លោក សម រង្ស៊ី ថា​បក្ស​កាន់​អំណាច​កំពុង​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ

មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី រិះគន់​រដ្ឋាភិបាល​បច្ចុប្បន្ន​ថា កំពុង​តែ​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ ទាក់ទង​នឹង​ការ​ដក​តំណែង​លោក កឹម សុខា និង​បណ្ដេញ​លោក​ចេញ​ពី​រដ្ឋសភា។

លោក សម រង្ស៊ី ថ្លែង​ដូច្នេះ​ក្នុង​ទំព័រហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ដោយ​ចាត់​ទុក​ការ​ឃុំ​ខ្លួន​សមាជិកព្រឹទ្ធសភា​បក្ស​ប្រឆាំង លោក ហុង សុខហួរ ការ​វាយដំ​តំណាងរាស្ត្រ​បក្សសង្គ្រោះជាតិ​២រូប ការ​ដក​តំណែង​លោក កឹម សុខា ពី​អនុប្រធាន​ទី១​រដ្ឋសភា និង​ការ​បណ្ដេញ​លោក​ចេញ​ពី​រដ្ឋសភា​នា​ពេល​ថ្មីៗ​នេះ ជា​ទង្វើ​យង់ឃ្នង​របស់​បក្ស​ប្រជាជន។

លោក សម រង្ស៊ី បន្ត​ថា ទង្វើ​របស់​បក្ស​ប្រឆាំង​នៅ​ពេល​នេះ បាន​វិល​ត្រឡប់​ទៅ​រក​ប្រព័ន្ធ​បក្ស​តែមួយ ដូច​មុន​ថ្ងៃ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១៖ «ង្វើ​ទាំងអស់​នេះ ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ ដែល​នាំ​មក​នូវ​ផល​ប៉ះពាល់​ផ្លូវច្បាប់ និង​ផ្លូវ​នយោបាយ ដូច​រដ្ឋប្រហារ​យោធា ដែល​ពួកគេ(បក្ស​ប្រជាជន) បាន​ធ្វើ​នៅ​ថ្ងៃ ៥-៦ កក្កដា ឆ្នាំ ១៩៩៧ អញ្ចឹង​ដែរ»

លោក សម រង្ស៊ី នៅ​មិន​ទាន់​បាន​ចូល​មក​ប្រទេស​កម្ពុជា​ទេ បន្ទាប់​តុលាការ​កម្ពុជា បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក​មក​អនុវត្ត​ទោស​២​ឆ្នាំ​ក្នុង​ពន្ធនាគារ ទាក់ទង​នឹង​បទ​បរិហារកេរ្តិ៍​កាល​ពី​ជាង​៧​ឆ្នាំ​មុន។

នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា នេះ ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ កំពុង​ពិភាក្សា​គ្នា ដើម្បី​រក​ពេល​ជាក់លាក់​ណាមួយ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ បន្ទាប់​ពី​ខកខាន​កាល​ពី​យប់​ថ្ងៃ​ទី​១៦ វិច្ឆិកា។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។