ជា សំនៀង និង​មិន សិលា ជួប​ឡាវ ជា​លើក​ដំបូង​សង្ឃឹម​រកបាន​3​ពិន្ទុ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់​វគ្គ​៣ ក្នុង​ប្រភេទ​ទម្ងន់​៦៣​គីឡូក្រាម នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ស៊ី​អិន​ស៊ី នា​យប់​ថ្ងៃ​សៅរ៍ ទី​២១ វិច្ឆិកា ខាង​មុខ​នេះ ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​២​ហើយ ។ កីឡាករ​កម្ពុជា ជា សំនៀង មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ និង​មិន សិលា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​លើក​នេះ សុទ្ធតែ​មាន​ជំនឿ​ចិត្ត​រកបាន​៣​ពិន្ទុ​ជា​លើក​ដំបូង​ដូច​គ្នា ។

ការ​ប្រកួត​ស​ប្តា​ហ៍​ទី​១ កាលពី​ថ្ងៃ​សៅរ៍​មុន កីឡាករ​កម្ពុជា​ចាន់ គឹ​ម​លាភ មក​ពី​ក្លិប​និរោធ​មាន​ជ័យ រកបាន​៣​ពិន្ទុ​មុនគេ តាម​រយៈ​ការ​យកឈ្នះ​កីឡាករ​ថៃ ។ ចំណែក​លើក​នេះ ជា សំនៀង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ​អូ​រ៉ូ​ណូ ចំ​បា​៉​សក្តិ និង​មិន សិលា ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ដូច​គ្នា​ឈ្មោះ យ៉​ត​ឃុន​ភុ​ន​អេ​ត​បាង​សែ ។

យោង​តាម​ប្រវត្តិ​ប្រកួត​បាន​បង្ហាញ​ថា ជា សំនៀង ធ្លាប់​ប្រកួត​បាន​៥០​ដង ក្នុង​នោះ​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។ ចំណែក​កីឡាករ​ឡាវ​ធ្លាប់​ប្រកួត​បាន​៦២​ដង ឈ្នះ​៥១​ដង ចាញ់​១១​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​៥​ដង ។ ក្នុង​ចំណោម​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់ ជា សំនៀង គឺជា​ជើង​ខ្លាំង​មួយ​រូប​ដែល​ពិបាក​យកឈ្នះ​បំផុត ដូច្នេះ​ហើយ​បានជា​មួយ​រយៈ​មកនេះ គេ​កម្រ​មានមុខ​ប្រកួត​នៅ​លើ​សង្វៀន​ណាស់ ។ ជាក់ស្តែង លើក​នេះ​អ្នក​រៀបចំ​ការ​ប្រកួត​មាន​ជំនឿ​ចិត្ត​លើ ជា សំនៀង ច្រើន​ក្នុង​ការ​ស្វែងរក​៣​ពិន្ទុ​មក​រក្សា​ទុក​នៅ​ក្នុង​ដៃ​ជា​លើក​ដំបូង ។

ចំណែក មិន សិលា ក៏​មាន​ជំនឿ​ចិត្តច្រើន ដែរ ។ កីឡាករ​កម្ពុជា​រូប​នេះ ធ្លាប់​ឡើង​សង្វៀន​ប្រកួត​បាន​៦០​ដង​ប៉ុណ្ណោះ ចំណែក​កីឡាករ​ឡាវ ធ្លាប់​ប្រកួត​បាន​រហូត​ដល់​ទៅ​៨០​ដង ឈ្នះ​៦៥​ដង ចាញ់​១៣​ដង ស្មើ​២​ដង ។ ទោះបី​ប្រវត្តិ​ប្រកួត​តិច​ជាង​ក្ដី​ក៏​កីឡាករ​មិន សិលា នៅ​តែ​មាន​ជំនឿ​ចិត្ត​យា​៉​ង​មុតមាំ​ក្នុង​ការ​យកឈ្នះ​គូប្រកួត​លើក​នេះ​ដោយសារ​គេ​ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ដែល​មាន​ក្បាច់គុន​ល្អ​ធ្វើ​ឱ្យ​គូប្រកួត​ញាក់សាច់​មិន​តិច​នាក់​ឡើយ ។ ចាំ​មើល​លើក​នេះ គេ​អាច​យកឈ្នះ​កីឡាករ​ឡាវ​ដូច​ការ​សន្យា​មែនឬ​អត់ ។

នៅ​លើ​សង្វៀន​ដដែល កីឡាករ ង៉ែត រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ប្រកួត​ជាមួយ​កីឡាករ គង់ សំបូរ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​គូ​ចុង​ក្រោយ​កីឡាករ ឈុ​ន បញ្ញា មក​ពី​ក្លិប​រា​៉​ហាប់​ស្វាយ​បា​៉​ក ប្រកួត​ជាមួយ​កីឡាករ សៅ ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​គី​សែ​មាន​ឬ​ទ្ធិ ៕