នាយករដ្ឋមន្ត្រី​រុស៊្សី​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​៣​ថ្ងៃ

នាយករដ្ឋមន្ត្រី​ប្រទេស​រុស៊្សី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា រយៈពេល ៣​ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២២ ដល់ ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា ទស្សនកិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់រុស៊្សី នៅ​ពេល​នេះ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​នូវ​ចំណងទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ។

​តាម​គម្រោង លោក ឌីមីទ្រី មេដវេដេវ នឹង​មាន​ជំនួប​សម​ភាគី​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅ​ក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរ​រំពឹង​ថា ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ស្ដីពី​នយោបាយ សេដ្ឋកិច្ច និង​សារព័ត៌មាន។

កិច្ច​ព្រមព្រៀង​នយោបាយ​នឹង​ផ្ដោត​ជា​សំខាន់​លើ​កិច្ច​សហការ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​រួបរួម​រុស៊្សី។ ចំណែក​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច ផ្ដោត​ជា​ចម្បង​លើ​ការ​កម្ចាត់​សកម្មភាព​លាង​លុយ​កង្វក់ និង​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ការ​សម្រួល​វិនិយោគទុន។

ភាគី​ទាំង​ពីរ​ក៏​រំពឹង​ថា នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ទីភ្នាក់ងារ​សារព័ត៌មាន​របស់​កម្ពុជា និង​របស់​​រុស៊្សី ផង​ដែរ។ នៅ​ចុង​បញ្ចប់​នៃ​ទស្សនកិច្ច​នេះ លោក ឌីមីទ្រី មេដវេដេវ នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀមរាប ដើម្បី​ទស្សនា​ប្រាសាទ​អង្គរវត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។