យន្តហោះ AIR FRANCE 2 ចាក​ចេញពី​អា​មេ​រិ​ក​ហោះ​បក​ក្រោយ​ព្រោះ​ការ​ប្រកាស​អាសន្ន​គ្រាប់បែក

យន្តហោះ​២​គ្រឿង​របស់​ក្រុមហ៊ុន AIR FRANCE បារាំង​ដែល​ហោះ​មក​កាន់​ទី​ក្រុងប៉ារីស​បាន​ហោះ​បក​ក្រោយ​វិញ កាលពី​យប់​ថ្ងៃ​ទី​១៧ វិច្ឆិកា បន្ទាប់​ពី​ហោះ​ចេញពី​សហរដ្ឋអាមេរិក​ព្រោះ​ការ​គំរាមកំហែង​ដោយ​អាថ៌​កំបាំង​តាម​ទូរស័ព្ទ​និយាយ​ពី​វត្តមាន​នៃ​គ្រាប់បែក​ក្នុង​យន្តហោះ ។

៥​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​បង្ហូរឈាម​នៅ​ក្រុងប៉ារីស បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១២៩​នាក់ យន្តហោះ AIR FRANCE បាន​ហោះ​បក​ក្រោយ​ទៅ​កាន់​ទីក្រុង SALT LAKE CITY រដ្ឋ​អ៊ូ​តា​ហ៍​វិញ បន្ទាប់​ពី​ហោះ​ចេញពី​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ចំណែក​យន្តហោះ AIR FRANCE ទី​២​ហោះ​ចាក​ចេញពី​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​បក ទៅ​ចុះ​នៅ​ទីក្រុង​ហា​លី​ហ្វា​ក់ ប្រទេស​កា​ណា​ដា ។

យន្តហោះ​ទាំង​២​គ្រឿង​នេះ​គឺ​យន្តហោះ​ជើងហោះហើរ​៦៥​ចាក​ចេញពី​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស និង​យន្តហោះ​ជើងហោះហើរ​៥៥​ចាក​ចេញពី​ព្រ​លាន​យន្តហោះ WASHINGTON-DULLES បាន​ចុះ​ចត​ដោយ​គ្មាន​បញ្ហា ។

ក្នុង​សេចក្តី​ប្រកាស​មួយ AIR FRANCE និយាយ​ថា យន្តហោះ​ទាំង​២​គ្រឿង​នេះ​ជា​កម្មវត្ថុ​នៃ​ការ​គំរាមកំហែង​ដោយ​អាថ៌​កំបាំង​បន្ទាប់​ពី​ហោះ​ចេញ ។ ជា​ការ​ប្រុង​ប្រយ័ត្ន និង​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​សន្តិសុខ​ចាំបាច់ AIR FRANCE សម្រេច​ឱ្យ​យន្តហោះ​ទាំង​២​នេះ​ចុះ​ចត​បន្ទាន់ ។

ក្រុមហ៊ុន AIR FRANCE បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​កំពុងធ្វើការ​ត្រួតពិនិត្យ​ក្នុង​យន្តហោះ​ទាំង​២ រួច​បណ្តា​អ្នកដំណើរ និង​អីវ៉ាន់​ក៏​ត្រួតពិនិត្យ​ដែរ ហើយ​ការ​ស៊ើបអង្កេត​មួយ​ក៏​កំពុង​ធ្វើ​ដើម្បី​កំណត់​ប្រភព​នៃ​ការ​គំរាមកំហែង​តាម​ទូរស័ព្ទ​នេះ ។

ឧប្បត្តិហេតុ​នោះ​កើត​មាន​ពេល​សភាពការណ៍​កំពុង​តានតឹង ។ រួច​កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ការ​ប្រកួត​បាល់ទាត់​រវាង​ក្រុម​អា​ល្លឺ​ម៉​ង់ និង​ក្រុម​ហូ​ឡង់ ដែល​ចាត់ទុកជា​និមិត្តរូប​នៃ​សេរីភាព ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស​ត្រូវ​បាន​លុប​ចោល​វិញ​នៅ​ក្រុង HANOVRE ភាគ​ខាងជើង​អា​ល្លឺ​ម៉​ង់ ព្រោះ​ខ្លាច​មានការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រាប់បែក​ក្នុង​ស្តា​តនៃ​ទីក្រុង​នេះ ៕