អាហ្សង់ទីន និង​ប្រេស៊ីល វិល​ទៅ​រក​ជ័យ​ជម្នះ ខណៈ​ស៊ីលី ចាញ់

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ អាហ្សង់ទីន និង​ប្រេស៊ីល បាន​ធ្វើ​ឲ្យ​យុទ្ធនាការ​នៃ​ការ​ប្រកួត​ជម្រុះ World Cup ឆ្នាំ​២០១៨ របស់​ពួក​គេ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ជាមួយ​នឹង​ជ័យ​ជម្នះ​ដ៏​សំខាន់​កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ដែល​ក្រុម​ម្ចាស់​ជើង​ឯក Copa America គឺ​ស៊ី​លី បាន​រង​បរាជ័យ​ក្នុង​ការ​ប្រកួត​របស់​ពួក​គេ​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ។

argentina-brazil

អាហ្សង់​ទីន ក្រុម​ម្ចាស់​ជើង​ឯក World Cup ពីរ​សម័យ​កាល ដែល​រក​បាន​ត្រឹម​តែ​២​ពិន្ទុ​ពី​ការ​ប្រកួត​៣​លើក​ដំ​បូង​របស់​ពួក​គេ​នោះ បាន​​កត់​ត្រា​ជ័យ​ជម្នះ​ជា​លើក​ទី​១​របស់​ពួក​គេ តាម​រយៈ​ការ​ផ្តួល​ក្រុម​ជម្រើស​ជាតិ​កូ​ឡុំ​ប៊ី ១-០ ក្នុង​ទីក្រុង Barranquilla ក្រោយ​ពី​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក្នុង​​តង់​ទី​១​ពី​សំណាក់​កីឡាករ Lucas Biglia​។

ដោយឡែក ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល បាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​បំផុត​របស់​ពួក​គេ​នៃ​យុទ្ធ​នា​ការ​ជម្រុះ​នេះ​​ដើម្បី​កត់​ត្រា​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ៣-០ លើ​ក្រុម​ជម្រើស​ជាតិ​ប៉េ​រូ ក្នុង​ទីក្រុង Salvador។

តារាឆ្នើម Douglas Costa របស់​ក្លិប Bayern Munich បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ១ ​គ្រាប់ និង​ជួយ​ឲ្យ​មិត្ត​រួម​​ក្រុម​រក​បាន​ ១ ​​គ្រាប់​ទៀត ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល បាន​យក​ឈ្នះ​លើ​ក្រុម​ឈាន​ទៅ​កាន់​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល់​ផ្តាច់​ព្រ័ត្រ​ក្នុង Copa America មួយ​នេះ​យ៉ាង​ងាយ។

ក្នុង​ទីក្រុង Montevideo ឯ​នោះ​វិញ ក្រុម​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ បាន​ដណ្តើម​ការ​សង​សឹក​សម្រាប់​ការ​រង​បរាជ័យ​ក្នុង​ការ​ប្រកួត Copa America វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​របស់​ពួក​គេ​ក្រោម​ស្នា​ដៃ​ក្រុម​ ស៊ីលី កាល​ពី​ដើម​ឆ្នាំ​នេះ ជា​មួយ​នឹង​ជ័យ​ជម្នះ ៣-០៕ AFP/IS