​សមត្ថកិច្ច​នៅតែ​តាម​ចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី ដើម្បី​អនុវត្ត​ទោស​តាមច្បាប់

រាជធានី​ភ្នំពេញ​៖​ប្រភពពី​មន្ត្រីជាន់ខ្ពស់​គណៈកម្មការ​អនុវត្ត​ដីកាចាប់ខ្លួន​ទណ្ឌិត​សម រង្ស៊ី​បាន​អះអាងថា​មកដល់ពេលនេះ​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី របស់​តុលាការ​ក្រុងភ្នំពេញ ចុះ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅពេលដែល​ទណ្ឌិត​រូបនេះ ត្រឡប់មក​កម្ពុជា​វិញ​។ 

​    ​មន្ត្រី​រូបនោះ​បញ្ជាក់ថា ការអនុវត្ត​ដីកា​ឲ្យ​ចាប់ខ្លួន​នោះ​មិនត្រូវ​ដកថយ​នោះទេ នៅពេលដែល​សមត្ថកិច្ច​មិនទាន់​ចាប់ខ្លួន​ទណ្ឌិត​រូបនោះ​បាន ។ 

​    ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន ប្រធាន​គណៈកម្មការ​អនុវត្ត​ដីកាចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី បាន​មានប្រសាសន៍ប្រាប់​បណ្តាញ​សារព័ត៌មាន​ថា ចំពោះ​ការអនុវត្ត​សាលដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​គណៈកម្មការ​នៅតែ​អនុវត្តតាម​សាលដីកា​ដែល​ចូល​ជា​ធរមាន​ហើយ ចំពោះ​ទណ្ឌិត​សម រង្ស៊ី​។ ចំពោះមុខ​នេះ​ក្តី ខាងក្រោយ​នេះ​ក្តី ក៏​នៅតែ​បន្ត​អនុវត្តតាម​សាលដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី ពីព្រោះថា ទណ្ឌិត​រូបនេះ មិនទាន់​បានមក​ទទួល​ទោស​ទេ ប៉ុន្តែ​នៅ​ធ្វើ​កិច្ច​ការឃោសនា​អកុសល​នៅក្រៅ​ប្រទេស​នៅឡើយ​។ ដោយ​លោក​បាន​បញ្ជាក់ថា "​គណៈកម្មការ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី នៅតែ​បន្តធ្វើ​ទៅទៀត​រហូតដល់​ចប់​ចុង​ចប់​ដើម​"​។ 

​    ​យ៉ាងណាក៏ដោយ​នៅ​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​បានធ្វើការ​កោះប្រជុំ​តំណាងរាស្ត្រ​របស់ខ្លួន​ទាំងអស់ ដើម្បី​ពិភាក្សា​រក​គន្លឹះ​សម្រាប់​ការកំណត់​ថ្ងៃ​វិលត្រឡប់​របស់លោក​សម រង្ស៊ី និង​លោក​កឹម សុខា មក​ប្រទេស​កម្ពុជា​វិញ​៕

​សមត្ថកិច្ច​នៅតែ​តាម​ចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី ដើម្បី​អនុវត្ត​ទោស​តាមច្បាប់