ទទួលទាន​អាហារ​7​ប្រភេទ​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​វ័យ​កណ្តាល

តាម​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​សុទ្ធតែ​បាន​អះអាង​ថា ចំនួន​ថាមពល​ដែល​ត្រូវ​ដុត​បំផ្លាញ​អំឡុង​រាង​កាយ​សម្រាក​ចាប់ផ្តើម​ធ្លាក់​ចុះ​នៅ​ពេល​ដែល​យើង​ឈាន​ចូល​អាយុ​៣០​ឆ្នាំ ។ ដូច្នេះ បើសិនជា​យើង​នៅ​បន្ត​ទទួលទាន​ដូច​កាល​នៅ​ក្មេង​(​ពី​២០​ឆ្នាំ​-២៩​ឆ្នាំ​)​នោះ ទម្ងន់​ខ្លួន​នឹង​ចាប់ផ្តើម​កើន ។ ព្រម​ពេល​ជាមួយ​គ្នា​នោះ កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល និង​សម្ពាធ​ឈាម​ក៏​កើនឡើង​ដែរ ។ ទោះជា​យ៉ាងណា មាន​អាហារ​មួយ​ចំនួន​ដែល​ប្រហែលជា​អាច​លុប​បំបាត់​ក្តី​បារម្ភ​នេះ​បាន ។ អាហារ​ទាំងនោះ​មាន​ដូច​ជា ៖

១-​ស្រូវ​សាឡី​អូក​(oats)៖ ស្រូវ​សាឡី​ប្រភេទ​នេះ​ផ្ទុក​ទៅ​ដោយ beta-glucans ជា​សារធាតុ​សរសៃ​ងាយ​រំលាយ​មួយ​ប្រភេទ​ដែល​អាច​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ (LDL) ។ Avenanthramides គឺជា​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​មួយ​ផ្សេង​ទៀត​របស់​ស្រូវ​សាឡី​អូក​ដែល​ជួយ​ការពារ​ទប់ទល់​នឹង​ការ​ស្ទះ​សរសៃឈាម ។ យោង​តាម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា ទទួលទាន​ស្រូវ​សាឡី​អូក​ជា​បបរស​៣​ក្រាម​រាល់ថ្ងៃ​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​សរុប​បាន​ពី​៥-១០% ។

២-​ផ្លែ​ឈៀ​រី (Cherries)៖ ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​អត្ថប្រយោជន៍​ប្រឆាំង​នឹង​លក្ខខណ្ឌ​សុខភាព​ជា​ច្រើន​ដែល​កើត​មាន​ជា​សាមញ្ញ​លើ​មនុស្ស​វ័យ​កណ្តាល​ក្នុង​នោះ​រួម​ទាំង​ជំងឺ​សន្លាក់​ផង​ដែរ ។ ឈៀ​រី​សម្បូរ​ខ្លាំង​នូវ​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម Anthocyanin ។

ជំងឺ​ហើម​តាម​សន្លាក់​ដែល​តែង​កើត​លើ​បុរស​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កើនឡើង​នូវ​កម្រិត​អាស៊ី​ដ​អ៊ុយ​រិច​ដោយ​វា​បាន​បង្កើត​ជា​ដុំ Crystals តាម​បណ្តា​សន្លាក់​តូច​ៗ ។ នៅ​ក្នុង​ការ​សិក្សា​ពិសោធន៍ លើ​អ្នក​ស្ម័គ្រចិត្ត​មាន​សុខភាព​ល្អ​ពេញលេញ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ផ្តល់​ផ្លែ​ឈៀ​រី​២០០​ក្រាមដល់​ពួក​គេ​រៀង​រាល់​អាហារ​ពេល​ព្រឹក ។ ជា​លទ្ធផល​បាន​បង្ហាញ​ថា កម្រិត​អាស៊ី​ដ​អ៊ុយ​រិច​ដែល​ត្រូវ​បាន​បញ្ចេញ​ចោល​តាម​លាមក និង​ទឹកមូត្រ​ឃើញ​ថា កើនឡើង​ដល់​៦០​ភាគរយ ។ ចូរ​ទទួលទាន​ផ្លែ​ឈៀ​រី​មួយ​ឡូ ឬ​បើ​កិន​ជា​ទឹក​មិន​ដាក់​ស្ករ​ផឹក​មួយ​កែវ ចំនួន​៣​ទៅ​៤​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ។

៣-​គ្រាប់​ផ្លែ​អាល់​ម៉ុ​ន (Almonds)៖ វា​មាន​អត្ថប្រយោជន៍​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល និង​កែ​លំអ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ។ ការ​សិក្សា​មួយ​ដែល​បាន​ពិសោធន៍​លើ​មនុស្ស​ពេញវ័យ​ចំនួន​៤៤​នាក់​បង្ហាញ​ថា ទទួលទាន​អាល់​ម៉ុ​ន​៦០​ក្រាម​រាល់់ថ្ងៃ​រយៈពេល​៤​ស​ប្តា​ហ៍​អាច​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​៩​ភាគរយ ។ បន្ថែម​ពីលើ​នេះ​ទៀត វា​ក៏​អាច​ផ្តល់​ការ​ការពារ​ប្រឆាំង​នឹង​ជំងឺ​បេះដូង ព្រមទាំង​ជំងឺ​ទឹកនោមផ្អែម​បាន​ផង​ដែរ ។

៤-​ពពួក​ត្រី​សំបូរ​ខ្លាញ់ ៖ ខ្លាញ់​អូ​មេ​ហ្គា​-៣​នៅ​ក្នុង​សាច់​ត្រី​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​បញ្ចុះ​សម្ពាធ​ឈាម បញ្ចុះ​ចង្វាក់បេះដូង និង​កាត់​បន្ថយ​អត្រា​រង​គ្រោះ​ដោយ​បេះដូង​ដើរ​មិន​ទៀងទាត់ ។ ខ្លាញ់​អូ​មេ​ហ្គា​-៣​មាន​ច្រើន​បំផុត​នៅ​ក្នុង​ត្រី សូ​ម៉ុង ត្រី​ធូ​ណា ត្រី​សា​ឌី​ន ត្រី​ស្បៃ​កា​និង​ត្រី​សា​ឌី​ន​ធំ ។ ការ​ពិសោធ​បាន​បង្ហាញ​ថា បណ្តា​ស្ត្រី​ដែល​និយម​ទទួលទាន​សាច់​ត្រី​ទៀងទាត់​ប្រឈម​តិច​បំផុត​នឹង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំងនេះ គេ​គួរ​ទទួលទាន​ត្រី​ក្នុង​មួ​យស​ប្តា​ហ៍​យ៉ាង​ហោច​ណាស់​៤​ដង ។ ចូរ​ចម្អិន​ដោយ​ប្រើ​កំ​ដៅ​ទាប ឬ​ចំហុយ​ដ្បិត​ខ្លាញ់​អូ​មេ​ហ្គា​-៣​ងាយ​នឹង​បាត់​ប្រសិទ្ធភាព​នៅ​ពេល​ប៉ះ​សីតុណ្ហភាព​ខ្ពស់ ។

៥-​សណ្តែកសៀង ៖ សារធាតុ​ឈ្មោះ Isoflavones ក្នុង​សណ្តែកសៀង​ត្រូវ​គេ​គិត​ថា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល បង្កើន​ដង់ស៊ីតេ​ឆ្អឹង​(​ចំពោះ​ស្ត្រី​អស់​រដូវ​) និង​កែ​លំអ​សមត្ថភាព​ផ្តល់​កំណើត​របស់​បុរស ។ សម្រាប់​ការ​កែ​លំអ​ដង់ស៊ីតេ​ឆ្អឹង គេ​គួរ​ទទួលទាន​វា​២​ទៅ​៣​ដង​ក្នុង​មួ​ួ​យស​ប្តា​ហ៍ ។

៦-​ផ្លែ​ប៉េងប៉ោះ ៖ វា​ជា​ស្តេច​នៃ​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ឈ្មោះ Lycopene ។ វា​ជួយ​ការពារ​ប្រឆាំង​នឹង​ការ​បង្កើត និង​ការ​រាលដាល​នៃ​បណ្តា​កោសិកា​មហារីក និង​ព្រមទាំង​ការពារ​បណ្តា​សរសៃឈាម​មិន​ឱ្យ​កកស្ទះ ។ ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ផឹកទឹក​ប៉េងប៉ោះ​ចំណុះ​១៥០​មី​ល្លី​លី​ត្រ​២០​នាទី​បន្ទាប់​ពី​ហាត់ប្រាណ​រួច​អាច​ផ្តល់​ការ​ការពារ​ប្រឆាំង​នឹង​មហារីក​ប្រូ​ស្តា​ត សួត ក្រពះ និង​ជំងឺ​បេះដូង ។ Lycopene ជា​សារធាតុ ដែល​រាង​កាយ​ងាយ​នឹង​ស្រូប​យក​នៅ​ពេល​ត្រូវ​បាន​ចម្អិន ។ ដូច្នេះ​ប៉េងប៉ោះ​ដែល​ចម្អិន​ក្នុង​គ្រប់​រូបភាព​គឺជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ស្រូប​យក Lycopene ។

៧-​សាច់​មាន់ ៖ ជា​ប្រភព​សំខាន់​នៃ​ប្រូ​តេ​អីុ​ន​-​គ្រាន់តែ​សាច់​ទ្រូង​យក​ស្បែក​ចេញ​២០០​ក្រាម​ផ្តល់​ប្រូ​តេ​អីុ​ន​៦០​ក្រាម ។ ក្រៅពី​ជួយ​បង្កើន​សាច់ដុំ សាច់​មាន់​ជួយ​ទប់ទល់​នឹង​ការ​ចុះ​ទម្ងន់​ផង​ដែរ ។ ឯ​ស៊ុប​មាន់​វិញ​មាន​អត្ថប្រយោជន៍​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ ។ ដើម្បី​ជៀស​ការ​ឡើង​ខ្លាញ់ គេ​គួរ​យក​ស្បែក​ចេញ​មុន​នឹង​ទទួលទាន ។ គ្រាន់តែ​ស្បែក​នៅ​សាច់​ទ្រូង​មាន់​មាន​ផ្ទុក​ខ្លាញ់​១៧​ភាគរយ ប៉ុន្តែ​នៅ​ពេល​យក​ស្បែក​ចេញ ខ្លាញ់​ចុះ​មក​នៅ​២​ភាគរយ ។ ឯជើង​មាន់​បកស្បែក​ផ្ទុក​ខ្លាញ់​៦​ភាគរយ ៕