អភិបាល​ខេត្ត​ព្រះសីហនុ​ចាត់​វិធានការ​រុះរើ​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ

ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ កំពុង​មាន​វិធានការ​រុះរើ​របាំង​ដែក ឬ​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ​មួយ​ចំនួន ដែល​ម្ចាស់​កម្មសិទ្ធិ​ហ៊ុមព័ទ្ធ​របង​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ ដើម្បី​កែ​សម្រួល​សោភណភាព​ក្រុង​ទេសចរណ៍​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ។ សកម្មភាព​នេះ ទទួល​បាន​ការ​សាទរ​ច្រើន​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នា​មូលដ្ឋាន​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ថា អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ​ចុះ​រុះរើ​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ និង​សំណូមពរ​ដល់​ម្ចាស់​កម្មសិទ្ធិ​ដី​ចំណី​ឆ្នេរ​សមុទ្រ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ស្រុះ​គ្នា។ លោក​បន្ត​ថា ម្ចាស់​កម្មសិទ្ធិ​ដី​ចំណី​ឆ្នេរ​សមុទ្រ​ដែល​គ្មាន​ការ​អភិវឌ្ឍ​ទាំងអស់ ត្រូវ​រុះរើ​របង ឬ​របាំង​ដែក​ហ៊ុមព័ទ្ធ​ដី​ជាប់​មាត់​សមុទ្រ​ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​ផ្តល់​ជូន​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​អាច​មើល​ឃើញ​ទឹក​សមុទ្រ។

លោក​អភិបាល​ខេត្ត​បន្ត​ថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ខេត្ត​បាន​ចាប់​ផ្តើម​រុះរើ​របាំង​ដែក​នៅ​ឆ្នេរ​ជ័យ​ជម្នះ មាន​ទីតាំង​នៅ​ពី​មុខ​សាលា​ខេត្ត និង​កាត់​ស្មៅ​សម្អាត អាច​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីតាំង​នេះ​មើល​ឃើញ​ទឹក​សមុទ្រ​ពី​ចម្ងាយ៖ «ការ​រុះរើ​របាំង​ដែក​នៅ​មុខ​សាលា​ខេត្ត​នេះ គឺ​មិន​មែន​រុះរើ​រឹប​អូស​យក​ដី​នោះ​ទេ។ ដី​តំបន់​នេះ​គេ​មាន​ប្លង់​កម្មសិទ្ធិ​អស់​ទៅ​ហើយ ហើយ​ខ្ញុំ​មិន​អាច​ទៅ​រំលោភ​ច្បាប់​នេះ​បាន​ទេ គឺ​គ្រាន់​តែ​បើក​របង​ដែក​ដើម្បី​ឲ្យ​មាន​សោភណភាព​ឆ្នេរ​ជាង​មុន ជាពិសេស​អាច​ឲ្យ​បង​ប្អូន ឬ​ភ្ញៀវ​ទេសចរ​អាច​មើល​ឃើញ​មាត់​សមុទ្រ​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​នេះ»

ត្រង់​ចំណុច​នេះ លោក យន្ត មីន បាន​ស្នើ​ដល់​ម្ចាស់​កម្មសិទ្ធិ​ដី​ជាប់​មាត់​សមុទ្រ​ដែល​ហ៊ុមព័ទ្ធ​របាំង​ដែក ឬ​របង​ថ្ម​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ ត្រូវ​ចូលរួម​សម្អាត​បរិស្ថាន​ឆ្នេរ ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ បាន​ច្រើន​ថែម​ទៀត៖ «យុទ្ធនាការ​នេះ​គ្រាន់​តែ​ខ្ញុំ​សុំ​ឲ្យ​ម្ចាស់​ដី បើក​របាំង​ដែក​ហ៊ុមព័ទ្ធ​ដី​ឆ្នេរ​សមុទ្រ​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ ដើម្បី​បាន​ឲ្យ​បង​ប្អូន​មើល​ឃើញ​ឆ្នេរ​សមុទ្រ និង​កាត់​ស្មៅ​សម្អាត​បរិស្ថាន​ឆ្នេរ​ឲ្យ​មាន​សោភណភាព​ឡើង​វិញ។ សកម្មភាព​នេះ នឹង​បន្ត​អនុវត្ត​នៅ​តាម​ទីតាំង​ច្រើន​កន្លែង​ទៀត​នា​ថ្ងៃ​ខាង​មុខ»

ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ និង​មន្ត្រី​រាជការ​ផ្សេង​ទៀត​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​មុខ​សាលា​ខេត្ត កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​វិច្ឆិកា បាន​គាំទ្រ​ការ​រុះរើ​របង​ដែក​ហ៊ុមព័ទ្ធ​ដី​ឆ្នេរ​ជ័យ​ជម្នះ ដែល​គេ​ព័ទ្ធ​របង​ដែក​ទុក​ចោល​អស់​ជាច្រើន​ឆ្នាំ​មក​នេះ។ ប្រជាពលរដ្ឋ ក៏​បាន​សំណូមពរ​ដល់​ថ្នាក់​ដឹក​នាំ ត្រូវ​បន្ត​សកម្មភាព​រុះរើ​របង​ដែក​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ​ឲ្យ​បាន​ច្រើន​ទីតាំង​ទៀត ដើម្បី​ផ្តល់​ជូន​ពលរដ្ឋ ឬ​ទេសចរ​អាច​ចេញ​ចូល​ទៅ​កម្សាន្ត​ឲ្យ​បាន​ទូលំទូលាយ​ដូច​ពេល​មុន៖ «បង​ប្អូន​ប្រជាពលរដ្ឋ មន្ត្រី​រាជការ និង​មន្ត្រី​សង្គម​ស៊ីវិល​ភាគ​ច្រើន​នា​ខេត្ត​ព្រះសីហនុ បាន​គាំទ្រ​ការ​រុះរើ​របាំង​ដែក​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ​មួយ​ចំនួន ដែល​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​អនុវត្ត​ពេល​នេះ។ អាណត្តិ​ដឹក​នាំ​របស់​អភិបាល​ខេត្ត​មុនៗ គឺ​មិន​បាន​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ អាច​ឲ្យ​ពលរដ្ឋ​មើល​ឃើញ​ឆ្នេរ​សមុទ្រ​នោះ​ទេ»

ដូច​គ្នា​នេះ​ដែរ លោក ប៊ួន ណារិទ្ធិ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ គាំទ្រ​សកម្មភាព​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ដែល​មាន​វិធានការ​ចុះ​រុះរើ​របង​ដែក ឬ​ថ្ម ហ៊ុមព័ទ្ធ​ឆ្នេរ​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ ដើម្បី​រក្សា​សោភណភាព​ឆ្នេរ​ពេល​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ក៏​ទទូច​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ ត្រូវ​សុំ​គោលការណ៍​ពី​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ដើម្បី​ឈាន​ដល់​ដក​ហូត​ដី​ចំណី​ឆ្នេរ​សមុទ្រ​ពី​ឯកជន ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​អភិវឌ្ឍ​បម្រើ​វិស័យ​ទេសចរណ៍​ឲ្យ​បាន​ទូលំទូលាយ៖ «ខ្ញុំ​គាំទ្រ​សកម្មភាព​លោក​អភិបាល​ខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន ដែល​បាន​បើក​របង​ដែក​ហ៊ុមព័ទ្ធ​ឆ្នេរ និង​ការ​សម្អាត​បរិស្ថាន​មាត់​សមុទ្រ​បាន​ទូលំទូលាយ​ឡើង​វិញ។ សកម្មភាព​នេះ​ជា​ការ​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​នា​ពេល​ខាង​មុខ។ កន្លង​មក​នេះ ភ្ញៀវ​ទេសចរ​តែង​រអ៊ូរទាំ​ថា ធ្វើ​ដំណើរ​មក​ដល់​ខេត្ត​ព្រះសីហនុ ហើយ ប៉ុន្តែ​ជិះ​ដើរ​មើល​សមុទ្រ​មិន​មាន​ឆ្នេរ​សម្រាប់​ចូល​កម្សាន្ត​ទេ ព្រោះ​ត្រូវ​ឈ្មួញ ឬ​ឯកជន​ហ៊ុមព័ទ្ធ​របង​ថ្ម និង​ដែក​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ និង​មិន​អាច​ដើរ​ឆ្លង​កាត់​បាន​ទេ​ពេល​នេះ»

ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា សរុប​មាន​ប្រវែង ៤៤០​គីឡូ​ម៉ែត្រ។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរ​សមុទ្រ រួម​មាន ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប។ ខេត្ត​ទាំង ៤​នេះ បាន​ដាក់​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្រស់​ស្អាត​បំផុត​នៅ​លើ​សកលលោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេហ្គាល់ (Senegal)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។