គ្រូបង្វឹកដាណឺម៉ាក លាលែងពីតំណែង ក្រោយជ្រុះចេញពី Euro យប់មិញ

ដាណឺម៉ាក៖ លោក Morten Olsen ដែលជាគ្រូបង្វឹកធំ របស់ក្រុមជម្រើសជាតិដាណឺម៉ាក បានចុះចេញពីតំណែង ជាផ្លូវការហើយ ក្រោយដឹកនាំអស់រយៈពេល១៥ឆ្នាំមកនេះ បន្ទាប់ពីដាណឺម៉ាកមិនអាចឈ្នះកៅអីមួយឡើងទៅលេង Euro 2016 នៅប្រទេសបារាំងបាន ។

លោក Olsen វ័យ៦៦ឆ្នាំ បានដឹកនាំក្រុមដាយណឺម៉ាក ជ្រុះចេញពីវគ្គជម្រុះពានប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 ក្រោមថ្វីជើងរបស់ស៊ុយអែត ដោយលេងបានត្រឹមស្មើលទ្ធផល ២-២ យប់មិញនេះ បន្ទាប់ជើងទី១នៅទឹកដីដាណឺម៉ាក ក៏បានបរាជ័យ ២-១ ដែរនោះ ក្នុងខណៈដែល Euro 2012 នៅប្រទេសប៉ូឡូញ និងអ៊ុយក្រែន ជ្រុះក្នុងវគ្គចែកពូល ។

លោក Olsen បានថ្លែងបា្រប់សារព័ត៌មាន BBC ថា “ខ្ញុំបានប្រាប់កីឡាករ និងសហព័ន្ធបាល់ទាត់ដាណឺម៉ាក រួចរាល់ ហើយដែរ ហើយពួកគេក៏បានអនុញ្ញាតឲ្យខ្ញុំទៅដែរ ។ ក្នុងប៉ុន្មានខែចុងក្រោយនេះ ខ្ញុំមិនអាចដឹកនាំក្រុមឲ្យលំនឹងបាន ដូច្នេះខ្ញុំមានតែដើរចេញ” ។

សូមរំលឹកដែរថា លោក Olsen អតីតជាកីឡាករឆ្នើម១រូបរបស់ដាណឺម៉ាកនៅអំឡុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨៩ ដោយ បានចូលលេងបាន១០២ប្រកួត ហើយក្រោយមកបានចូលដឹកនាំក្រុមជម្រើសជាតិនៅតំបន់អឺរ៉ុបមួយនេះក្នុងឆ្នាំ២០០០ គឺចំពេល Euro ឆ្នាំ២០០០នោះផងដែរ ថ្វីដ្បិតតែមិនដែលឈ្នះពាននេះក៏ដោយក្នុងអំឡុងការដឹកនាំរបស់លោក ៕

គ្រូបង្វឹកដាណឺម៉ាក លាលែងពីតំណែង ក្រោយជ្រុះចេញពី Euro យប់មិញ