បាក់​ស្រុត​ដី​ប្រឡាយ​លូ​ទឹក​ស្អុយ​ស្ទឹង​មាន​ជ័យ​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះមាន​ការ​ព្រួយ​បារម្ភ​

រាជ​ធានីភ្នំពេញ​ ៖ កាល​ពី​ថ្ងៃ​ទី​១៧ ​​វិ​ច្ឆ​កា ២០១៥ នៅ​តាម​ប្រឡាយ​លូ​ទឹក​ស្អុយ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​មានការ​បាក់​ស្រុត​ដី​​​បង្ក​ឱ្យ​​ខូច​ផ្លូវ​បេតុង​នៅ​តាម​បណ្តោយ​ប្រឡាយ​ទឹក​ស្អុយ​​​ដែល​មាន​ប្រវែង​ជាង​២០០​មែ​ត្រ ​​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ និង​រថយន្ត ​។

​អ្វី​ដែល​ជា​ទុក្ខ​កង្វល់​នោះ​ គឺ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​នោះ​មានការ​ភ័យ​ខ្លាច​ និង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ផ្លូវ​ដែល​បាន​បាក់​ស្រុត ដោយ​ខ្លាច​នៅ​ពេល​ណាមួយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នោះ​អាច​នឹង​បង្ក​ឱ្យ​មានការ​ហូរ​ច្រោះ​ដី​ធ្វើ​ឱ្យដី​មាន​សភាព​ផុយ​អាច​នឹង​បាក់​ហូរ​ចូល​ទៅ​ក្នុង​ប្រឡាយ​បាន​។

បើ​តាម​សម្តី​របស់​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ផ្លូវ​ដែល​បាក់​ស្រុត​ក្រោម​លូ​ទឹក​ស្អុយ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​នេះ​បាន​ខូចខាត​អស់​រយៈ​ពេល​ជាង​២​ខែ​មក​ហើយ ដោយសារ​តែ​ប៉ុន្មាន​ខែ​មុន​មន្ទីរ​សាធារណការ​បាន​ចុះ​មក​អនុវត្តន៍​ធ្វើការ​ស្តារ​លូ​ឡើង​វិញ ដោយ​យក​អេ​ស្កា​វ៉ា​ទ័​រម​ក​ឈូស​ឆាយ​ប្រឡាយ​ទឹក​នោះ​រហូត​មក​ដល់​មាត់​ផ្លូវ ​ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​​ហូរ​ច្រោះ​ដី​ចូល​ប្រឡាយ​បាក់​​​​​​​ស្រុត​ផ្លូវ​នេះ​តែ​ម្តង​។ ​

​នៅ​ពេល​ដែល​បណ្តោយ​ផ្លូវលំ​នេះ​ចាប់​តាំងពី​មានការ​បាក់​ស្រុត​មក ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​មិន​ហ៊ាន​ជិះ​ក្បែរ​​​កន្លែង​នោះ​ទេ ដោយ​នាំ​គ្នា​ជិះ​គេច​ ​ព្រោះតែ​ខ្លាច​មាន​គ្រោះថ្នាក់​ និង​ការ​បាក់​ស្រុត​បន្ថែម​ដោយ​ទំងន់​រថយន្ត ហើយ​នៅ​ពេល​យប់​ ​​ប្រជាពលរដ្ឋ​​មួយ​​​ចំនួនដែល​​ធ្វើ​ដំណើរ​ដោយ​រថយន្ត ​និង​ម៉ូតូ​ក៏​ដូច​ជា​រ៉ឺ​ម៉ក​ម៉ូតូ​​ជាដើមដែល​គាត់​មិន​បាន​ដឹង​ បាន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ផ្សេង​ៗ ដូច​ជា​រេចង្កូត​ធ្លាក់​ទៅ​ផ្លូវ​ម្ខាង​និង​ពេល​ខ្លះ​មាន​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​គាត់​មិន​បានដឹង​ពី​សភាព​ផ្លូវ​នេះ បាន​ជិះ​មក​​ក្រឡាប់​ផ្ងារជើង​សឹងតែ​ធ្លាក់​ចូល​ក្នុង​ប្រឡាយ ​តែ​ក៏​មិន​ទាន់​បង្ក​ឱ្យ​នរណា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ និង​បាត់បង់​ជីវិតនៅ​ឡើយ​ដែរ។

ជា​ចុង​ក្រោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​​​ផ្លូវ​ដែល​បាក់​ស្រុត​នោះ​បាន​សំណូមពរ​ទាំង​ទុក្ខ​កង្វល់​ដល់​អាជ្ញាធរ មេត្តា​ចុះ​មក​ជួយ​ត្រួតពិនិត្យ​មើល ​និង​ជួសជុល​ផ្លូវ​នេះ​វិញ​ផង ព្រោះតែ​ផ្លូវ​នេះ​មានការ​ខូចខាត​កាន់តែ​ខ្លាំង​ឡើង​ៗ ហើយ​ក៏​ខូចខាត​មាន​ចំងាយ​រហូត​ដល់​ទៅ​ជាង​២០០​ម៉ែ​ត្រដែរ បើ​បណ្តែតបណ្តោយ​​យូរ​ជាង​នេះ​ទៀត​ ផ្លូវ​នេះ​អាច​នឹង​មានការ​បាក់​ស្រុត​កាន់តែ​ខ្លាំង​រហូត​ឈាន​ដល់​ទៅ​ការ​បាក់​ស្រុត​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​​​មាត់​ផ្លូវ​ផង​ដែរ ៕​​