កូនស្រី​របស់ ភូ​ល វ៉ក​ឃើ​រ ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន​រថយន្ត Porsche ឱ្យទទួល​ខុសត្រូវ​ចំពោះ​ការស្លាប់​របស់​ឪពុក​នាង​

Sanofi

ការស្លាប់​របស់​អតីត​តារា​សម្តែង​ក្នុង​ប្រវត្តិ​ខ្សែ​រឿង «Fast & Furious» សញ្ជាតិ​អាមេរិក​លោក ភូ​ល វ៉ក​ឃើ (Paul Walker) ទោះបីជា​កន្លង​ទៅជិត ៣​ឆ្នាំ​ទៅហើយ​ក្តី​ក៏ប៉ុន្តែ​នៅតែមាន​ការស៊ើបអង្កេត​ពី​សំណាក់​មន្ត្រី​ជំនាញ​ក៏ដូចជា​ហា​ជន​មួយចំនួនធំ​ដោយ​ពួកគេ​ទាំងនោះ​យល់ឃើញថា ការស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​របស់​លោក ភូ​ល វ៉ក​ឃើ​រ និង​អតីត​កីឡាករ​ប្រណាំង​រថយន្ត​លោក រូង​ហ្គ័​រ រ៉ូ​ដាស (Roger Rodas) គឺមាន​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​បច្ចេកទេស​នៃ​រថន​យ្ត​ស្ព័​រ Porsche របស់ ភូ​ល វ៉ក​ឃ័​រ ផ្ទាល់​តែម្តង ។
​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ កូនស្រី​របស់​អតីត​តារា​សម្តែង ភូ​ល វ៉ក​ឃើ​រ អាយុ ១៦​ឆ្នាំ នាង មី​ដ​ដូ​វ វ៉ក​ឃើ​រ (Meadow Walker) បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ក្រុមហ៊ុន​ផលិត​រថយន្ត Porsche ឲ្យ​ទទួល​ដឹងឮ​ចំពោះ​ការស្លាប់​របស់​ឪពុក​នាង នៅក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី ៣០ ខែវិច្ឆិការ ឆ្នាំ​២០១៣ នៅក្នុង​ទីក្រុង​វ៉ា​លែ​ន​សៀ (Valencia) រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ។

នៅក្នុង​ពាក្យបណ្តឹង​នោះ​នាង​បាន​ចោទប្រកាន់ថា រថយន្ត​ស្ព័​រ​ម៉ូ​ដែល Porsche Carrera GT ឆ្នាំ ២០០៥ ស្ទើ​តែ​ទាំងអស់ គឺ​ធ្លាប់មាន​ការរអាក់រអួល​បញ្ហា​បច្ចេកទេស​មួយចំនួន ហើយ​បញ្ហា​ទាំងអស់នេះ​ក្រុមហ៊ុន Porsche ក៏​បានដឹង​ច្បាស់​ដែរ​ប៉ុន្តែ​ពួកគេ​មិនដែល​យកចិត្តទុកដាក់​ពិនិត្យមើល​ឡើងវិញ​នោះទេ រហូតដល់​ពេលដែល​តា​រា​សម្តែង ភូ​ល វ៉ក​ឃើ​រ និង​មិត្ត​ភ័​ក្កិ​ម្នាក់ទៀត​របស់លោក​ឈ្មោះ រូង​ហ្គ័​រ រ៉ូ​ដាស ដេកស្លាប់​នៅក្នុង​ឡាន​ម៉ូ​ដែល​មួយ​នេះ​យ៉ាងណាក៏ដោយ ក៏​នៅតែ​មិនមាន​ការទទួលខុសត្រូវ​ពី​សំណាក់​ក្រុមហ៊ុន Porsche ដែរ ហើយ​ការមិន​ទទួលខុសត្រូវ​នេះ​នៅតែ​បន្ត​រហូតមក​ដល់ពេល​បច្ចុប្បន្ន ។​

​យោងទៅតាម​ពាក្យបណ្តឹង​របស់​នាង មី​ដ​ដូ​វ វ៉ក​ឃើ​រ កាលពីពេល​ប៉ុន្មាន​ខែ​មុន ហើយ​រហូតមក​ដល់ពេល​ថ្មីៗ​នេះ​ទើបតែ​មានការ​ចេញមុខ​បកស្រាយ​ពី​សំណាក់​អ្នកតំណាង​ក្រុមហ៊ុន​រថយន្ត​ទំនើប Porsche នៅ​កា​លើ​គេហៈទំព័រ TMZ ថា ការស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​របស់​អតីត​តារា​ហូ​លី​ហ្វូ​ដ ភូ​ល វ៉ក​ឃើ​រ និង​អតីត​អ្នក​ប្រណាំង​រថយន្ត រូង​ហ្គ័​រ រ៉ូ​ដាស នៅ​ចំណុច​ផ្លូវ​ព្រំប្រទល់​នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា និង​រដ្ឋ​ឡូ​ស​អេ​ន​ជឺ​ឡេស កាលពី​ថ្ងៃទី ៣០ ខែវិច្ឆិការ ឆ្នាំ ២០១៣ គឺ​គ្មាន​នរណាម្នាក់​អាច​ទទួលខុស​ត្រូវបាន​ទេ ដោយសារតែ​ការបើកបរ​របស់​អ្នកស្លាប់​ទាំងពីរ​នាក់​នោះ​ហួស​ល្បឿន​កំណត់ ហើយក៏​មិនអាច​បន្ទោស​ទៅលើ​បញ្ហា​បច្ចេកទេស​របស់​រថយន្ត​បានដែរ ព្រោះ​មកពី​រថយន្ត​ស្ព័​រ​ម៉ូ​ដែល Porsche Carrera GT ឆ្នាំ ២០០៥ របស់ ភូ​ល វ៉ក​ឃើ​រ មិនបាន​បញ្ជារ​ឲ្យ​បំពាក់​នូវ​ឧបករណ៍​ការពារ​សុ​វត្ថ​ភាព​នោះទេ ។

អ្នកតំណាង​ក្រុមហ៊ុន រថយន្ត​ទំនើប Porsche បានបញ្ជាក់​ទៀតថា នៅ​ថ្ងៃ​ដែល​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះ គឺ​បណ្តាលមកពី​លោក ភូ​ល វ៉ក​ឃើ​រ និង​មិត្ត​របស់គាត់ លោក រូង​ហ្ក័​រ រ៉ូ​ដាស បាន​បើកបរ​រថយន្ត​នៅក្នុង​ល្បឿន​ពី​ចន្លោះ ៨០ ទៅ ៩៣​គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង ដែលជា​ល្បឿន​មួយ​ហួសកំណត់​បើកបរ​ក្នុង​តំបន់​នោះ ។ ករណី​បើកបរ​ហួស​ល្បឿន​កំណត់​នេះ​ត្រូវបាន​បដិសេធ​ពី​សំណាក់​កូនស្រី​របស់ ភូ​ល វ៉ក​ឃើ​រ ដោយ​នាង​បានបង្ហាញ​ឯកសារ​បញ្ជាក់​ពី​ល្បឿន​នៃ​រថយន្ត​ច្បាស់លាស់ ហើយ​ឯកសារ​ទាំងនោះ​ក៏មាន​ការបញ្ជាក់​ពី​មន្ត្រី​ប៉ូលីស​ជំនាញ​ដែរ​ថា រថយន្ត​របស់លោក ភូ​ល វ៉ក​ឃើ គឺ​បើកបរ​ត្រឹមតែ​ល្បឿន​ពី​ចន្លោះ ៦៣ ទៅ ៧១ គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង​តែប៉ុណ្ណោះ ដែលជា​ល្បឿន​ទូទៅ​សម្រាប់​ការបើកបរ​រថយន្ត​នៅលើ​ផ្លូវ​តាម​ជាយក្រុង ។

​ចំពោះ​ទង្វើ​មិន​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប Porsche មកលើ​ក្រុមគ្រួសារ​របស់​អតីត​តារា​ហូ​លី​ហ្វូ​ដ ភូ​ល វ៉ក​ឃើ​រ នេះ​នាំ​ឲ្យ​មាន​ការបោះ​ពាក្យសម្តី​ពី​សំណាក់​កូនស្រី​របស់​ជន​រងគ្រោះ​ផ្ទាល់​នៅលើ​គេហៈទំព័រ TMZ កាលពី​ថ្ងៃ​ច័ន្ទ ទី​១៦ ឆ្នាំ​២០១៥ ប៉ុន្មាន​ថ្ងៃមុន​នេះ​ថា “ នាង​មានការ​សោកស្តាយ​ខ្លាំងណាស់​ចំពោះ​ក្រុមហ៊ុន​រថយន្ត​ទំនើប Porsche ដែល​មិនមាន​ទំនួល​ខុសត្រូវ​ចំពោះ​កំហុស​របស់ខ្លួន ហើយ​បែរជា​ទម្លាក់កំហុស​ទាំង​អស់​មកលើ​អ្នកស្លាប់​ទៅវិញ ” ។​

​គួររំលឹកថា កាលពី​ថ្ងៃទី ៣០ ខែ វិច្ឆិការ ឆ្នាំ ២០១៣ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង នៅលើ​កំណាត់​ផ្លូវ​ក្នុង​ទីក្រុង​វ៉ា​លែ​ន​សៀ រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ដោយ​រថយន្ត​ស្ព័​រ​ម៉ូ​ដែល Porsche Carrera GT ឆ្នាំ ២០០៥ របស់​អតីត​តួរ​អង្គ​ដ៏​សំខាន់​ក្នុង​ប្រវត្តិ​ខ្សែ​រឿង «Fast & Furious» លោក ភូ​ល វ៉ក​ឃើ​រ ដែល​បើកបរ​ដោយ​មិត្ត​ភ័​ក្កិ​របស់លោក​ម្នាក់​ជា​អ​តី​អ្នក​ប្រណាំង​រថយន្ត​ល្បីល្បាញ​មួយរូប​គឺ​លោក រូង​ហ្គ័​រ រ៉ូ​ដាស ។ ហេតុការណ៍​គ្រោះថ្នាក់​ច​រា​ចរាចរណ៍​នោះ គឺ​ដោយសារតែរ​បើកបរ​ជ្រុល​ចង្កូត​ទៅបុក​នឹង​ដើមឈើ​ដែល​នៅ​សងខាង​ផ្លូវ ហើយ​ភ្លាមៗ​នោះ​មានការ​សន្និដ្ឋានថា គឺ​មកពី​ពួកគេ​បើកបរ​ហួស​ល្បឿន​កំណត់​ដែល​បណ្តាល​ឲ្យ​បាត់បង់​ស្មារតី​ក្នុងការ​បញ្ជារ​រថយន្ត ។

ប៉ុន្តែ​ក្រោយមកទៀត​ទើប​ប៉ូលីស​ជំនាញ​បាន​រកឃើញថា រថយន្ត​របស់លោក ភូ​ល វ៉ក​ឃើ​រ គឺ​បើកបរ​ល្បឿន​ត្រឹមតែ​ពី​ចន្លោះ ៦៣ ទៅ ៧១ គីឡូ​ម៉ែត​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង ដូចនេះហើយ​ទើប​មានការ​សង្ស័យ​ទៅលើ​បញ្ហា​បច្ចេកទេស​របស់​រថយន្ត​ផ្ទាល់​តែម្តង ដោយសារតែ​មានមតិ​ភាគច្រើន​បានលើកឡើង​ថា រថយន្ត​ស្ព័​រ​ម៉ូ​ដែល Porsche Carrera GT ឆ្នាំ ២០០៥ ស្ទើ​តែ​ទាំងអស់​សុទ្ធតែ​ធ្លាប់​ជួប​នូវ​បញ្ហា​បច្ចេកទេស ប៉ុន្តែ​ទោះបីជា​មានការ​ចោទប្រកាន់​យ៉ាងនេះ​ក្តី​ក៏​ម្ចាស់​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​ហាក់ដូចជា​មិនមាន​ការ​អើពើ​បន្តិច​ណា​ឡើយ រហូតដល់​មកដល់​ខែកញ្ញា ឆ្នាំ ២០១៥ កន្លងទៅនេះ​ទើប​កូនស្រី​របស់លោក ភូ​ល វ៉ក​ឃើ​រ សម្រេចចិត្ត​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប Porsche ឲ្យ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​របស់​ឪពុក​នាង ៕ កុសល

​   

Related