នាយកដ្ឋាន​ដឹក​ជញ្ជូន​​​ចុះ​​ពិនិត្យ​លក្ខណៈបច្ចេកទេស​រថយន្ត​ដឹក​កម្មករ​រោងចក្រ​នៅ​ក្រុង​បា​វិត​

ខេត្ត​ស្វាយ​រៀង ​៖ ​កាលពី​វេលា​ម៉ោង​៨​​ព្រឹក ថ្ងៃ​ទី​១៧ ​វិច្ឆិកា ​​២០១៥ ​មន្ត្រី​ជំនាញ​នាយកដ្ឋាន​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ដឹកនាំ​ដោយ​លោក​តាំង ពៅ​ ប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​នៃ​នាយកដ្ឋាន​ដឹក​ជញ្ជូន​បាន​ចុះ​ត្រួតពិនិត្យ​លក្ខណ​:​បច្ចេកទេស​(​ឈៀក​) ​​រថយន្ត​ដឹក​កម្មករ​រោងចក្រ​នៅ​ក្រុង​បា​វិត​ ខេត្តស្វាយរៀង​។

ការ​ចុះ​ត្រួតពិនិត្យ​នេះ​ក៏​មានការ​ចូលរួម​សហការ​ពី​លោក​ហូរ វត​នៈ អភិបាលរង​ខេត្ត​លោក រ័​ត្ន ច​ន ​អនុប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ លោក​ឧត្តមសេនីយ៍ត្រី ភោគ សុ​ខុន ​ស្នងការ​រង​ទទួល​ផែន​ចរាចរណ៍​ រួម​ទាំង​ប្រធាន​ អនុប្រធាន​សមាគម​សុ​វត្ថ​ភាព​ដឹក​ជញ្ជូន​អ្នកដំណើរ​ខេត្តស្វាយរៀង ​និង​សមាជិក ​ព្រមទាំង​កម្លាំង​នគរបាល​ចរាចរណ៍​ជួយ​សម្រួល​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ការ​ត្រួតពិនិត្យ​ផង​ដែរ​។

លោក​តាំង ពៅ បាន​ឲ្យ​ដឹង​ថា ​ការ​ដែល​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​មក​ត្រួតពិនិត្យ​បច្ចេកទេស​(​ឈៀក​)​នៅ​ក្រុង​បា​វិត​ខេត្តស្វាយរៀង​នា​ថ្ងៃនេះ ​​​ជា​ការ​ឆ្លើយ​តប​តាម​សំណើ​របស់​រដ្ឋបាល​ខេត្តស្វាយរៀង​ដែល​បាន​ស្នើ​ទៅ​រដ្ឋមន្ត្រីក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ ហើយ​ការ​ចុះ​នេះ​មាន​រយ​:​ពេល​បី​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៧​ដល់១៩​ វិច្ឆិកា​ បើសិនជា​មិន​ទាន់​អស់​រថយន្ត​ដឹក​កម្មករ​នៅ​បន្ត​ទៀត​រហូត​ដល់​អស់​។

ចំពោះ​ការ​ត្រួតពិនិត្យ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ត្រូវ​បង់ថ្លៃ​សេវា​តាម​ប្រភេទ​រថយន្ត​របស់​ខ្លួន​។ លោក​តាំង ពៅ បាន​បន្ត​ថា ចំពោះ​កា​ត្រួតពិនិត្យ​នេះមន្ត្រី​ជំនាញ​​មើល​រថយន្ត​នោះ​ត្រូវ​មាន​ភ្លើង​កូត​ហ្វា​ ភ្លើង​ស៊ី​ញូ​ឆ្វេង​ស្ដាំ​ឲ្យ​ត្រឹមត្រូវ​ភ្លើង​ស្តុ​ប​ក្រោយ​ ព្រមទាំង​ហ្វ្រាំង​ត្រូវ​ឲ្យ​ស៊ី​បាន​ស្មើគ្នា​ កង់​ទាំង​បួន ​ព្រមទាំង​ត្រួតពិនិត្យ​សំបក​កង់​ បើ​សឹករិច​រិល​ត្រូវ​ដូរ​ដាក់​ថ្មី​ដើម្បី​ជៀសវាង​​​គ្រោះថ្នាក់​ចរាចរណ៍​បាន​៕