កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន កំពុង​ញាំញី​ដោយ​ជំងឺ​ជា​ទម្ងន់

រាជធានី​ភ្នំពេញ ៖ កវីនិពន្ធ​លោក​គ​ង្គ ប៊ុ​ន​ធឿ​ន បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​បារម្ភ​ខ្លាំង​ដោយសារ​ជំងឺ​របស់​លោក​រើ​ឡើង ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

បើ​ទោះបីជា​ជំងឺមហារីក​ដ៏​កាច​សាហាវ​មិន​សង្ឃឹម​ជា​ស្បើយ​បាន​កើតឡើង​ចំពោះ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន​ក៏​ដោយ ប៉ុន្តែ​គ្រួសារ​របស់​លោក​រំពឹង​ថា តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​នឹង​ជួយ​ឱ្យ​ជំងឺ​របស់​លោក​ប្រសើរ​រ​ឡើង ។

កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នៃ​ប្រទេស​ន័​រវេ​ស​ជាទី​កន្លែង​ដែល​លោក​កំពុង​រស់នៅ​ក្រោយ​ចាក​ចេញពី​កម្ពុជា​ច្រើន​ឆ្នាំ​កន្លង​មក បន្ទាប់​ពី​អាការ​ជំងឺ​របស់​លោក​រើ​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ ដំណឹង​នេះ​ត្រូវ​ផ្សព្វផ្សាយ​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ដែល​កូន​របស់​លោក​ប្រើប្រាស់​សព្វថ្ងៃ។

នៅ​មុន​ពេល​ចាក​ចេញពី​មន្ទីរពេទ្យ កូន​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​កថា «​ជម្រាបសួរ​ដល់​អ្នកគាំទ្រ​របស់​ឪពុក​ជាទី​ស្រឡាញ់​របស់ខ្ញុំ ។ ថ្ងៃនេះ​ខ្ញុំ​ចង់​ប្រាប់​អ្នកគាំទ្រ​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​ឱ្យ​ដឹង​ថា ឪពុក​ខ្ញុំ​ឈឺ​អស់​ជា​ច្រើន​ឆ្នាំ​មក ហើយ​ៗ​គាត់​មាន​ជំងឺមហារីក ។ សុខភាព​របស់​គាត់​មិនល្អ  ហើយ​គាត់​មិន​អាច​ក្រោកឈរ​ឡើង​ដោយ​ខ្លួន​គាត់​ផ្ទាល់ ដូច្នេះ​នៅ​ថ្ងៃស្អែក​គ្រូពេទ្យ​នឹង​យក​គាត់​ទៅ​មន្ទីរពេទ្យ ហើយ​មាន​អ្វី​កើតឡើង​ខ្ញុំ​មិន​បានដឹង​នៅឡើយ​ទេ ។

ខ្ញុំ និង​បងស្រី​ធំ​របស់ខ្ញុំ​នឹង​មិន​មាន​ពេលវេលា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​លោក​អ្នក​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​បង្ហាញ​កំណាព្យ​ជា​រៀងរាល់ថ្ងៃ​រហូត​ដល់​ទំព័រ​ចុង​ក្រោយ​» ។
បន្ទាប់​ពី​បង្ហោះ​សារ​នោះ​បាន​ប៉ុន្មាន​ថ្ងៃ ក្រុម​គ្រួសារ​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ប្រកាស​លទ្ធផល​អាការ​ជំងឺ​របស់​លោក​ក្រោយ​ចេញពី​មន្ទីរពេទ្យ​វិញ​ថា «​ថ្ងៃនេះ​ខ្ញុំ​ចង់​ប្រាប់​អ្នកគាំទ្រ​ទាំងអស់​ថា​ឪពុក​របស់ខ្ញុំ​បាន​ត្រឡប់​មក​ពី​មន្ទីរពេទ្យ​វិញ​ហើយ លទ្ធផល​គឺថា​គ្រូពេទ្យ​មិន​អាច​សម្លាប់​ជំងឺមហារីក​នោះ​ទេ ប៉ុន្តែ​ពួក​គេ​បាន​ព្យាយាម​កាត់​បន្ថយ​ការ​ឈឺចាប់​ក្នុង​រាង​កាយ​គាត់ ។ ខ្ញុំ​សង្ឃឹមថា គាត់​អាច​រស់នៅ​បាន​មួយ​រយៈ​ទៀត ។ នេះ​គឺជា​ក្តី​សង្ឃឹម​ចុង​ក្រោយ​ហើយ​» ។ ដំណឹង​នៃ​អាការ​ជំងឺ​ដ៏​ធ្ងន់​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ត្រូវ​អ្នកគាំទ្រ​ស្នាដៃ​និពន្ធ​របស់​លោក​ជា​ច្រើន​ជូនពរ​ឱ្យ​លោក​បានជា​ស្បើយ ។

កវី​ម្ចាស់​ស្ទឹង​សង្កែ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន កើត​នៅ​ថ្ងៃ​១៨ ខែតុលា ឆ្នាំ​១៩៣៩ នៅ​ភូមិ​ចំការ​សំរោង ឃុំ​ចំការ​សំរោង ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។ ឪពុក​របស់​លោក​ឈ្មោះ​គ​ង្គ ឈិ​ន (​ស្រុក​កំណើត​នៅ​ខេត្តតាកែវ​) និង​ម្តាយ​ឈ្មោះ​ម៉​រ ភឹង (​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ ដំបង​) ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​តែង​និពន្ធ​ចាប់តាំងពី​អំឡុង​ឆ្នាំ​១៩៥៥​មក រហូត​បាន​ប្រឡង​ជាប់​លេខ​១ ជា​លើក​ដំបូង នៅ​ក្នុង​មហោស្រព​អក្សរសិល្ប៍​មួយ​រៀបចំ​នៅ​ខេត្តបាត់ដំបង​នា​ឆ្នាំ​១៩៥៧ ក្នុង​ស្នាដៃ​ឈ្មោះ «​ស្នេហា​លុះ​អវសាន​»​។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ជា​អ្នក​សរសេរ​កាសែត អ្នកនិពន្ធ​ប្រលោមលោក កំណាព្យ ចម្រៀង ភាពយន្ត និង​ជា​អ្នកដឹកនាំ​រឿង ។ ក្រៅពី​នេះ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ក៏​ជា​អ្នក​គូរគំនូរ​អប់រំ​ផង​ដែរ ។

នៅ​ឆ្នាំ​២០០០ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ជា​អ្នកនិពន្ធ​ជនជាតិ​ខ្មែរ​ទី​២ បន្ទាប់​ពី​លោក​ពេជ្រ ទុំ​ក្រវិល ដែល​បាន​ទទួល​ជ័យ​លា​ភី​ស្នាដៃ​តែង​និពន្ធ​ក្របខ័ណ្ឌ​អាស៊ាន ។
អ្នកនិពន្ធ​ខ្មែរ​ទាំងឡាយ​ចាត់​ទុក​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ជា​អ្នកនិពន្ធ​ឆ្នើម​ម្នាក់​ដែល​បាន​បន្សល់​ទុក​ស្នាដៃ​ជា​ច្រើន ៕