ចាំង​ភ្លើង​រថយន្ត​មើល​ខាង​មុខ​មិនឃើញ យុវជន​ម្នាក់​ជិះ​ម៉ូតូ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​ស្លាប់

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ថ្លុកឈាម​ដោយ​បើក​ម៉ូតូ​ទៅ​គោ​យន្ត​កន្ត្រៃ​ពីក្រោយ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចម្ងាយ​ប្រហែល​៤០០​ម៉ែត្រ ខាងកើត​ស្ពាន​ទី​១ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ តាំង ស៊ីវ​ថុ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ប.មានជ័យ 1H-0362 ។ ចំណែកឯ​អ្នក​បើក​គោ​យន្ត​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ក្រោយ​ពេល​កើតហេតុ​បាន​បើក​គោ​យន្ត​រត់គេច​ខ្លួន​បាត់​ស្រមោលតែ​ម្តង ។

លោក​វរសេនីយ៍ត្រី សួន នី​ប៉ូ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ដំបូង​មាន​គោ​យន្ត​កន្ត្រៃ​១​គ្រឿង​បាន​បើក​ពី​លិចទៅ​កើត ដោយ​គ្មាន​ភ្លើង​បំភ្លឺ​ពីក្រោយ ពេល​ដល់​ចំណុច​កើតហេតុ ម៉ូតូ​ជន​រង​គ្រោះ​បាន​បើក​ក្នុង​ល្បឿន​លឿន ដោយ​ចាំង​ភ្លើង​រថយន្ត​មើល​ឧបសគ្គ​ខាង​មុខ​មិនឃើញ ក៏​ជ្រុល​បុក​គោ​យន្ត​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ផ្លោង​ខ្ទាត​បោក​ក្បាល​នឹង​ថ្នល់​បែកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម ។ ចំណែក​គោ​យន្ត ​ក្រោយ​ពី​កើតហេតុ​បាន​បើក​គេចខ្លួន​បាត់ ។ ករណី​នេះ សមត្ថកិច្ច​កំពុង​ដាក់​កម្លាំង​ស្រាវជ្រាវ​រកគោ​យន្ត​នោះ​ដើម្បី​នាំ​យក​មក​កាន់​ការិយាល័យ​ដោះស្រាយ​ទៅ​តាម​ច្បាប់ ។

ទាក់ទិន​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​ដែល​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់​នេះ ប្រជាពលរដ្ឋ​បាន​និយាយ​ថា កាលពី​លោកនាយ​ការិយាល័យ​នគរ​បាល​ចរាចរណ៍​ចាស់ នៅ​ពេល​សិស្សានុសិស្ស​ចូល​កង​រៀនសូត្រ គេ​តែង​ឃើញ​មាន​នគរបាល​ចរាចរណ៍​ចុះ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​គ្រប់​សាលារៀន ចាប់ពី​សាលា​បឋម​សិក្សា​ដល់​គ្រឹះស្ថានសិក្សា តែ​ដល់​នាយការិយាល័យ​ថ្មី​នេះ ហាក់ដូចជា​មិនសូវ​ជា​យកចិត្តទុកដាក់​ក្នុង​ការ​ចុះ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ទៅ​តាម​បណ្តា​សាលារៀន​ ក៏​ដូច​ជា​តាម​បណ្តា​មូលដ្ឋាន​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ជ្រាប​កាន់តែ​ច្បាស់​ពី​ច្បាប់​ចរាចរណ៍ ឬ​ក៏​ចាំ​ដល់​ឆ្នាំ​២០១៦ ធ្វើ​ផាកពិន័យ​តែ​ម្តង? ពិសេស​លើ​បញ្ហា​គោ​យន្ត​កន្ត្រៃ គួរតែ​ជំរុញ​ឲ្យ​អ្នក​កែ​ច្នៃ​រ៉ឺ​ម៉ក​នោះ​ត្រូវ​មាន​ដាក់​ចំណាំងផ្លាត ឬត​អំ​ពូ​ល​ភ្លើង​ជា​ស្រេច​តែ​ម្តង ព្រោះ​ភាគ​ច្រើ​គឺ​ប៉ុន្មាន​ថ្ងៃនេះ​ឃើញ​តែ​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​គឺ​បុក​គោ​យន្ត​កន្ត្រៃ​នេះ​តែ​ម្តង ៕