បញ្ជូន​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ទៅ​សាលា​ដំបូងពាក់​ព័ន្ធ​លួច​​​ប្រាក់​ជិត​១​ម៉ឺន​ដុល្លារ​ពី​ភោជនីយ​ដ្ឋាន​ដែល​នាង​គ្រប់​គ្រង

ខេត្ត​ព្រះ​សីហនុ​ ៖ ​កាល​ពី​រសៀល​ថ្ងៃ​ទី១៧ ​វិច្ឆិកា ​២០១៥ កំលាំង​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត​ព្រះ​សីហ​នុបាន​បញ្ជូន​ស្ត្រី​វ័យក្មេង​ម្នាក់ដែល​ជាប់ចោទ​ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ ដោយ​បាន​លួច​យក​ប្រាក់​ពី​កន្លែង​ភោជនីយដ្ឋាន ដែល​ខ្លួន​នាង​ជា​អ្នកគ្រប់គ្រង លើ​ការ​ទូទាត់សាច់ប្រាក់ ចំណូល និងចំណាយ​ផ្សេង​ៗ ​។

​លោក​វរសេនី​យ៍ត្រី វ៉ា ចាន់​ថន នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌទីបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​ព្រះ​សីហ​នុ បានឱ្យដឹង​ថា ស្ត្រី​វ័យក្មេងដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូងខេត្ត​ព្រះ​សីហ​នុ តាម​ពេលវេលា​ខាងលើ មានឈ្មោះ អឿ​ន វណ្ណៈ អាយុ២២​ឆ្នាំ មុខរបរជា​បុគ្គលិក​ទទួល​បន្ទុក​ផ្នែក​គិតលុយ នៅ​ភោជនីយដ្ឋានយីហោ​មនោ​រម្យ ដែល​មាន​ទីតាំង​ស្ថិត​នៅក្រុម​៧ ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មានស្រុក​កំណើត​ភូមិ​ពោ​ធិ៍​ធំ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ភោជនីយដ្ឋាន​ខាងលើ​នេះ ។

លោក វ៉ា ចាន់​ថន បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ការ​ឃាត់ខ្លួន និងបញ្ជូន​ខ្លួន​ស្ត្រី​វ័យក្មេង​ខាងលើ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ឈ្មោះ បិត វ​ណ្ណា ភេទប្រុស អាយុ៣៦​ឆ្នាំ ជា​ម្ចាស់​ភោជនីយដ្ឋាន​ខាងលើ ដែល​បាន​ប្តឹង​ចោទប្រកាន់​ថា ស្ត្រី​វ័យក្មេង​ជា​ជនសង្ស័យបាន​លួច​យក​ប្រាក់​អស់​ប្រមាណ​ជិត​មួយ​ម៉ឺន​ដុល្លារ ដែល​ជា​ប្រាក់​បាន​មក​ពី​ការ​លក់ដូរប្រចាំ​ថ្ងៃ​នៅ​ក្នុង​ភោជនីយដ្ឋាន ដោយ​ជនសង្ស័យ​បាន​ប្រើ​​ពេល​លួច​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ។

លោក​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះជា​ម្ចាស់​ហាង​ខាងលើ និងទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្តម​សេនី​យ៍​ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​ព្រះ​សីហ​នុរួច​មក ​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ខាងលើបាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និងបាន​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ស្ត្រី​វ័យក្មេង​បាន​សារភាព​ថា នាង​បាន​លួច​ដក​យក​ប្រាក់​ពិតប្រាកដ​មែន ប៉ុន្តែ​ប្រាក់​ដែល​លួច​ដក​យក​នោះ មាន​ចំនួន​ត្រឹមតែ​ប្រមាណ​ជិតមួយ​ពាន់​ដុល្លារ​តែ​ប៉ុណ្ណោះ ហើយ​ប្រាក់​ទាំងនោះ​នាង​បាន​យក​ទៅ​ទិញគ្រឿងអលង្ការ​មាន ខ្សែ​.ក១ខ្សែ ​និងចិញ្ចៀន១​វង់ ហើយនៅ​សល់​ប្រាក់​ចំនួន១៩០​ដុល្លារជាប់​នឹង​ខ្លួនតែ​ប៉ុណ្ណោះ ។

លោក បិត វ​ណ្ណា ជា​ម្ចាស់​ភោជនីយដ្ឋាន​ខាងលើ បានឱ្យ​ដឹង​ថា តាម​ចម្លើយ​សារភាព​របស់​ស្ត្រី​ខាងលើ មិន​ស៊ីសង្វាក់​ជាមួយនឹង​វិ​ក្កយ​ប័ត្រ​គិតលុយ នៅ​ក្នុង​ភោជនីយដ្ឋាន ម្យ៉ាងវិញទៀត​លោក​នៅ​មាន​ភស្តុ​តាង នៅ​ក្នុង​ការ​ដាក់បន្ទុក​តាម​រយៈ​កា​មេរ៉ា​សុវត្ថិភាពនៅ​ក្នុង​ហាង ដូច្នេះ​បញ្ហា​ខាងលើ​នេះ លោក​សំណូមពរឱ្យ​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​​។

ក្រោយ​ពេល​សាកសួរ និងកសាង​សំណុំរឿង​រួច​មក​ស្ត្រី​វ័យក្មេង​ខាងលើ និងវត្ថុ​តាង​ត្រូវ​បាន​ដកហូត និងបញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ តាម​ពេលវេលា​ខាងលើដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕