ភូមា​លុប​ចោល​ច្បាប់អាជ្ញាសឹក​នៅ​តំបន់​កូ​កាង រដ្ឋ​សាន

យោង​តាម​បទបញ្ជា​មួយ​របស់​ខុទ្ទកាល័យ​ប្រធានាធិបតី​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ថា រដ្ឋាភិបាល​ភូមា​បាន​លុប​ចោល​ច្បាប់អាជ្ញាសឹក​នៅ​រដ្ឋ​សាន ក្នុង​តំបន់​កូ​កាង ខណៈ​សភាពការណ៍​វិល​មក​ធម្មតា​វិញ​ហើយ​ស្ងប់ស្ងាត់ ។

ការ​លុប​ចោល​ច្បាប់អាជ្ញាសឹក​ក្នុង​តំបន់​ស្វយ័ត​នេះ​ដែល​កាលពីមុន​ហែកហួរ​ដោយ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កងទ័ព​រដ្ឋាភិបាល និង​កងកម្លាំង​ឧទ្ទាម​នៃ​កងទ័ព​សម្ព័ន្ធភាព​ជាតិ​ប្រជាធិបតេយ្យ​មី​យ៉ា​ន់​ម៉ា (​ភូមា​) កើត​មាន​ចាប់តាំងពី​ថ្ងៃ​ទី​១៧ វិច្ឆិកា មក ។

ខុទ្ទកាល័យ​ប្រធានាធិបតី​ភូមា​បញ្ជាក់​ថា ការ​លុប​ចោល​ច្បាប់អាជ្ញាសឹក​នេះ​ត្រូវ​បាន​ប្រកាស បន្ទាប់​ពី​ភូមិដ្ឋាន​ទាំងឡាយ​មាន​សភាព​ស្ងប់ស្ងាត់​វិញ ហើយ​នីតិរដ្ឋ​ក៏​មាន​ជា​ធម្មតា​វិញ​មក ។

រដ្ឋាភិបាល​ភូមា​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០១៥ នូវ​ការ​ប្រកាស​អាសន្ន​រយៈពេល​៩០​ថ្ងៃ​ក្នុង​តំបន់​កូ​កាង ព្រមទាំង​ច្បាប់អាជ្ញាសឹក បន្ទាប់​ពី​ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​រវាង​កងទ័ព​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​នៃ​ក្រុម​កងទ័ព​សម្ព័ន្ធភាព​ជាតិ ប្រជាធិបតេយ្យ​មី​យ៉ា​ន់​ម៉ា MNDAA ។ ការ​ប្រកាស​អាសន្ន​ត្រូវ​ពន្យារពេល​៣​លើក រួច​ត្រូវ​ផុតកំណត់​ចាប់ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ។ ក្រោយ​ការ​ប្រយុទ្ធ​គ្នា រដ្ឋាភិបាល​អះអាង​ពី​ការ​គ្រប់គ្រង​តំបន់​នេះ ។

ពួក MNDAA បាន​ប្រកាស​ជា​ឯកតោភាគី​ពី​បទ​ឈប់​បាញ់​គ្នា​មួយ​កាលពី​ខែមិថុនា ដើម្បី​ឱ្យ​មាន​ស្ថេ​រ​ភាព និង​សន្តិភាព​នៅ​តាម​បណ្តោយ​ព្រំដែន ។ MNDAA ពុំ​ត្រូវ​បាន​រដ្ឋាភិបាល​អញ្ជើញ​ឱ្យទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ឡើយ ទោះបី​រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាតិ​មួយ​ជាមួយ​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​៨​ក្រុម កាលពី​ថ្ងៃ​ទី​១៥ តុលា ក្តី ។ រដ្ឋាភិបាល​ចង់​ធ្វើការ​ពិភាក្សា​ដាច់​ដោយឡែក​ជាមួយ​ក្រុម MNDAA ៕