ពលរ​ដ្ឋ​រស់​នៅ​តំបន់​ភ្នំ​ឈប់​ចិញ្ចឹម​ជ្រូក​ងាក​មក​ចិញ្ចឹម​សត្វ​ពពែ​វិញ​ម្តង​

ខេត្ត​កំពត ៖ ប្រជា​ពលរដ្ឋ​រស់​នៅ​ក្បែរ​ជើង​ភ្នំ​ល្ងៀង ភ្នំ​រាប ភ្នំ​តូច និង​ភ្នំ​ស្តេច​គង់​ ឃុំ​ស្តេច​គង់​ខាង​ត្បូង​ ស្រុក​បន្ទាយ​មាស​ធ្លាប់​តែ​ចិញ្ចឹម​ជ្រូក ប៉ុន្តែ​ពេល​នេះ​បាន​ឈប់​ចិញ្ចឹម​ជ្រូក​ហើយ​ងាក​មក​ចិញ្ចឹម​សត្វ​ពពែ​វិញ​ម្តង​។

ពលរដ្ឋ​ម្នាក់​ឈ្មោះ​ខឹម ខ្លី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់​នៅ​ភូមិ​ស្តេច​គង់ ឃុំ​ស្តេច​គង់​ខាង​ត្បូង​បាន​ប្រាប់​ឱ្យ​ដឹង​ថា អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​ឈប់​ចិញ្ចឹម​ជ្រូក​ទៀត​ហើយ​ ព្រោះ​ការ​ចិញ្ចឹម​ជ្រូក​ខាត​បង់​ច្រើន​ ដូច​ជា​ការ​ទិញ​ចំណី​ជ្រូក​ថ្លៃ លក់​ជ្រូក​រស់​មួយ​គីឡូ​តម្លៃ​៦​ពាន់​៧​រយ​រៀល​តែ​ប៉ុណ្ណោះ​ ។

លោក​ខឹម ខ្លី បាន​និយាយ​បន្ត​ថា គាត់​ចិញ្ចឹម​សត្វ​ពពែ​ទាំង​កូន ទាំង​មេមាន​ចំនួន​៥៨​ក្បាល ហើយ​បើ​លក់​សាច់​រស់​វិញ​មួយ​គីឡូ​៥​ដុល្លារ ។ គាត់​ប្រាប់​ទៀត​ថា ការ​ចិញ្ចឹម​សត្វ​ពពែ​មិន​ពិបាក​ដូច​ជ្រូក​ទេ ជ្រូក​ទិញ​ចំណី តែ​ពពែ​លែង​វា​ឱ្យ​ស៊ី​ស្លឹក​ឈើ​នៅ​ព្រៃ​ភ្នំ​តែ​២ម៉ោង​ប៉ុណ្ណោះ​ដេញ​ឱ្យ​វា​ចូល​ទ្រុង​វិញ​ហើយ​ ។​

ពលរដ្ឋ​ម្នាក់​ឈ្មោះ​ឡុង ហ៊ីន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ រស់​នៅ​សង្កែ​ដួច ឃុំ​ស្តេច​គង់​ខាង​ត្បូង​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា គ្រួសារ​គាត់​ឈប់​ចិញ្ចឹម​ជ្រូក​ហើយ ព្រោះ​ត្រូវ​ការ​ទិញ​ចំណី​ថ្លៃ​លក់​សាច់​ទៅ​ឱ្យ​ឈ្មួញ​ទិញ​កាប់​ថោក​ ដោយ​សារ​ខាត​បង់​ប្រាក់​ច្រើន​ក្នុង​ការ​ចិញ្ចឹម​ជ្រូក គាត់​បាន​ទិញ​សត្វ​ពពែចិញ្ចឹម​វិញ​។

លោក​ឡុង ហ៊ីន និយាយ​ថា ពួក​អ្នក​ភូមិ​ជា​ច្រើន​ឃើញ​អ្នក​ចិញ្ចឹម​សត្វ​ពពែ​ ម្នាក់ៗ​មាន​ជីវ​ភាព​ក្នុង​គ្រួសារ​ធូ​រ​ធា​ ស្រាប់​តែ​នាំ​គ្នា​ចិញ្ចឹម​សត្វ​ពពែ​នេះ​គ្រប់​គ្នា​ ៕