អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អំពាវនាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​សង្គ្រោះ​ជាតិ បន្ត​វប្បធម៌​សន្ទនា​

ភ្នំពេញ: លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បានចេញ​សារ​អំពាវនាវ និង​ជំរុញ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​កិច្ចសន្ទនា​គ្នា ក្នុង​វប្បធម៌​សន្ទនា​។ លោក​អគ្គលេខាធិការ ក៏បាន​លើកទឹកចិត្ត​ដល់​អ្នកនយោបាយ​កម្ពុជា​ទាំងអស់ ដើម្បី​បញ្ឈប់​ពី​អំពើហិង្សា និង​ការបំភិតបំភ័យ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​លោក​អគ្គលេខាធិការ បាន គី​មូ​ន ដែល​បាន​ធ្វើឡើង តាមរយៈ​អ្នកនាំពាក្យ​។​

​អ្នកនាំពាក្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​លើកឡើងថា លោក​អគ្គលេខាធិការ បាន និង​កំពុង​តាមដាន​ដោយ​ក្តីកង្វល់​អំពី​ភាព​តានតឹង កំពុង​កើនឡើង​រវាង​គណបក្ស​កាន់អំណាច និង​គណបក្សប្រឆាំង​នៅ​កម្ពុជា​។ ដីកាចាប់ខ្លួន​មេដឹកនាំ​គណបក្សប្រឆាំង លោក សម រង្ស៊ី នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា និង​ឧប្បត្តិហេតុ ដែល​បាន​កើតឡើង​មុននេះ ប្រឆាំងនឹង​សមាជិកសភា និង​មេដឹកនាំ​គណបក្សប្រឆាំង គឺជា​ស្ថានការណ៍​វិ​វ​ឌ្ឍ​គួរ​ឲ្យ​ព្រួយបារម្ភ​។​

​អ្នកនាំពាក្យ​បន្ថែមថា "​អគ្គលេខាធិការ​សូម​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​កិច្ចសហការ និង​កិច្ចសន្ទនា និង​អំពាវនាវ​តួអង្គ​នយោបាយ​ទាំងអស់​បញ្ចៀស​អំពើហិង្សា ការបំភិតបំភ័យ និង​ការយាយី​។ បរិយាកាស​ដែល​គ្មាន​ការគំរាមកំហែង​នៃ​កិច្ចសន្ទនា​បែប​ប្រជា​ធិ​តេ​យ្យ គឺ​សំខាន់​ចាំបាច់​សម្រាប់​ស្ថិរភាព​នយោបាយ និង​សង្គម​ដែលមាន​សន្តិភាព​"​។​

​សេចក្តីថ្លែងការណ៍​ខាងលើនេះ ត្រូវបាន​ចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​អង្គការ​សហប្រជា​ជាតិ នា​ថ្ងៃទី​១៨​វិច្ឆិកា​នេះ​។​

​យ៉ាងណាក៏ដោយ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​រួមគ្នា កាលពី​ថ្ងៃអាទិត្យ ក្នុង​វេទិកា​ជួបជុំ​ជាមួយនឹង​យុវជន គឺ​តំណាង​គណបក្ស​ដែលមាន​អាសនៈ​នៅ​រដ្ឋសភា​ទាំងពីរ បានប្រកាស​បន្ត​វប្បធម៌​សន្ទនា បើទោះបី​ជាមាន​ព្រឹត្តិការណ៍​នយោបាយ​ផ្ទួនៗ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​ការវាយដំ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២ រូប ការបោះឆ្នោត​ទម្លាក់​លោក​កឹម​សុខា ចេញពី​អនុប្រធាន​ទី​១​រដ្ឋសភា ការ​លុបឈ្មោះ​លោក​សមរង្ស៊ី ចេញពី​តំណាងរាស្ត្រ ព្រមទាំង​តុលាការ ចេញ​ដីកាចាប់ខ្លួន​លោក​សមរង្ស៊ី ក៏ដោយ​៕​