សម្តេចតេជោ ហ៊ុន សែន ៖ បុណ្យអុំទូកឆ្នាំនេះ ពលរដ្ឋអាចអុំទូក បានអាជ្ញាធរ មិនហាមទេ ប៉ុន្តែត្រូវទទួល ខុសត្រូវខ្លួនឯង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា ទាំងម្សិលមិញ និងថ្ងៃពុធ ទី១៨វិច្ឆិកានេះ បាន ប្រកាសថា បើសិនជាពលរដ្ឋនៅតែចង់ប្រណាំងទូក នៅអំឡុងថ្ងៃបុណ្យអុំទូក ចុងខែនេះនោះ អាជ្ញាធរនឹងមិនហាមឃាត់ទេ ប៉ុន្តែអ្នករៀបចំការប្រណាំងទូកត្រូវទទួលខុសត្រូវចំពោះសុវត្ថិភាពអ្នកអុំទូក ដោយខ្លួនឯង។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើបណ្តាញសង្គម Facebook ថា «កម្រិតទឹកទន្លេពេលនេះ ក៏កំពុងស្រកចុះយ៉ាងខ្លាំង ដែលគ្មានសុវត្ថិភាព ក្នុងការប្រណាំងទូកជាផ្លូវការ។ ប៉ុន្តែប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឬក្រុមអ្នកស្ម័គ្រចិត្តទាំងឡាយណា ដែលមានលទ្ធភាពចង់រៀបចំអុំទូក ក៏ពុំមាន ការហាមឃាត់ដែរ តែត្រូវទទួលខុសត្រូវចំពោះសុវត្ថិភាពដោយខ្លួនឯងឱ្យបានល្អបំផុត។ យើងសង្ឃឹមថាប្រជាពលរដ្ឋ នឹងយោគយល់ចំពោះ បញ្ហាសុវត្ថិភាព ជាចម្បង ដែលរាជរដ្ឋាភិបាលបានសម្រេចការផ្អាក ពិធីបុណ្យអុំទូកជាផ្លូវការឆ្នាំនេះ»។

ចំពោះការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដោយគ្មានការរៀបចំការប្រណាំងទូកជាផ្លូវការនៅក្នុងឆ្នាំនេះ ត្រូវបានសម្តេចបញ្ជាក់ថា  រាជរដ្ឋាភិបាលនឹងចាត់ចែង ឱ្យមានការប្រគុំតន្រ្តីអបអរសាទរជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ នៅតាមទីកន្លែងមួយចំនួនដូចជា រមណីយដ្ឋានវត្តភ្នំ សួនច្បារវត្តបទុមវតី និង កោះពេជ្រ ព្រមទាំងមានការផ្សាយបន្តផ្ទាល់តាម TV និងមានបាញ់កាំជ្រួចអបរអរពិធីបុណ្យទៀតផង។

សូមជំរាបថា កាលពីចុងខែតុលា រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរមួយដោយសម្រេចឱ្យផ្អាក ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង ដែលគ្រោងប្រព្រឹត្តនៅថ្ងៃទី២៤-២៥ និង២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះដោយសារតែ ទឹកទន្លេមានកម្រិតទាបពេក ខណៈដែលបណ្តាខេត្តនៅកម្ពុជាមួយចំនួន ប្រឈមនឹងគ្រោះរាំងស្ងួតអត់ទឹកធ្វើស្រែ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្វែរថវិការៀបចំពិធីបុណ្យអុំទូក ទៅជាថវិកាសម្រាប់ទិញប្រេងសាំង ដើម្បីបូមទឹកដាក់ស្រែជូនប្រជាពលរដ្ឋវិញ ។ សម្តេចក៏បានដាក់ចេញវិធានការ ដើម្បីឱ្យអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន យកចិត្តទុកដាក់ដោះស្រាយ បញ្ហាខ្វះទឹកជូនប្រជាពលរដ្ឋផងដែរ៕