងប៉ារីស ពួក​អ្នកស៊ើប​អង្កេត​បារាំង​បាន​កំណត់​ដឹង​អត្តសញ្ញាណ​ភេរវ​ករ​៦​នាក់ ក្នុង​ចំណោម​ភេរវ​ករ​៨​នាក់ ហើយ​បាន​ធ្វើការ​ឆែកឆេរ​២៩៦​កន្លែង និង​ចាប់ខ្លួន​មនុស្ស​៣៣​នាក់ ចំណែក​ភេរវ​ករ​ម្នាក់​ដែល​រត់គេច​ខ្លួន​ជា​កម្មវត្ថុ​នៃ​ដីកាចាប់ខ្លួន​អន្តរជាតិ​មួយ ។

ចំណែក​ប៉ូលិស​បារាំង​កំពុង​ធ្វើ​ប្រតិបត្តិការ​មួយ​នៅ SAINT-DENIS ហើយ​មាន​សេចក្តីរាយការណ៍​ពី​ការ​បាញ់​ត​គ្នា ។ ប្រភព​ប៉ូលិស​មួយ​និយាយ​ថា បុរស​២​នាក់​ជា​មុខសញ្ញា​នៃ​ការ​វាយលុក​ត្រូវ​ស្លាប់ ហើយ​បុរស​ទី​៣​ម្នាក់​ទៀត​ក៏​អាច​ស្លាប់​ដែរ រួច​ប៉ូលិស​ច្រើន​នាក់​រង​របួស ៕