តំណាងរាស្រ្តCNRP ប្រកាសមិនចូលប្រជុំ រដ្ឋសភា ទាល់តែមាន ដំណោះស្រាយ លើថ្នាក់ដឹកនាំខ្លួន

ភ្នំពេញ ៖ ក្រោយពីបញ្ចប់ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ របស់គណបក្ស សង្រ្គោះជាតិ រួចមក លោក អេង ឆៃអៀង បានលើកឡើងថា តំណាងរាស្រ្តទាំងអស់ នឹងមិនចូលរដ្ឋសភាឡើយ រហូតមានដំណោះ ស្រាយមក លើប្រធានគណបក្ស លោក សម រង្ស៊ី  អនុប្រធាន លោក កឹម សុខា  និងតំណាងរាស្រ្ត ទាំងពីរ ដែលរងគ្រោះដោយជនមិនស្គាល់ វាយឲ្យរងរបួសនាពេលកន្លងមក។

តំណាងរាស្រ្តរូបនេះ បានប្រៀបធៀប ករណីរឿងរ៉ាវ កើតមានឡើងលើបក្សខ្លួនទៅ រថភ្លើងថា ក្បាលរទេះភ្លើង ត្រូវគេកាត់ចោលហើយ មានន័យថា ក្បាលទៅណាកន្ទុយ ក៏ទៅតាមដែរ ទាល់តែមានដំណោះ ស្រាយឲ្យមាន ការភ្ជាប់ក្បាលរទេះភ្លើងមកវិញសិន ទើបអាចចូលសភាវិញបានពេញលេញ។ នេះពាក្យសំដីរបស់លោក ថ្លែង ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ក្រោយបញ្ចប់កិច្ចប្រជុំ។

លោកបញ្ជាក់ថា “ក្បាលមួយគេដកបុព្វសិទ្ធិ និងសិទ្ធិបាត់ហើយ ចំណែកក្បាលមួយទៀត គេដកតួនាទីបាត់ ហើយ ចឹងសល់តែកន្ទុយ ចឹងកន្ទុយត្រូវរង់ចាំមើលសិន រង់ចាំឲ្យមានដំណោះស្រាយនយោបាយមួយ សមរម្យ សមស្រប ដែលធានាពីស្ថេរភាព ពីការងារ ដល់អ្នកតំណាងរាស្រ្តកុំឲ្យមានការភ័យខ្លាច  អាហ្នឹងបានយើងអាច ទៅបំពេញការងាររបស់យើងឲ្យបានត្រឹមត្រូវ ។ ខ្ញុំចង់ឲ្យមានការភ្ជាប់ក្បាលទៅនឹងកន្ទុយឲ្យបានត្រឹមត្រូវ ព្រោះរឿងនេះមិនធម្មតាទេ ក្នុងសភាខ្មែរយើង គណបក្សមានតែ២ទេ គឺគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា” ។

លោកបន្ថែមថា “បើតំណាងរាស្រ្តមួយបក្សដែលតំណាងឲ្យ ពលរដ្ឋពាក់កណ្តាលនគរ ត្រូវបានគេ ក្បាលចោលនោះ យើងសុំឲ្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចត្រូវថ្លឹងថ្លែងឡើងវិញ ព្រោះយើងទាំងអស់គ្នាបានប្តេជ្ញាគោរពលទ្ធិប្រជាធបតេយ្យសេរីពហុបក្ស ដែលមានន័យថា បក្សច្រើន ប៉ុន្តែឥឡូវនេះ មានតែកន្ទុយ ចឹងបក្សអត់មានក្បាលបក្ស នេះជាបញ្ហា”។

លោកបន្តថា រឿងរ៉ាវដែលបានកើតឡើងនៅក្នុងរយៈពេលជាង២០ថ្ងៃកន្លងមកនេះ គឺជារឿងនយោបាយ សុទ្ធសាធ មិនមែនរឿងរ៉ាវកើតឡើងតាមផ្លូវច្បាប់ឡើយ ហេតុនេះ ដើម្បីឲ្យបញ្ហាបានស្ងប់ស្ងាត់ទៅវិញ មានតែដោះស្រាយតាមផ្នែកនយោបាយប៉ុណ្ណោះ។

លោកបង្ហើបថា ដើម្បីឲ្យមានដំណោះស្រាយគ្មានអ្វីសំខាន់ជាងការជួបចរចាគ្នានោះទេ។

សូមបញ្ជាក់ថា  កាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ តុលាការក្រុងភ្នំពេញបាន ចេញដីកាឱ្យចាប់ខ្លួនលោក សម រង្ស៊ី ដោយអនុវត្តទៅតាមសាលក្រម និងសាលដីការបស់តុលាការ ពាក់ព័ន្ធនឹងបទ «បរិហាកេរ្តិ៍សាធារណៈ និងញុះញង់ ឲ្យមានការរើសអើង» ទៅលើលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលប្រព្រឹត្តនៅសារ មន្ទីរជើងឯក សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨៕