ឆេវឆាវ​ឆាប់​ខឹង​បង្កប់​កំហឹង​ងំ​ក្នុង​អារម្មណ៍​ជា​ប្រចាំ​អាច​បំផ្លាញ​សុខភាព​ផ្លូវចិត្ត​ខ្លួនឯង

តាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ចិត្ត​វិទ្យា​នៃ​សាកលវិទ្យាល័យ​កាលី​ហ្វ័​រ​នី​ញ៉ា សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា បុគ្គល​ដែល​មិន​បាន​អប់រំ​ចិត្ត ឆេវឆាវ ឆាប់​ខឹង ឬ​ឆាប់​មួម៉ៅ​ដោយសារ​តែ​ហេតុការណ៍​តូចតាច​ដូច​ជា ស្ទះចរាចរណ៍ ឈរ​តម្រង់​ជួរ​ចាំ​ទិញ​សំបុត្រ​យូរ​ពេក ទាស់​ពាក្យ​សម្តី​នៅ​កន្លែងធ្វើការ ជជែក​ប៉ោង​សរសៃ​.​ក​យកឈ្នះ​រៀងខ្លួន​...​គឺ​ងាយ​នឹង​កើត​ជំងឺ Stress បំផុត ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បន្ត​ថា ការ​សន្សំ​កំហឹង ឬ​សន្សំ​ភាព​មួម៉ៅ​ក្តៅក្រហាយ​ក្នុង​ចិត្តជា​ប្រចាំ ដោយសារ​តែ​រឿង​តូចតាច កំ​ប៉ិក​កំប៉ុក​ដែល​តែង​កើត​មាន​ជា​ប្រចាំ​ក្នុង​ជីវិត​រស់នៅ​នា​សម័យ​ទំនើប​នេះ នឹង​ធ្វើ​ឱ្យ​កើត​មាន​ជំងឺផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ​រយៈពេល​១០​ឆ្នាំ​ក្រោយ ។ ផ្ទុយ​មក​វិញ ការ​អត់ធ្មត់ និង​ចេះ​ទប់​កំហឹង​រក្សា​ចិត្ត​ឱ្យ​ត្រជាក់​ឲ្យ​នឹង​ដូច​ថ្ម​តាន់​ទោះជា​ត្រូវ​ខ្យល់ ព្យុះ​បំ​បុក​យា​៉​ង​ណា​ក៏​មិន​ងាករេ ឬ​កម្រើក​ជា​កត្តា​សំខាន់​បំផុត​ស្មើនឹង​ការ​ទទួលទាន​របប​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​ក៏​ដូច​ជា​ការ​ហាត់ប្រាណ​ជា​ប្រចាំ​ផង​ដែរ ។

លោក ស៊ូ​សាន ឆាល សាស្ត្រាចារ្យ​ចិត្ត​វិទ្យា​នៅ​សាកលវិទ្យាល័យ University of California​បាន​ថ្លែង​ថា តើ​យើង​ត្រូវ​គ្រប់គ្រង​បញ្ហា​ផ្លូវចិត្ត​ប្រចាំ​ថ្ងៃ​យ៉ាងដូចម្តេច​ដើម្បី​ឱ្យ​សុខភាព​ផ្លូវ​ចិត្តជា​ទូទៅ​បាន​ល្អ​ប្រសើរ ។ យើង​បាន​ផ្តោត​ជា​សំខាន់​ទៅ​លើ​គោលដៅ​រយៈពេល​វែង ដែល​យើង​មើល​មិនឃើញ​ពីសារ​សំខាន់​នៃ​ការ​គ្រប់គ្រង​អារម្មណ៍​របស់​យើង ។ ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​នៃ​ការ​គិត​ទៅ​លើ​រឿង​រា​៉​វ​ទាំងឡាយ​ណា​ដែល​នាំ​ឱ្យ​ចិត្ត​សៅហ្មង មួម៉ៅ​ក្តៅក្រហាយ គឺ​មាន​សារសំខាន់​ស្មើនឹង​ការ​ហាត់ប្រាណ​ជា​ប្រចាំ ។ វា​សំខាន់​ណាស់​ដែល​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​បញ្ហា​ប្រចាំ​ថ្ងៃ​បំផ្លាញ​ពេលវេលា​ល្អ​របស់​យើង​ម្នាក់​ៗ​បាន​នោះ ។ ប្រសិនជា​យើង​បណ្តោយ​ចិត្ត​ឱ្យ​ពុះ​ក​ញ្ជ្រោ​ល​ទៅ​តាម​បញ្ហា​សាមញ្ញ​តូចតាច​ប្រចាំ​ថ្ងៃ​នោះ កំហឹង​ក្នុង​ចិត្តនឹង​ពូន​ផ្តុំ​ពី​មួយ​ថ្ងៃ​ទៅ​ច្រើន​ថ្ងៃ និង​ពី​ច្រើន​ថ្ងៃ​ទៅ​ច្រើន​ឆ្នាំ​រឹតតែ​ធ្វើ​ឲ្យ​ស្មុគស្មាញ​ក្នុង​អារម្មណ៍​សម្លឹង​ឃើញ​តែ​ភាព​ខ្មៅ​ងងឹត​រាល់ថ្ងៃ រក​គិត​អ្វី​ក៏​គ្មាន​ពន្លឺ ។

តាម​ធម្មតា មនុស្ស​ជា​ច្រើន​មិន​បានដឹង​ថា ខ្លួនឯង​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​នោះ​ទេ រហូត​ដល់​មាន​សភាព​ធ្ងន់ធ្ងរ​ទៅ​ហើយ ទើប​ពួក​គេ​ដឹង និង​ស្វះ​ស្វែងរក​ការ​ថែទាំ ព្យាបាល​ប៊ិះ​ហួសពេល ៕