រដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្តល់​ថវិកា​ជាង ៤ លាន​ដុល្លារ សម្រាប់​ភាគី​ជាតិ នៅ​សាលាក្តី​ខ្មែរក្រហម ក្នុង​រយៈពេល ៦ ខែ ដើមឆ្នាំ​២០១៦

ភ្នំពេញ: ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​សម្រេច​ផ្តល់​ថវិកា​ជាង ៤ លាន​ដុល្លារ​បន្ថែមទៀត សម្រាប់​ភាគី​ជាតិ នៅ​សាលាក្តី​ចម្រុះ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម នៅក្នុង​រយៈពេល ៦ ខែ ដើមឆ្នាំ​២០១៦​។

​សេចក្តីប្រកាស​ខាងលើនេះ បានធ្វើ​ឡើង ក្នុង​កិច្ចប្រជុំ​រវាង​តំណាង​រដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​១៧​វិច្ឆិកា​។ ភាគី​ទាំងពីរ ក៏បាន​ព្រមព្រៀង​បន្ត​សហការ គៀងគ រក​ថវិកា ដើម្បី​ដំណើរការ​សាលាក្តី​ខ្មែរក្រហម នៅ​ឆ្នាំ​២០១៦ ផងដែរ​។​

​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ តាមរយៈ​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​សាលាក្ដី​ខ្មែរក្រហម បាន​ជួប​ជាមួយ​លោក​Stephen Mathias ឧបការី​អគ្គលេខាធិការ ទទួលបន្ទុក​កិច្ចការ​ច្បាប់ នៃ​អង្គការសហប្រជាជាតិ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​។

​បន្ទាប់ពី​កិច្ចប្រជុំ ភាគី​ទាំងពីរ បាន​ព្រមព្រៀងគ្នា​ជាថ្មី​ទៀតថា នឹង​បន្ត​កិច្ចសហប្រតិ​បត្តិការ ដើម្បី​រួមគ្នា​ស្វែងរក​ថវិកា ដើម្បី​ដំណើរការ​សាលាក្តី​ខ្មែរក្រហម នៅ​ឆ្នាំ​២០១៦​។​

​ភាគី​ទាំងពីរ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម ដោយបាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ បាន​ស្វាគមន៍​ចំពោះ​សុ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​គាំទ្រ​ដល់​សំណើ​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ ដាក់ជូន​មហាសន្និបាត​អង្គការសហប្រជាជាតិ ទាក់ទង​នឹង​ការឧបត្ថម្ភ​ធន​សម្រាប់​ប្រតិបត្តិការ​របស់ អ​.​វ​.​ត​.​ក ក្នុង​ឆ្នាំ​២០១៦ ព្រមទាំង​សុ​ឆន្ទៈ​របស់ខ្លួន ក្នុង​ការបន្ត​ផ្ដល់​វិភាគទាន​គ្រប់គ្រាន់ និង​ដោយផ្ទាល់​ដល់​ភាគី​ជាតិ នៃ អ​.​វ​.​ត​.​ក ដើម្បី​ធានា​ឲ្យ​បាន​ថវិកា​គ្រប់គ្រាន់ ដោយ​ពិចារណា​ទៅលើ​ការចូលរួម​វិភាគទាន​ពី​ប្រទេស​ម្ចាស់ជំនួយ​អន្តរជាតិ​នានា​។ ហើយ​សង្ឃឹមថា វិធានការ​ទាំងនេះ នឹង​ផ្តល់នូវ​ស្ថិរភាព​ហិរញ្ញវត្ថុ សម្រាប់ អ​.​វ​.​ត​.​ក ក្នុង​ឆ្នាំ​២០១៦​។​

​លោក ឌឹ​ម សុ​វណ្ណា​រ៉ុ​ម ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​តុលាការ​ខ្មែរក្រហម ឲ្យ​ដឹងថា គម្រោង​ថវិកា​សម្រាប់​សាលាក្តី​ចម្រុះ​កាត់ទោស​ខ្មែរក្រហម នៅ​ឆ្នាំ​២០១៦ គឺ​ភាគី​ជាតិ គ្រោង​នឹង​ចំណាយ ៦,៦៥ លាន​ដុល្លារ រីឯ​ភាគី​អន្តរជាតិ ២៥,៧ លាន​ដុល្លារ​។ ចំណែក​ឆ្នាំ​២០១៧ ភាគី​ជាតិ​គ្រោង​នឹង​ចំណាយ ៦,៤ លាន​ដុល្លារ និង​ភាគី​អន្តរជាតិ ២០,១ លាន​ដុល្លារ​។​

​លោក​ឌឹ​មសុ​វណ្ណា​រ៉ុ​ម បន្តថា គម្រោង​ថវិកា ២ ឆ្នាំនេះ នឹងត្រូវ​កិច្ចប្រជុំ​អង្គការ​សហប្រជា​ជាតិ អនុម័ត​នៅ​ដើមឆ្នាំ​២០១៦​។​

​នៅ​ឆ្នាំ​២០១៥​នេះ ភាគី​ជាតិ​នៅ​សាលាក្តី​ខ្មែរក្រហម ត្រូវ​ចំណាយ ៦,៦ លាន​ដុល្លារ រីឯ​ភាគី​អន្តរជាតិ ចំនួន ២៧,១ លាន​ដុល្លារ​។​
 
​ចាប់តាំងពី​បង្កើត កាលពី​ឆ្នាំ​២០០៦ រហូតដល់​ឆ្នាំ​២០១៤ សាលាក្តី​ចម្រុះ​កាត់ទោស​ខ្មែរក្រហម បាន​ចំណាយ​សរុប ចំនួន ២០៤,៥ លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ ភាគី​អន្តរ​ជា​t​តិ ចំនួន ១៥៤,៩ លាន​ដុល្លារ និង​ភាគី​ជាតិ​ចំណាយ​ចំនួន ៤៩,៦ លាន​ដុល្លារ​៕​