គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​មិនទាន់​ឲ្យ​លោក​សមរង្ស៊ី វិល​ត្រលប់មក​កម្ពុជា​វិញ នៅពេល​ឆាប់ៗ​នេះ​ទេ​

ភ្នំពេញ: ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​សាជាថ្មី​ម្តងទៀត នៅ​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា​នេះ មិនទាន់​ឲ្យ​លោក​សម រង្ស៊ី វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​នៅឡើយ​ទេ ដោយ​រក​ច្រក​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​លោក​សម រង្ស៊ី មកវិញ ដោយ​មិនមាន​បញ្ហា​អ្វី​កើតឡើង​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​អេង​ឆៃអ៊ាង អ្នកនាំពាក្យ​ថ្មី​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។​

​លោក​អេង​ឆៃអ៊ាង បាន​លើកឡើងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍គណបក្សសង្គ្រោះ​ជាតិ​ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ កាលពី​រសៀល​ថ្ងៃទី​១៨​វិច្ឆិកា​នេះ នៅ​ទីស្នាក់ការ​ធំ ក្នុង​រាជធានី​ភ្នំពេញ​។ របៀបវារៈ​សំខាន់​ពីរ ត្រូវបាន​លើកយក​មក​ពិភាក្សា គឺ​ទី​១ ដំណើរ​វិល​ត្រលប់​របស់លោក​សមរ​ង្ស៊ី និង​ចំណុច​ទី​២ ដំណើរការ​ការងារ​នៅ​រដ្ឋសភា​។​

​លោក​អេង​ឆៃអ៊ាង បាន​លើកឡើងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ បានរួម​យោបល់​គ្នា​សម្រេច​ថា អោយ​លោក​សមរង្ស៊ី វិល​ត្រលប់មក​កម្ពុជា​វិញ ក្នុងពេល​សមស្រប​ណាមួយ គឺ​មិន​យូរពេក ហើយក៏​មិនឆាប់​ពេក​ទេ​។ យើង​នឹង​ស្វែងរក​ការអន្តរាគមន៍ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​អ្វី​កើតឡើង ពេល​លោក​សមរង្ស៊ី វិល​ត្រលប់​ចូលមក​កម្ពុជា​វិញ​។​

​ចំណែក​ចំណុច​ទី​២ លើ​បញ្ហា​ការងារ​នៅ​រដ្ឋសភា ត្រូវបាន​លោក​អេង​ឆៃអ៊ាង អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​រង់​ចាំមើល​ស្ថានការណ៍​នយោបាយ​សិន​។ ពោលគឺ​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​សម្រេច​ថា ឲ្យ​តំណាងរាស្ត្រ ដើរចេញ ឈប់​ធ្វើការ​នៅ​រដ្ឋសភា​នៅឡើយ​ទេ​។

​ក៏ប៉ុន្តែ​លោក​អេង​ឆៃអ៊ាង បាន​បញ្ជាក់ថា បើសិនជា​ស្ថានការណ៍​នយោបាយ នៅតែ​ក្តៅ​ដូច្នេះ ពោលគឺ​នៅមាន​ដីកាចាប់ខ្លួន​ឯកឧត្តម​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រៀបដូចជា​គេ​កាត់​ក្បាលរថភ្លើង នោះ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិនអាច​បំពេញការងារ​រ​បស់​ខ្លួន នៅ​រដ្ឋសភា​បានឡើយ​៕​