ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ត្អូញត្អែរ​ពី​បញ្ហា​សុខភាព​ដោយ​សារ​ឡាន​ដឹក​ដី​ជ្រុះ​ដី​តាម​ផ្លូវ

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ រិះគន់​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​នេះ ថា​មិន​អើពើ​ដោះស្រាយ​កង្វល់​របស់​ពលរដ្ឋ ទាក់ទង​នឹង​ឡាន​ធ្វើ​អាជីវកម្ម​ដឹក​ដី​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ មិន​គ្រប​ដំបូល​ត្រឹមត្រូវ ធ្វើ​ឲ្យ​ជ្រុះ​អាចម៍​ដី​ប៉ះពាល់​ដល់​សុខភាព និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ។

អ្នក​ភូមិ​អះអាង​ថា ពួក​គាត់​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​សង្កាត់​ដោះស្រាយ​បញ្ហា​នេះ តែ​រហូត​មក​ទល់​ពេល​នេះ ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត អំពាវនាវ​អភិបាល​ក្រុង និង​មន្ត្រី​ពាក់ព័ន្ធ ចាត់​វិធានការ​ទៅ​លើ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​ដី ឲ្យ​បញ្ឈប់​សកម្មភាព​ដឹក​ដី​អនាធិបតេយ្យ​តាម​ដង​ផ្លូវ​បន្ត​ទៀត ពីព្រោះ​ថា ក្រុមហ៊ុន​ឡាន​ដឹក​ដី​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ដោយ​មិន​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ឡើយ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្លែង​នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​ដី​លក់ តែ​ពុំ​ដឹង​ឈ្មោះ​ក្រុមហ៊ុន​អ្វី​ពិត​ប្រាកដ​នោះ​ទេ បាន​ដឹក​អាចម៍​ដី​ជ្រុះ​តាម​ដង​ផ្លូវ​យ៉ាង​អនាធិបតេយ្យ​ប្រមាណ ៥០០​ម៉ែត្រ នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៥ នៃ​សាលា​បឋម​សិក្សា​និមិត្ត​២ សង្កាត់​និមិត្ត ដោយ​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ​ពី​សំណាក់​ម្ចាស់​រថយន្ត​ឡើយ។ អ្នក​ភូមិ​អះអាង​ថា ការ​ដឹក​ដី​នេះ​នៅ​ពេល​រថយន្ត​ឆ្លង​កាត់​ម្ដងៗ ដី​ហុយ​ខ្លាំង​មើល​ផ្លូវ​ស្ទើរ​មិន​ឃើញ និង​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ។ អ្នក​ភូមិ​បន្ត​ថា អាជ្ញាធរ​សង្កាត់​បាន​ដឹង​បញ្ហា​នេះ​ដែរ ប៉ុន្តែ​គ្មាន​វិធានការ​ទប់ស្កាត់​នោះ​ទេ៖ «បើ​សិន​ជា​ក្រុមហ៊ុន​ដឹក​ដី​បោស​សម្អាត​ថ្នល់​ឲ្យ​បាន​ស្អាត​នោះ មិន​អី​ទេ តែ​ក្រុមហ៊ុន​មិន​បាន​សម្អាត​ផ្លូវ​ដែល​ខ្លួន​ដឹក​ដី​នោះ​ឲ្យ​បាន​ស្អាត​ឡើយ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​អាចម៍​ដី​ដែល​ជ្រុះ​ពី​លើ​រថយន្ត​ហុយ​ពិបាក​ដក​ដង្ហើម​ណាស់»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ចៅ​សង្កាត់​រង​ទី​១ សង្កាត់​និមិត្ត លោក ម៉ក់ ដារិទ្ធ ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ឡាន​ធ្វើ​អាជីវកម្ម​ដឹក​ដី ពិត​ជា​បាន​បង្ក​ការ​លំបាក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​និមិត្ត ប្រាកដ​មែន។ លោក​អះអាង​ថា បញ្ហា​នេះ​លោក​ធ្លាប់​លើក​ឡើង​នៅ​ក្នុង​អង្គ​ប្រជុំ​ក្រុម​ប្រឹក្សា​សង្កាត់ ដើម្បី​ឲ្យ​ចៅ​សង្កាត់​ចាត់​វិធានការ​ទៅ​លើ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​ដី​ទាំង​នោះ​ដែរ តែ​ពុំ​ទទួល​បាន​លទ្ធផល៖ «បាទ! ខ្ញុំ​នឹង​ព្យាយាម​ទាក់ទង​សហការ​ជាមួយ​លោក​ចៅ​សង្កាត់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ​បន្ត​ទៀត»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ឡាន​ដឹក​ដី​ជ្រុះ​តាម​ដង​ផ្លូវ​បង្ក​ផល​លំបាក​ដល់​ប្រជាពលរដ្ឋ​នេះ កើត​មាន​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ខេត្ត​បន្ទាយមានជ័យ ជាពិសេស​នៅ​ផ្លូវ​ជាតិ​សំខាន់ៗ ដូចជា ផ្លូវ​ពី​ស្រុក​ស្វាយចេក ទៅ​ក្រុង​សិរីសោភ័ណ និង​ផ្លូវ​ក្រុង​សិរីសោភ័ណ ទៅ​ក្រុង​ប៉ោយប៉ែត ជាដើម។ លោក​អះអាង​ថា ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ដោយសារ​បញ្ហា​នេះ​ទាំង​រដូវ​ប្រាំង និង​រដូវ​វស្សា ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​គ្មាន​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ៖ «ខ្ញុំ​គិត​ថា អាជ្ញាធរ​គួរ​តែ​ពិនិត្យ​មើល​បញ្ហា​នេះ​ផង កុំ​ចេះ​តែ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ធ្វើ​អាជីវកម្ម​ដឹក​ដី ធ្វើ​ឲ្យ​ខូច​បរិស្ថាន និង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្លាំង​ពេក»

លោក ស៊ុំ ច័ន្ទគា អះអាង​ថា អាជ្ញាធរ​អាច​ដោះស្រាយ​សម្រួល​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​បាន ប្រសិន​បើ​អាជ្ញាធរ​ដាក់​ពិន័យ​តឹងរ៉ឹង​ដល់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​ដី​ទាំង​នោះ ឲ្យ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់។ បើ​ពុំ​ដូច្នោះ​ទេ សកម្មភាព​បែប​នេះ​នឹង​កើត​មាន​ត​ទៅ​មុខ​ទៀត​ជា​ពុំ​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។