ឥណ្ឌា​បញ្ជាក់​ជំហរ​ជា​ថ្មី មិន​មានការ​សាងសង់​ប្រាសាទ​ចម្លង​តាម​រចនាបថ​ប្រាសាទអង្គរវត្ត​ទេ

រាជធានី​ភ្នំពេញ ៖ តាម​ការ​ណែនាំ​ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ Monika K.Mohta លេខាធិការ នៃ​ក្រសួងការបរទេស​ឥណ្ឌា និង​លោក Shri K.K Mittal លេខាធិការ​នៃ​ក្រសួង​វប្បធម៌​ឥណ្ឌា ពាក់ព័ន្ធ​នឹង​ការ​សាងសង់​ប្រាសាទ​ចម្លង​តាម​រចនាបថ​ប្រាសាទអង្គរវត្ត នៅ​រដ្ឋ Bihar ប្រទេស​ឥណ្ឌា​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ឱ្យ​ដឹង​ពី​លោកជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ។

ជា​លទ្ធផល​នៃ​ការ​ជួប​ពិភាក្សា​នេះ លោក​ជំទាវ Monika K.Mohta លេខាធិការ​ក្រសួងការបរទេស​ឥណ្ឌា បាន​លើក​ទ្បើ​ង​ថា រដ្ឋាភិបាល​ឥណ្ឌា​នឹង​ទប់ស្កាត់​មិន​ឱ្យ​មានការ​សាងសង់​ទេ ។ ​ក្រសួង​បាន​ជម្រាប​ក្រុមហ៊ុន The Mahavir Mandir Trust មិន​ឱ្យ​សាងសង់​ប្រាសាទ​ចម្លង​តាម​រចនាបថ​ប្រាសាទអង្គរវត្ត​ទ្បើ​យ ។

ក្រុម​ហ៊ុន​នេះ​បាន​សន្យា​ថា នឹង​មិន​សាងសង់​ប្រាសាទ​ចម្លង​តាម​រចនាបថ​ប្រាសាទអង្គរវត្ត​ទេ ប៉ុន្តែ​សុំ​សាងសង់​ប្រាសាទ​មាន​រចនាបថ​ប្រាសាទ​ឥណ្ឌា ហើយនឹង​បញ្ជូន​គម្រោង​សាងសង់​នេះ​ទៅ​ក្រសួង​វប្បធម៌ និង​ក្រសួងការបរទេស​ឥណ្ឌា ដើម្បី​ស្នើ​សុំ​ការ​សាងសង់ ។

ចំណែក​លោក Shri K.K Mittal លេខាធិការ​ក្រសួង​វប្បធម៌​ឥណ្ឌា បាន​លើក​ទ្បើ​ង​ថា ក្រសួង​វប្បធម៌​ឥណ្ឌា នឹង​ធ្វើការ​សិក្សា និង​បញ្ជូន​គម្រោង​ថ្មី​នេះ ទៅ​ក្រសួងការបរទេស​ឥណ្ឌា ៕